
តើមានអ្នកដឹងទេថា ទំនាក់ទំនងដ៏ស្អិតល្មួតរវាង កម្ពុជា និងចិន មានលក្ខណៈបែបណា និងតាំងពីពេលណា?
ទំនាក់ទំនងរវាងរាជវង្សខ្មែរនិងរដ្ឋាភិបាលចិន មានភាពស្អិតល្មួតល្អណាស់ បើប្រៀបធៀបជាមួយបណ្ដារាជវង្សប្រទេសដទៃទៀត នាសតវត្សរ៍ទី២០ និង២១ នេះ។ ទំនាក់ទំនងល្អនេះបានលេចជារូបរាងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះពោល គឺនៅក្នុងរជ្ជកាលទី១ នៃអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ។ ចាប់តាំងពីពេលនោះមក ទោះបីជាមានការផ្លាស់ប្ដូររបបនយោបាយឬមេដឹកនាំយ៉ាងណាក្ដី ទំនាក់ទំនងនេះនៅតែបន្តពូនជ្រំរហូតមកដល់ពេលសព្វថ្ងៃនេះ។ គ្រាដំបូងដែលនាំដល់ទំនាក់ទំនងជិតស្និទ្ធរវាងរាជវង្សខ្មែរនិងចិន គឺនៅពេលដែលអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ទ្រង់ជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីចិនលោក ជូ អេនឡាយ នៅឯសន្និសីទទីក្រុង បានឌុង ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ១៩៥៥ ។ ជំនួបនោះហើយដែលឈានដល់ការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ដែលពេលនេះមានរយៈពេល៥៨ឆ្នាំមកហើយ។ ជំនួបនៅទីក្រុងបានឌុងត្រូវបានគេចាត់ទុកជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងរវាងកម្ពុជានិងចិនកុម្មុយនីស្ត តែអ្វីដែលកាន់តែពិសេសនោះគឺ វាក៏ជាដំណាក់កាលជិតស្និទ្ធរវាងរាជវង្សខ្មែរនិងចិនដែរ។ រយៈដប់ខែក្រោយជំនួបនៅបានឌុង សម្ដេចព្រះ នរោត្តម…











