#គួរចេះសម្រាក
ជីវិតមនុស្សកើតមក គឺមានអាយុកាលខ្លីណាស់។ ដូច្នេះចូរប្រើប្រាស់ពេលវេលាទាំងនោះឱ្យមានតម្លៃបំផុតសម្រាប់ជីវិត។ តែក៏ពុំគួរចាយពេលវេលាទាំងនោះដោយមិនខ្វល់ខ្វាយពីការសម្រាកសោះនោះឡើយ។
ការធ្វើបែបនេះ វាគឺជារឿងមួយដ៏គ្រោះថ្នាក់ទៅវិញសម្រាប់ជីវិត។ ឧបមាថា ម៉ាស៊ីនបូមទឹកមួយគ្រឿង ត្រូវគេបញ្ឆេះមិនព្រមបិទសោះ។ ការណ៍នោះ វានឹងឆាប់ខូច ឬផ្ទុះក៏អាចថាបាន។ ពុំខុសអ្វីពីជីវិតមនុស្សដែលខំប្រឹងប្រែងប្រកបរបរកស៊ី ខំប្រើគំនិតគិតគូរពុំស្គាល់យប់ថ្ងៃ ពុំដឹងថ្ងៃសម្រាក ដែលជាហេតុនឹងធ្វើឱ្យឆាប់ស្លាប់ដូចគ្នា។
ពាក្យចាស់តែងពោលថា “ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុក្ខឆាប់ស្លាប់” ត្បិតពុំខុសពីមនុស្សបៀមទុក្ខដែរ រាល់ការមានចិត្ដគំនិតគិតគូរមិនឈប់ឈរបែបនេះ ធ្វើការពុំស្គាល់យប់ថ្ងៃ ពុំស្គាល់ថ្ងៃសម្រាក ដឹងតែពីប្រឹងប្រែងប្រើប្រាស់ពេលវេលាដើម្បីបំពេញបំណងប្រាថ្នាដែលហៀបនឹងដល់ បែរភ្លេចគិតគូរដល់សុខភាពដែលនឹងទៅពុំដល់ វានឹងធ្វើឱ្យយើងឆាប់ស្លាប់។ ឆាប់ស្លាប់ ក៏ព្រោះតែបញ្ហាសុខភាពពុំអាចទ្រាំទ្របាន។


ចំពោះខ្ញុំ តម្លៃនៃពេលវេលាគឺសំខាន់ណាស់សម្រាប់ជីវិតខ្ញុំ។ តែអ្វីដែលខ្ញុំគិតជាងពេលវេលាទៀតនោះ គឺជីវិតខ្ញុំផ្ទាល់តែម្ដង គឺខ្ញុំត្រូវប្រើប្រាស់ជីវិតមួយនេះ ឱ្យមានតុល្យភាពនិងមានប្រយោជន៍បំផុត សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិខ្ញុំ។ គេអាចនឹងមើលឃើញថា ខ្ញុំធ្វើការឥតឈប់ឈរទាល់តែសោះ។ ការគិតបែបនេះក៏ពុំខុសអ្វីដែរ តែសំខាន់ ខ្ញុំបានបែងចែកពេលវេលាសម្រាក ដល់ទៅ៣ ដំណាក់កាល សម្រាប់ជីវិតខ្ញុំ។
ទី១ ពេលវេលាសម្រាប់ក្រុមហ៊ុន ទី២ ពេលវេលាសម្រាប់ប្រពន្ធកូន និងទី៣ ពេលវេលាសម្រាប់សង្គមជាតិ។ សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ក្រៅពីត្រូវបំពេញកាតព្វកិច្ចចំពោះអ្នកទាំងបីក្រុមនេះរួចហើយ គឺខ្ញុំទំនេរ។
ហេតុនេះ ហើយបានជាពេលខ្លះ ខ្ញុំមានពេលអង្គុយសង់ទីម៉ង់បណ្តែតមនោសញ្ចេតនា មានពេលចែករំលែកអំណោយដល់ជនក្រខ្សត់ សល់ពេលខ្លះចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយ មានពេលអង្គុយញ៉ាំកាហ្វេ អង្គុយអានសៀវភៅ អង្គុយគិត និងអង្គុយកត់ត្រាជាដើម។ បើអ្នកមិនដឹងពីខ្ញុំវិញ ពួកគាត់នឹងគិតថាខ្ញុំនេះ គឺរវល់ច្រើនណាស់នឹងការងារ។ តែតាមពិតទៅខ្ញុំពិតជារវល់មែនដើម្បីស្ថាប័នខ្ញុំ គ្រួសារខ្ញុំ និងសង្គមជាតិយើងទាំងអស់គ្នា។
ប៉ុន្តែកាលពីកំលុងពេលបើកដំណើរការក្រុមហ៊ុនពីដំបូងដៃ ខ្ញុំគេងបានតែប្រាំឬប្រាំមួយម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនោះមែនក្តី ខ្ញុំតែងព្យាយាមសម្រាកឱ្យបានចន្លោះ៧ទៅ៨ម៉ោង។ បច្ចុប្បន្ន ខ្ញុំធ្វើបានមែនហើយ។ តែចាប់ផ្ដើមពីខ្ញុំស្គាល់ហ្វេសប៊ុកនេះមក ខ្ញុំគេងជាមធ្យមគឺប្រាំពីរម៉ោងកន្លះប៉ុណ្ណោះ។
ព្រោះពេលខ្លះខ្ញុំត្រូវឆ្លើយឆ្លងសារយុវជនយើង ដែលត្រូវការជំនួយផ្នែកចិត្តគំនិត ក៏ដូចជាជនទីទាល់ អ្នកជំងឺ និងតាមដានស្ថានការណ៍ផ្សេងៗជុំវិញសង្គម និងសកលលោក។
ថ្វីបើសព្វថ្ងៃនេះ ខ្ញុំមមាញឹកច្រើនមែន ប៉ុន្តែភាពមមារញឹកនិងរវល់របស់ខ្ញុំ គឺធ្វើទៅតាមកាលវិភាគត្រឹមត្រូវ ពុំមែនឆ្លេរឆ្លារចុះឡើងៗនោះទេ។ ខ្ញុំតែងមានទម្លាប់មួយទៀត គឺបន្តកត់ត្រា និងចេះផ្តល់អទិភាពដល់ការងារដែលខ្ញុំត្រូវធ្វើមុនឬធ្វើក្រោយ។ ម៉្លោះហើយ ខ្ញុំអត់ហត់ទេចំពោះការងារប្រចាំថ្ងៃ៕

