សេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយព័ត៌មាន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមទទូចដល់សាធារណជនឱ្យពិចារណាគិតឱ្យបានហ្មត់ចត់មុននឹងបង្ហោះ ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែន មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង។ ព័ត៌មានទាំងនោះរួមមាន៖
- កងទ័ពបានដាច់ស្បៀង
- កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន
- ការចល័តទ័ព
- ការត្រៀមសព្វាវុធធុនធ្ងន់
លើសពីនេះ ការបង្ហោះព័ត៌មានទាក់ទងនឹងជនសង្ស័យដែលជាចារកិច្ចរបស់សត្រូវ បានបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ។ បែបនេះអាចធ្វើឱ្យសត្រូវដឹងពីការចាប់បាននៃចារកិច្ចរបស់គេ ដែលប៉ះពាល់ដល់សន្តិសុខជាតិ។
នាយកដ្ឋានសង្កត់ធ្ងន់ថា សាធារណជនគួរជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការតែប៉ុណ្ណោះ។ ព័ត៌មានមួយចំនួន ដូចជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយ។ ការរឹតបន្តឹងការផ្សព្វផ្សាយព័ត៌មានទាំងនេះ គឺដើម្បីធានាសុវត្ថិភាពកងកម្លាំង និងសន្តិសុខជាតិទាំងមូល។
សូមសាធារណជនចូលរួមសហការដើម្បីការពារសន្តិសុខជាតិ និងជៀសវាងការចែករំលែកព័ត៌មានដែលអាចបង្កគ្រោះថ្នាក់។