
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! ទោះខឹងយ៉ាងណា ក៏កុំខឹងឱ្យលើសពី៥នាទី
#ខឹងមិនលើស៥នាទី ជាធម្មតាទេសម្រាប់មនុស្សទូទៅដែលបម្រើការងារឱ្យគេ តែងតែជួបប្រទះនូវរឿងរាប់មិនអស់ មិនថារឿងល្អ ឬរឿងអាក្រក់ឡើយ។ ដោយឡែក ចំពោះបុគ្គលិកដែលបម្រើការងារថ្នាក់ទាបតែងតែប្រឈរមុខគ្រប់យ៉ាងជាមួយនឹងបុគ្គលិកថ្នាក់ខ្ពស់ជារឿងធម្មតា។ កំហុសនរណាក៏ធ្លាប់មានដែរ តែចូរធ្វើឱ្យកំហុសនោះរួមតូចទៅៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ មនុស្សម្នាក់ៗតែងតែចង់ធ្វើខ្លួនឱ្យមានភាពល្អប្រសើរ ចៀសវាងរាល់គ្រប់កំហុសឆ្គង រឿងអាក្រក់តូចធំក្ដី តែវាមិនអាចគេចផុតរហូតមួយជីវិតយើងទេ។ ខ្ញុំសូមចែករំលែករឿងខ្ញុំបន្ដិច! ខ្ញុំជាថៅកែម្នាក់ ជាថ្នាក់ដឹកនាំម្នាក់ ជាអ្នកអប់រំម្នាក់ តែងតែមើលឃើញនូវរាល់កំហុសឆ្គងរបស់បុគ្គលិកខ្ញុំមិនថាបុគ្គលិកថ្នាក់តូចថ្នាក់ធំទេ ហើយកំហុសទាំងអស់នោះហើយ ធ្វើឱ្យខ្ញុំខ្លួនឯងមានកំហឹងក្នុងខ្លួន តែកំហឹងនោះវាមិនអាចនៅក្នុងខ្លួនខ្ញុំបានយូរទេ យ៉ាងច្រើនបំផុត៥នាទីប៉ុណ្ណោះ វានឹងរសាយបាត់ទៅវិញ។ ព្រោះថា នៅពេលខ្ញុំសម្រេចកំហុសមនុស្សដោយយកកំហឹងមកសម្រេច វានឹងធ្វើឱ្យខ្ញុំនេះមានកំហុសឆ្គងទៅតាមហ្នឹងដែរ។ ការដោះស្រាយដោយប្រើកំហឹងមិនអាចមានរឿងល្អកើតឡើងបានទេ តែបើការដោះស្រាយចេះទប់កំហឹង យកសតិបញ្ញាញាណមកត្រិះរិះពិចារណានូវរាល់កំហុសរបស់គេដែលបានសាងមកនោះ ទើបអាចដឹងពីឫសគល់ច្បាស់លាស់នៃកំហុស ហើយអាចដោះស្រាយបានដោយកើតចេញនូវរឿងល្អវិញក៏អាចថាបានដែរ។…











