
ដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត បានលុបបំបាត់ កាកសំណល់ប្លាស្ទិកប្រមាណ ១៨០ តោននៅកម្ពុជា
ក្រុងព្រះសីហនុ ប្រទេសកម្ពុជា៖ វាត្រូវការការចូលរួមពីភូមិមួយ ដើម្បីសម្អាតភូមិមួយឱ្យស្អាត។ នេះគឺជាគោលការណ៍មួយដែលដឹកនាំក្រុមហ៊ុន TONTOTON ក្នុងការបង្កើតដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមានសមត្ថភាពអាចលុបបំបាត់សំណល់ប្លាស្ទិករាប់ពាន់តោនពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច ហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាត យុទ្ធនាការអប់រំ និងលើកកម្ពស់ការយល់ដឹងបែបបរិយាប័ន្នត្រូវបានរៀបចំឡើង តាមរយៈការប្រជុំតាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូបសញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។ លោក Barak Ekhstein ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន TONTOTON បានមានប្រសាសន៍ថា «ភាពម្ចាស់ការនៅក្នុងសហគមន៍ គឺជាគន្លឹះជោគជ័យនៃគម្រោងរបស់យើង។ វាជារឿងសំខាន់ណាស់ ដែលអ្នកភូមិជាអ្នកមើលការខុសត្រូវដោយផ្ទាល់ក្នុងការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយយល់ដឹងពីសារៈប្រយោជន៍…




















