គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក Dragan Skocic សប្បាយរីករាយណាស់ជាមួយនឹងការលេងរបស់ក្រុមគាត់ទល់នឹងក្រុមជម្រើសជាតិកម្ពុជា។

អ៊ីរ៉ង់បានបំបាក់កម្ពុជា ១០-០ នៅពូល C នៃវគ្គជម្រុះអាស៊ីសម្រាប់ពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 កាលពីថ្ងៃសុក្រយប់មិញ។ក្រោយចប់ការប្រកួតលោកបាននិយាយក្នុងសន្និសិទកាសែតថា៖

“ ដំបូងខ្ញុំសូមអបអរសាទរកីឡាកររបស់ខ្ញុំ ពីព្រោះពួកគេលេងបានយ៉ាងល្អ។ ក្រុមរបស់យើងគឺជាក្រុមមួយដែលខ្លាំងជាង (ប្រសើរជាង)ជាងជម្រើសជាតិកម្ពុជាហើយយើងបានបញ្ចប់ការប្រកួតដូចដែលយើងបានរំពឹងទុក។ ខ្ញុំរីករាយនឹងការបង្ហាញទម្រង់របស់ក្រុមខ្ញុំ ប៉ុន្តែនៅក្នុងការប្រកួតបែបនេះមានអារម្មណ៍អាណិតអាសូរដោយសារតែគូប្រជែងខ្សោយរបស់យើង”។

“ ការប្រកួតជាមួយកម្ពុជាបានចប់ហើយ ហើយចាប់ពីពេលនេះតទៅយើងគិតអំពីការប្រកួតជាមួយអ៊ីរ៉ាក់។ ការប្រកួតមិនទាន់ចប់នៅឡើយទេសម្រាប់ពួកយើង។ យើងគោរពអ៊ីរ៉ាក់ ហើយខ្ញុំសង្ឃឹមថាក្រុមរបស់ខ្ញុំនឹងលេងជាមួយពួកគេដូចដេលពួកគេលេងជាមួយហុងកុង បារ៉ែន និងកម្ពុជានៅក្នុងការប្រកួតពីមុនទៅចុះ”។


ប្រកួតចុងក្រោយអ៊ីរ៉ង់នឹងត្រូវជួបជម្រើសជាតិអ៊ីរ៉ាក់នៅថ្ងៃអង្គារ៍ដេលជាការប្រកួតចុងក្រោយបំផុតក្នុងពូល C ហើយកម្ពុជាធ្វើដំណើរមកមាតុភូមិរបស់ខ្លួនវិញហើយ៕

