ប្រសិនបើប្តីពិតជាស្រលាញ់ប្រពន្ធ គាត់នឹងចាត់ទុកអារម្មណ៍របស់ប្រពន្ធសំខាន់ស្មើនឹងអារម្មណ៍របស់គាត់ដូចគ្នា ជាពិសេសនៅពេលដែលប្រពន្ធមានបញ្ហា ហើយត្រូវការជំនួយ គាត់នឹងជួយប្រពន្ធអស់ពីចិត្ត។ នៅពេលដែលនរណាម្នាក់ពិតជាស្រលាញ់អ្នក ហើយចង់នៅជាមួយអ្នកអស់មួយជីវិត គាត់នឹងតែងតែប្រាប់អ្នកនូវប្រយោគទាំង ៤ ខាងក្រោមនេះ៖

១.ប្តីនិយាយថា «ទៅសម្រាកសិន ចាំបងធ្វើ»
បុរសខ្លះក្រោយពេលរៀបការ តែងតែមានគំនិតថា បុរសធ្វើកិច្ចការធំ ដូចជាសង់ផ្ទះ ទិញឡានជាដើម ខណៈដែលស្ត្រីត្រូវមើលថែការងារផ្ទះ និងកូន។ នោះហើយជាមូលហេតុដែលពួកគេមិនធ្វើកិច្ចការផ្ទះ។ ពេលត្រឡប់មកពីធ្វើការវិញក៏ដេកចាំប្រពន្ធហៅទៅហូបបាយល្ងាច។ ហូបបាយរួចក៏ដេកលេងហ្គេម លេងទូរស័ព្ទ ទុកប្រពន្ធឱ្យបោសសម្អាតរហូតដល់យប់ជ្រៅ ទោះជាប្រពន្ធក៏ទៅធ្វើការពេលថ្ងៃដូចគ្នាក៏ដោយ។
បុរសបែបនេះជាមនុស្សអាត្មានិយម និងមិនស្រឡាញ់ប្រពន្ធពិតប្រាកដនោះទេ។ ដោយសារតែបុរសស្រឡាញ់ប្រពន្ធកូន គាត់មិនដែលធ្វើឱ្យប្រពន្ធនឿយហត់ឡើយ ។ ពួកគេសុខចិត្តទុកឱ្យខ្លួននឿយហត់បន្តិច ហើយខ្វល់ខ្វាយច្រើនបន្តិច ជាជាងទុកឱ្យប្រពន្ធធ្វើការលំបាក និងរងទុក្ខតែម្នាក់ឯង។
ដូច្នេះហើយ គេនឹងជួយប្រពន្ធធ្វើការងារផ្ទះ ឬ ពេលឃើញប្រពន្ធនឿយហត់ និងមមាញឹកជាមួយការងារនៅក្រុមហ៊ុន ពួកគេនឹងនិយាយថា “ទៅសម្រាក/បញ្ចប់ការងារអូនទៅ ទុកអោយបងធ្វើ”។
២.ប្តីនិយាយថា « អូនឯងគេងបន្តិចទៀតទៅ មិនបាច់រៀបចំអាហារឱ្យបងទេ»
បុរសខ្លះចង់ឱ្យប្រពន្ធរបស់ពួកគេបម្រើអាហារពួកគេបីពេលក្នុងមួយថ្ងៃ។ ប៉ុន្តែពេលខ្លះស្ត្រីក៏ចង់សម្រាកអោយបានយូរ និងញុំាអាហារពេលព្រឹកស្រាប់ៗដូចគ្នា។
យ៉ាងណាមិញ បើប្ដីពិតជាស្រឡាញ់ប្រពន្ធ គាត់នឹងមិនចង់ឲ្យនាងក្រោកពីព្រលឹមដើម្បីធ្វើអាហារពេលព្រឹកឡើយ។ នៅពេលដែលគាត់ឃើញអ្នកចង់ក្រោក គាត់នឹងនិយាយថា “គេងបន្តិចទៀតទៅ ចាំបងអ្នកធ្វើអាហារពេលព្រឹកវិញ” រួចក៏ក្រោកទៅធ្វើអាហារពេលព្រឹកឱ្យប្រពន្ធគាត់ដោយស្ងាត់ស្ងៀម។ បុរសដែលតែងតែយកចិត្តប្រពន្ធបែបនេះ គឺជាបុរសដែលពិតជាចង់នៅជាមួយប្រពន្ធអស់មួយជីវិត។

៣.ប្តីនិយាយថា “កុំបារម្ភបងនៅទីនេះ”
បុរសដែលមិនស្រលាញ់អ្នក តែងតែព្រងើយកន្តើយនឹងកិច្ចការរបស់អ្នក។ មនុស្សបែបនេះគ្រាន់តែចង់នៅក្បែរអ្នកនៅពេលគាត់ត្រូវការអ្នក ហើយប្រសិនបើអ្នកមានបញ្ហាអ្វី គាត់នឹងមិនខ្វល់ ហើយប្រាប់អ្នកថាកុំរំខានគាត់។ មនុស្សទាំងនេះពិតជាអាត្មានិយម ស្រលាញ់តែខ្លួនឯង និងមិនស្រឡាញ់អ្នកទេ។
មនុស្សជាច្រើននិយាយថា “បើស្រឡាញ់នរណាម្នាក់ អ្នកក៏ត្រូវស្រឡាញ់គ្រប់យ៉ាងអំពីគេដែរ” ដូច្នេះប្រសិនបើគាត់ស្មោះត្រង់ជាមួយអ្នក នោះបុរសនោះប្រាកដជាខ្វល់ពីអ្នកគ្រប់បែបយ៉ាង។ ជាពិសេសនៅពេលដែលអ្នកមានបញ្ហា ហើយត្រូវការជំនួយ គាត់នឹងមករកអ្នក ហើយនិយាយថា “កុំបារម្ភ បងនឹងនៅទីនេះ”។

៤.ប្តីនិយាយថា “អូននិយាយត្រូវ បងនឹងស្តាប់អូន”
មនុស្សប្រុសដែលមិនស្រឡាញ់អ្នកនឹងគិតតែពីខ្លួនឯងដោយដាក់ការប្រាថ្នារបស់ខ្លួនលើសពីអ្វីទាំងអស់។ បុរសម្នាក់នេះមិនដែលគោរពយោបល់របស់អ្នកទេ គាត់គិតថាបើអ្នកស្រលាញ់គាត់ អ្នកគួរតែស្តាប់គាត់ ហើយផ្តល់តម្លៃ ធ្វើតាមគាត់គ្រប់បែបយ៉ាង។

បើបុរសស្រឡាញ់អ្នកពិត គាត់នឹងមិនប្រើស្នេហាបង្ខំអ្នកឱ្យស្រុះស្រួលឡើយ។ គាត់នឹងគោរពយោបល់របស់អ្នក ហើយពិចារណាពីអារម្មណ៍របស់អ្នកបន្ថែមទៀត។ ប្រសិនបើគំនិតរបស់អ្នកសមហេតុផល គាត់នឹងមិនស្ទាក់ស្ទើរក្នុងការសារភាពថា “អូននិយាយត្រូវ បងនឹងស្តាប់អូន”។ បន្ទាប់មក គាត់នឹងទៅជាមួយអ្នក ដើម្បីដោះស្រាយបញ្ហាលំបាកនោះ៕

