
មន្ត្រីជំនាញអំពាវនាវពលរដ្ឋត្រូវគិតឱ្យបានហ្មត់ចត់មុនបង្ហោះ ឬចែករំលែកព័ត៌មានពីកងទ័ពដែលគ្មានប្រភពច្បាស់លាស់!
សេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយព័ត៌មាន រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមទទូចដល់សាធារណជនឱ្យពិចារណាគិតឱ្យបានហ្មត់ចត់មុននឹងបង្ហោះ ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែន មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង។ ព័ត៌មានទាំងនោះរួមមាន៖ កងទ័ពបានដាច់ស្បៀង កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន ការចល័តទ័ព ការត្រៀមសព្វាវុធធុនធ្ងន់ លើសពីនេះ ការបង្ហោះព័ត៌មានទាក់ទងនឹងជនសង្ស័យដែលជាចារកិច្ចរបស់សត្រូវ បានបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ។ បែបនេះអាចធ្វើឱ្យសត្រូវដឹងពីការចាប់បាននៃចារកិច្ចរបស់គេ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។ នាយកដ្ឋានសង្កត់ធ្ងន់ថា សាធារណជនគួរជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការតែប៉ុណ្ណោះ។ ព័ត៌មានមួយចំនួន ដូចជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។…





