
ព្រះបាទសូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ
នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រខ្មែរមួយអង្គ ដែលជាអ្នកផ្ដួចផ្ដើមសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញ និងជានិមិត្តរូបនៃប្រទេសកម្ពុជា គឺ ព្រះបាទសូរ្យវរ្ម័នទី២។ ព្រះអង្គឡើងគ្រងរាជ្យនៅដើមសតវត្សទី១២ បន្ទាប់ពីបានធ្វើគត់ព្រះរាជាពីរអង្គ ដែលសោយរាជ្យមុនព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-ឆ្នាំ១១៥០) ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាព្រះហស្ដដ៏សំខាន់ជាងគេក្នុងរាជ្យរបស់ព្រះអង្គ គឺការដឹកនាំស្ថាបនាប្រាសាទអង្គរវត្តដ៏ល្អគ្មានពីរនៅលើពិភពលោកយើងនេះ។…




















