
ដំណឹងល្អ! សម្តេចតេជោ ហ៊ុនសែន ត្រៀមបម្រុងថវិកាទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ឱ្យប្រជាជនកម្ពុជាដោយឥតគិតថ្លៃ
យោងតាមការបង្ហោះសារដ៏មានខ្លឹមសារ តាមរយៈគេហទំព័រផ្លូវការរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី ០៧ ធ្នូ ២០២០ ដូចតទៅ ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើង «ដោយឥតគិតថ្លៃ» ជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។…











