ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino ត្រូវបានគេរាយការណ៍ថា គ្រោងជួបជាមួយតំណាងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដើម្បីស្វែងរកការគាំទ្រក្នុងការបន្តកាន់តំណែងជាប្រធាន FIFA។

យោងតាមអ្នកសារព័ត៌មាន Simon Stone របស់ BBC ក្នុងជំនួបនោះ លោក Infantino ត្រូវបានគេរំពឹងថា នឹងស្នើសុំការគាំទ្រពីភាគីអាមេរិក ខណៈសម្ពាធជុំវិញភាពជាអ្នកដឹកនាំរបស់លោកកំពុងកើនឡើង។
ការវិវឌ្ឍនេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សមាគមបាល់ទាត់ជាតិមួយចំនួនក្នុងតំបន់ UEFA អាចនឹងដកការគាំទ្រដែលបានផ្តល់ជាលាយលក្ខណ៍អក្សរ ចំពោះការបន្តអាណត្តិរបស់លោក Infantino។ មូលហេតុសំខាន់ គឺការជំរុញគម្រោងបង្កើតក្រុមហ៊ុន FIFA Forward Enterprise (FFE) ដែលគ្រោងគ្រប់គ្រងសិទ្ធិពាណិជ្ជកម្មរបស់ FIFA ជាពិសេសសិទ្ធិពាក់ព័ន្ធនឹងការប្រកួត FIFA World Cup។

ជុំវិញគម្រោងនេះ UEFA បានបង្ហាញជំហររឹងមាំ ដោយព្រមានថា អាចធ្វើពហិការមិនចូលរួមការប្រកួតរបស់ FIFA ប្រសិនបើសិទ្ធិពាណិជ្ជកម្មនៃព្រឹត្តិការណ៍ World Cup ត្រូវបានផ្ទេរទៅឱ្យវិនិយោគិនឯកជន។
ក្រោមសម្ពាធពីសហព័ន្ធ និងសមាគមបាល់ទាត់ជាច្រើន នៅយប់ថ្ងៃទី 1 ខែសីហា លោក Gianni Infantino បានប្រកាសជាផ្លូវការថា FIFA សម្រេចបោះបង់គម្រោង FIFA Forward Enterprise (FFE) ដើម្បីបញ្ចប់ភាពចម្រូងចម្រាស និងរក្សាឯកភាពក្នុងសហគមន៍បាល់ទាត់ពិភពលោក។

