ការដែលមិនអនុញ្ញាតឲ្យអ្នកដទៃខ្ចីរបស់ណាមួយពីអ្នក ពុំមានន័យថា អ្នកចិត្តគំរិះ ឬមិនយកចិត្តទុកដាក់នឹងពួកគេនោះទេតែរបស់ខ្លះតាមក្បួនហុងស៊ុយគឺមិនត្រូវឲ្យទៅគេខ្ចីពិតមែន ព្រោះវាអាចនាំសំណាងមិនល្អដល់ខ្លួនអ្នកផ្ទាល់ ហើយរបស់ខ្លះស្មើនឹងផ្ទេរលាភសំណាងឲ្យគេទៅវិញទៀត។
ក្នុងនោះមានរបស់ ៤ ដែលហាមផ្តាច់ អ្នកមិនត្រូវឲ្យអ្នកដទៃខ្ចីបានឡើយ៖
៤) នាឡិកា

តាមក្បួនហុងស៊ុយនាឡិកាមានរាងរង្វង់ ៣៦០ ដឺក្រេ ប្រៀបដូចជា Taiji ហើយជាទូទៅនាឡិកាគឺតំណាងឲ្យភាពរុងរឿង វិបុលភាព និងសំណាងល្អសម្រាប់អ្នក។
ការដែលទ្រនិចនាឡិកាដើរ ស្មើនឹងពេលវេលានៃអាយុជីវិតរបស់អ្នកកំពុងតែដំណើរការទៅដូចគ្នា បែបនេះការដែលឲ្យនាឡិកាទៅអ្នកដទៃខ្ចី ក៏ស្មើនឹងកាត់ពេលវេលារបស់ខ្លួនឯងឲ្យទៅគេអ៊ីចឹងដែរ។
៣) កាបូបលុយ

ជារបស់ដែលមនុស្សរាល់គ្នាប្រើសម្រាប់ទុកដាក់លុយ កាតធនាគារ និរបស់ឯកជនមួយចំនួនផ្សេងទៀត។ យ៉ាងណាកាបូបលុយតាមក្បួនហុងស៊ុយ គឺតំណាងឲ្យស្ថិរភាពនៃផ្នែកហិរញ្ញវត្ថុរបស់អ្នក បែបនេះការដែលឲ្យទៅគេខ្ចី គឺស្មើនឹងចែករំលែកហិរញ្ញវត្ថុឲ្យទៅគេដែរ ហើយអ្នកចាំសង្កេតមើលទៅ សេដ្ឋកិច្ចរបស់អ្នកនឹងមានការធ្លាក់ចុះជាមិនខាន ក្រោយពីឲ្យគេខ្ចីកាបូបលុយ។
២) ឲ្យគេខ្ចីលុយនៅថ្ងៃបុណ្យសំខាន់ៗ

ការដែលឲ្យគេខ្ចីលុយ ពេលខ្លះអាចជួយគេក្នុងគ្រាលំបាក វាជារឿងល្អ និងជារឿងដែលគួរធ្វើសម្រាប់មនុស្សមួយចំនួន។ យ៉ាងណាតាមក្បួនហុងស៊ុយគឺត្រូវហាមដាច់ខាត ក្នុងការដែលឲ្យគេខ្ចីលុយនៅថ្ងៃបុណ្យសំខាន់ៗ ដូចជាថ្ងៃសែនចូលឆ្នាំចិន ប្រសិនអ្នកឲ្យគេខ្ចីលុយស្មើនឹងអ្នកកាត់លាភរបស់អ្នកឲ្យទៅគេហើយ។
១) របស់នាំហុងស៊ុយល្អ

មនុស្សយើងម្នាក់ៗសម្គាល់ខុសគ្នា ក្នុងការប្រើប្រាស់របស់នាំហុងស៊ុយល្អដល់ជីវិត ខ្លះទៅក៏ប្រើប្រាស់រូបសញ្ញាតំណាងអ្វីមួយ ខ្លះទៅមានកាក់តំណាង ដែលតែងតែនាំសំណាងល្អដល់ពួកគេ។ យ៉ាងណាថ្ងៃណាមួយ មានគេមកសុំខ្ចីត្រឹមរយៈពេលខ្លីអ្វីក៏ដោយ ក៏មិនត្រូវឲ្យគេនោះដែរ ព្រោះនៅពេលយកវាត្រលប់មកវិញ របស់នោះគឺលែងសក្កិសិទ្ធហើយ៕
ប្រភព៖ បរទេស |ប្រែសម្រួល៖ ក្នុងស្រុក

