យោងតាមការវិភាគ ការជ្រើសរើសដៃគូរមិនផ្អែកលើអារម្មណ៍ទាំងស្រុងនោះទេ ប៉ុន្តែក៏ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងពេលវេលាផងដែរ។ ការជ្រើសរើសដៃគូរគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងជីវិត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបចាប់យកពេលវេលាត្រឹមត្រូវដើម្បីស្វែងរកមនុស្សដែលសក្តិសមបំផុតនោះទេ។ ខាងក្រោមនេះគឺជាពេលវេលាមាសទាំង២ ដែលអ្នកគួរតែជ្រើសរើសដៃគូជីវិត៖

១.ពេលវេលានៅមហាវិទ្យាល័យ – សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងមិនអាចបំភ្លេចបាន
ក្នុងនាមជានិស្សិត យើងភាគច្រើនមិនមានផ្ទះ ឡាន ឬ ហិរញ្ញវត្ថុមានស្ថិរភាពនោះទេ។ ប៉ុន្តែជាថ្នូរវិញ វាគឺជាដំណាក់កាលដ៏ត្រចះត្រចង់បំផុតរបស់យុវវ័យ ដែលពោរពេញដោយភាពរឹងមាំ ក្តីស្រមៃ និងភាពស្មោះត្រង់ក្នុងអារម្មណ៍។
នៅពេលនេះ ការគិតនៅសាមញ្ញនៅឡើយ ដោយមិនបានជះឥទ្ធិពលពីកេរ្តិ៍ឈ្មោះ ឬ លុយកាក់នោះទេ ដូច្នេះហើយ ស្នេហាតែងតែបរិសុទ្ធ ធម្មជាតិ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើន។ ពេលវេលាសិក្សាជាមួយគ្នាក្នុងបណ្ណាល័យ ញ៉ាំអាហារក្នុងអាហារដ្ឋាន អង្គុយក្នុងបន្ទប់បង្រៀនតែមួយ… គឺជាការចាប់ផ្តើមនៃទំនាក់ទំនងដ៏យូរអង្វែងជាច្រើន។

២.នៅពេលអ្នកចាប់ផ្តើមធ្វើការដំបូង – ធំឡើងជាមួយគ្នា
ឆ្នាំដំបូងនៃការងារ ទោះបីជាអ្នកមិនទាន់មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ឬ វិជ្ជាជីវៈក៏ដោយ នេះគឺជា “ពេលវេលាមាស” ដើម្បីស្វែងរកដៃគូ។ ព្រោះនៅពេលនោះ យុវជនមានភាពក្លៀវក្លា មានឆន្ទៈខ្លាំង និងចង់ក្រោកឡើង។
ប្រសិនបើអ្នកអាចរួមដំណើរជាមួយនរណាម្នាក់ក្នុងដំណាក់កាលដំបូង ដូចជាជួលផ្ទះរួមគ្នា ទៅធ្វើការជាមួយគ្នា នោះអារម្មណ៍នោះនឹងមានមូលដ្ឋានរឹងមាំ។ អ្នកទាំងពីរធំឡើងជាមួយគ្នា ចែករំលែកការលំបាក និងរៀនស្រលាញ់គ្នាតាមវិធីជាក់ស្តែង ហើយមានមនោសញ្ចេតនាជ្រាលជ្រៅ។

ផ្ទុយទៅវិញ បើអ្នករង់ចាំរហូតដល់អាជីពរបស់អ្នកមានស្ថិរភាព ឈានដល់អាយុ ៣០ ឆ្នាំ ការធ្លាក់ក្នុងអន្លង់ស្នេហ៍ និងជ្រើសរើសដៃគូនឹងកាន់តែពិបាក។ មិនមែនដោយសារស្តង់ដារខ្ពស់ជាងនេះទេ ប៉ុន្តែដោយសារបរិយាកាសខុសគ្នា មនុស្សនៅលីវតិច រង្វង់ទំនាក់ទំនងតូចចង្អៀត បុគ្គលិកលក្ខណៈបិទជិត និងស្នេហាត្រូវបានជំនួសដោយរង្វាស់ជាក់ស្តែង ដូចជាប្រាក់ចំណូល ទ្រព្យសម្បត្តិ ស្ថានភាព…។
គ្មាននរណាអាចបន្ទោសបានឡើយ ព្រោះនោះជាច្បាប់នៃជីវិត។ ប៉ុន្តែប្រសិនបើអ្នកនៅតែមានឱកាស ចូរចាប់យក “ពេលវេលាមាស” ទាំង២នេះ – នៅពេលដែលបេះដូងរបស់អ្នកនៅតែបើកចំហ ហើយជីវិតនៅតែមានផ្លូវធំទូលាយនៅខាងមុខ៕

