បើកូនរបស់អ្នកបង្ហាញសញ្ញា៣យ៉ាងដូចខាងក្រោមនេះ សូមរកវិធីកែប្រែពួកគេភ្លាម! ព្រោះនេះជាសញ្ញាមិនល្អ បង្ហើបប្រាប់ថាកូនរបស់អ្នកជាក្មេងខូច ធំឡើងនឹងពិបាកប្រដៅអោយដើរតាមគន្លងមនុស្សល្អណាស់។ ដូចពាក្យចាស់ពោលថាដំដែកទាន់នៅក្តៅ អប់រំណែនាំពួកគេទាន់នៅក្មេង ទើបមិនហួសពេល៖

១.មិនគោរពអ្នកដទៃ៖ កុមារដែលខូច ទំនងជាមិនគោរពចំពោះមនុស្សពេញវ័យ មិត្តភក្តិ ឬ សូម្បីតែបងប្អូនបង្កើត។ ដើម្បីទទួលស្គាល់រឿងនេះ មាតាបិតាអាចឃើញពួកគេបង្ហាញវាតាមរយៈការឈ្លោះប្រកែកគ្នា មិនស្តាប់ ឬ មានអាកប្បកិរិយាមិនសមរម្យដូចជាការស្រែក ឬ ការរំខានជាដើម។ ជាឧទាហរណ៍ កុមារអាចឆ្លើយតបទៅឪពុកម្ដាយដោយទឹកដមសំដី ឬ មិនអើពើនឹងពួកគេនៅពេលឪពុកម្តាយស្នើសុំឱ្យធ្វើអ្វីមួយ។ ប្រសិនបើកូនរបស់អ្នកបង្ហាញសញ្ញានេះ ឪពុកម្តាយគួរតែកែវាភ្លាម បើមិនដូច្នេះទេទុកយូរទៅ វានឹងកាន់តែពិបាក។

២.ជារឿយៗមានអាកប្បកិរិយាឈ្លានពាន៖ ក្នុងជីវិត កុមារឈ្លើយច្រើនតែបង្ហាញភាពឆេវឆាវតាមរយៈពាក្យសំដី ឬ សកម្មភាព ដូចជាវាយមិត្តភ័ក្តិ បោះរបស់របរ ឬ ងាយខឹងនៅពេលធ្វើអ្វីមួយមិនបានសម្រេច។ អាកប្បកិរិយាអន្ទះអន្ទែង និងកង្វះការគ្រប់គ្រងអារម្មណ៍ក៏ជាសញ្ញាគួរឱ្យព្រួយបារម្ភផងដែរ។
ជាឧទាហរណ៍ ក្មេងអាចវាយមិត្តរួមថ្នាក់ដោយសារការដណ្តើមប្រដាប់ក្មេងលេង។ ប្រសិនបើកូនរបស់អ្នកតែងតែបែបនេះ ចូររកវិធីកែតម្រូវគាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
៣.មិនទទួលខុសត្រូវ និងមិនទទួលយកកំហុស៖ កុមារមិនធ្វើតាមច្បាប់នៅផ្ទះ ឬ សាលា ជារឿយៗគេចពីការទទួលខុសត្រូវដូចជាមិនធ្វើកិច្ចការផ្ទះ មិនសម្អាតរបស់ក្មេងលេង ឬ បន្ទោសអ្នកដទៃពេលខ្លួនធ្វើខុស។ ឧទាហរណ៍៖ កុមារភ្លេចធ្វើកិច្ចការផ្ទះ ហើយកុហកថាគ្រូមិនបានចាត់ចែងវាទេ។ កុមារដែលមិនចេះទទួលស្គាល់កំហុសរបស់ខ្លួនគួរត្រូវបានបង្រៀនឱ្យយល់ពីកំហុស និងកែប្រែកំហុសរបស់ខ្លួន។

#វិធីសាស្ត្រកែទម្រង់អត្តចរិតកូន
១.បង្កើតច្បាប់សម្រាប់កុមារ៖ ឪពុកម្តាយត្រូវកំណត់ច្បាប់ជាក់លាក់ក្នុងគ្រួសារ ហើយពន្យល់យ៉ាងច្បាស់អំពីផលវិបាក ប្រសិនបើកុមារមិនអនុវត្តតាម។ ជាឧទាហរណ៍ ប្រសិនបើកុមារមិនសម្អាតប្រដាប់ប្រដាក្មេងលេងបន្ទាប់ពីលេងរួច ពួកគេនឹងមិនអាចលេងជាមួយរបស់នោះនៅថ្ងៃបន្ទាប់បានទេ។ ត្រូវមានភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តច្បាប់ ដើម្បីឱ្យកុមារយល់ថា អាកប្បកិរិយាមិនសមរម្យតែងតែមានផលវិបាក។
២.ការបង្រៀនកុមារឱ្យគ្រប់គ្រងអារម្មណ៍៖ ដើម្បីយកឈ្នះលើអាកប្បកិរិយាឈ្លានពាន ឬ អន្ទះអន្ទែង មាតាបិតាអាចបង្រៀនកុមារឱ្យស្គាល់ និងចេះគ្រប់គ្រងអារម្មណ៍។ បង្រៀនកូនរបស់អ្នកឱ្យដកដង្ហើមវែងៗពេលខឹង ឬ ប្រើសកម្មភាពដូចជាការគូររូប និងការសរសេរកំណត់ហេតុប្រចាំថ្ងៃក៏ជួយកុមារបញ្ចេញអារម្មណ៍អវិជ្ជមានផងដែរ។

៣.មាតាបិតាធ្វើជាគំរូដល់កុមារឲ្យធ្វើតាម៖ ឪពុកម្តាយគឺជាគំរូដ៏ល្អសម្រាប់អោយកូនៗធ្វើតាម។ កូនរៀនបានច្រើនពីអាកប្បកិរិយារបស់ឪពុកម្តាយ។ ប្រសិនបើឪពុកម្តាយបង្ហាញការគោរព ភាពស្ងប់ស្ងាត់ និងទំនួលខុសត្រូវ កូនៗនឹងយកតម្រាប់តាម។ មិនតែប៉ុណ្ណោះ សូមសរសើរ និងលើកទឹកចិត្តនូវអាកប្បកិរិយាល្អ ដើម្បីពង្រឹងទម្លាប់វិជ្ជមាន។ ជាឧទាហរណ៍ នៅពេលកូនរបស់អ្នករៀបចំតុ ចូរនិយាយថា “អ្នកធ្វើបានល្អណាស់ ខ្ញុំមានមោទនភាពចំពោះអ្នក”៕

