មានពាក្យខ្លះដែលមើលទៅដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែអាចធ្វើឲ្យយើងវេទនាពេញមួយជីវិត។ ដូនតារបស់យើងបានបង្រៀនយើងនូវបម្រាមចំនួន៤នៅក្នុងការនិយាយ ជៀសវាងនាំមកនូវគ្រោះមហន្តរាយមកលើខ្លួនឯង។

១.កុំនិយាយអាក្រក់ពីមនុស្សនៅពីក្រោយខ្នង
មនុស្សដែលនិយាយដើមគេពីក្រោយខ្នង តែងតែគិតថាគ្មាននរណាម្នាក់ដឹងពីអ្វីដែលពួកគេនិយាយនោះទេ ប៉ុន្តែគ្មានអ្វីនៅលើលោកនេះនៅតែជាអាថ៌កំបាំងជារៀងរហូត។ ពេលរកឃើញ អ្នកមិនត្រឹមតែបាត់បង់ការទុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចបំផ្លាញទំនាក់ទំនងដែរ។ ការនិយាយដើមប្រៀបដូចជាភ្លើងឆេះរាលដាលទៅហើយ ពិបាកនឹងពន្លត់ដោយបន្សល់ទុកនូវផលវិបាកយ៉ាងយូរអង្វែង។
ជាងនេះទៅទៀត ការនិយាយអាក្រក់ពីអ្នកដទៃ ក៏ជាការបង្ហាញឱ្យឃើញពីព្រលឹងដែលមិនចេះអត់ធ្មត់ផងដែរ។ អ្នកគួរតែជ្រើសរើសនៅស្ងៀមជាជាងនិយាយពាក្យជូរចត់ ព្រោះការនិយាយអាក្រក់ពីអ្នកដទៃពិតជាធ្វើឲ្យអ្នកបាត់បង់តម្លៃរបស់ខ្លួន។

២.កុំប្រញាប់វិនិច្ឆ័យដោយមិនយល់ពីស្ថានការណ៍ឲ្យបានច្បាស់
យើងតែងតែត្រូវបានដឹកនាំដោយអារម្មណ៍ ឬ ចំណាប់អារម្មណ៍ដំបូង។ ប៉ុន្តែជីវិតគឺចម្រុះពណ៌ មនុស្សម្នាក់ៗទាល់តែចេះយកចិត្តគេដាក់ចិត្តឯង ទើបយើងអាចយល់ពីរឿងគ្រប់យ៉ាងដែលកើតឡើង។ ការវិនិច្ឆ័យដោយមិនបានគិតអាចធ្វើអោយអ្នកដទៃមានអារម្មណ៍មិនល្អ ថែមទាំងធ្វើឱ្យពួកគេឈឺចាប់យ៉ាងខ្លាំង ដោយយើងមិនដឹងខ្លួន។
បុគ្គលដែលមានភាពចាស់ទុំ មិនមែនជាអ្នកដែលចេះច្រើននោះទេ ប៉ុន្តែជាអ្នកដែលដឹងថាពេលណាត្រូវរក្សាភាពស្ងប់ស្ងាត់។ ពួកគេមិនរហ័សក្នុងការវិនិច្ឆ័យ ហើយមិនប្រើពាក្យជាអាវុធដើម្បីដាក់ទស្សនៈរបស់ខ្លួនទៅលើអ្នកដទៃនោះទេ។ ដូចដែលព្រះពុទ្ធធ្លាប់បានបង្រៀនថា “មុននឹងអ្នកនិយាយ ចូរឲ្យពាក្យរបស់អ្នកឆ្លងកាត់ទ្វារបី តើវាពិតទេ តើវាចាំបាច់ទេ តើវាមានប្រយោជន៍ឬអត់?

៣.កុំសន្យាបើធ្វើមិនបាន
ការសន្យាមិនមែនគ្រាន់តែជាសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្ត ចំណងនៃការជឿទុកចិត្ត និងកិត្តិយសរបស់មនុស្សម្នាក់ផងដែរ។ ប៉ុន្តែតាមការពិត មនុស្សជាច្រើនធ្លាប់ធ្វើការសន្យាយ៉ាងងាយស្រួល គ្រាន់តែចង់ផ្គាប់ចិត្តអ្នកស្តាប់មួយភ្លែត ដោយមិនគិតពីផលវិបាកនៅពេលក្រោយ។
មិត្តម្នាក់បានចែករំលែកថា “អ្វីដែលធ្វើឱ្យខ្ញុំឈឺចាប់មិនមែនថាពួកគេមិនអាចរក្សាការសន្យារបស់ពួកគេបានទេ ប៉ុន្តែពួកគេមិនដែលមានបំណងរក្សាការសន្យារបស់ពួកគេតាំងពីដំបូងឡើយ”។ សូមចងចាំថា ការរក្សាពាក្យសម្ដីរបស់អ្នកមិនត្រឹមតែរក្សាការទុកចិត្ដរបស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាតម្លៃរបស់អ្នកផងដែរ។

៤.កុំនិយាយពាក្យអាក្រក់ពេលខឹង
កំហឹងគឺជាពេលដែលហេតុផលងាយនឹងចាកចេញពីយើង។ ក្នុងពេលនោះ យើងអាចនិយាយរឿងដែលយើងមិនធ្លាប់គិតដល់ ហើយប្រហែលជានោះគឺជាកាំបិតដែលអាចកាត់ផ្តាច់ទំនាក់ទំនង ធ្វើឱ្យខូចចំណងស្នេហា ទំនាក់ទំនងគ្រួសារ ឬ បាត់បង់មិត្តភាពដ៏មានតម្លៃ។
យោងតាមអ្នកចិត្តសាស្រ្ត ជំនួសឱ្យការប្រតិកម្មភ្លាមៗពេលខឹង ចូររៀននៅស្ងៀម ដកដង្ហើមវែងៗ ហើយរង់ចាំឱ្យចិត្តស្ងប់សិនមុននឹងនិយាយ នោះទើបយើងអាចគិតបានគ្រប់ជ្រុងជ្រោយមុននឹងលើកឡើងនូវហេតុផលរបស់យើង៕

