បើអ្នកចង់បានជីវិតដ៏សុខសាន្ត ឯករាជ្យ និងសន្តិភាព អ្នកត្រូវយល់ឱ្យបានច្បាស់នូវរឿង ២ យ៉ាង ដែលមិនត្រូវស្ទាក់ស្ទើររង់ចាំ និងរឿង២យ៉ាងដែលអ្នកមិនគួរអោយភាពភ័យខ្លាចគ្រប់គ្រងអ្នក។ នេះជាមេរៀនដ៏ជ្រាលជ្រៅពីមនុស្សបុរាណដែលជួយយើងឲ្យរស់នៅដោយសុខសាន្តក្នុងភាពអ៊ូអរក្នុងជីវិត។

#២យ៉ាងដែលមិនត្រូវរង់ចាំ
១.គោរពឪពុកម្តាយរបស់អ្នក
ក្នុងមួយជីវិតនេះ អ្នកអាចរង់ចាំរឿងជាច្រើន ប៉ុន្តែការគោរពឪពុកម្តាយគឺមិនត្រូវពន្យារពេលឡើយ។ ឪពុកម្តាយប្រៀបដូចជាចេកទុំ ដែលមិនអាចនៅជាមួយអ្នកជារៀងរហូតបានទេ។ នៅពេលអ្នកធំហើយអាចមើលថែខ្លួនឯងបាន ចូរយកពេលវេលា និងបេះដូងដើម្បីតបស្នងនូវសេចក្តីសប្បុរសរបស់ពួកគាត់ក្នុងការចិញ្ចឹមអ្នក។
កុំរង់ចាំរហូតដល់វាយឺតពេល ស្ដាយក្រោយដែលមិនមានឪកាសនៅជាមួយឪពុកម្ដាយទៀត។ ការអាណិតអាសូរ និងការតបស្នងគុណមាតាបិតារបស់អ្នក តែងតែជាអាទិភាពកំពូល មិនមានរឿងផ្សេងអាចមកប្រៀបធៀបបានឡើយ។

២.ថែរក្សាសុខភាពរបស់អ្នក
មនុស្សជាច្រើនរវល់តែដេញតាមកេរ្តិ៍ឈ្មោះ លុយកាក់ និងស្នេហារហូតភ្លេចថា សុខភាពជាទ្រព្យដ៏មានតម្លៃបំផុតក្នុងជីវិត។ ពេលយើងនៅក្មេង យើងប្រើសុខភាពដើម្បីរកលុយ ហើយពេលយើងចាស់យើងត្រូវប្រើលុយដើម្បីទិញសុខភាពដែលបាត់បង់របស់យើងមកវិញ។
សុខភាពល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរីករាយ មិនថាយើងមានលុយ កេរ្តិ៍ឈ្មោះ ឬ សេចក្ដីស្រឡាញ់ប៉ុណ្ណានោះទេ បើគ្មានសុខភាព អ្វីៗក៏គ្មានន័យដែរ។ មនុស្សជាច្រើនដឹងតែតម្លៃនៃសុខភាពនៅពេលដែលជំងឺកើតឡើង ហើយជារឿយៗវាយឺតពេលក្នុងការផ្លាស់ប្តូរ។

#២យ៉ាងដែលមិនគួរខ្លាច
១.ការស្លាប់
កើតមកជាមនុស្សមិនថាអ្នកមាន ឬ ក្រយ៉ាងណាក៏គ្មានអ្នកណាអាចរស់នៅបានរហូតលើលោកនេះដែរ។ កំណើត ភាពចាស់ ជម្ងឺ និងសេចក្តីស្លាប់ គឺជាច្បាប់ធម្មជាតិដែលមិនអាចកែប្រែបាន ដូច្នេះការភ័យខ្លាចទាំងនោះនឹងមិននាំមកនូវផលប្រយោជន៍អ្វីឡើយ។
ជំនួសឱ្យការភ័យខ្លាច ចូរទទួលយកជីវិតដោយរីករាយ ហើយរក្សាអាកប្បកិរិយាវិជ្ជមាន។ មនុស្សគ្រប់គ្នានឹងចាកចេញពីពិភពលោកនេះនៅថ្ងៃណាមួយ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាលើការសប្បាយដែលគ្មានប្រយោជន៍ ប៉ុន្តែត្រូវរស់នៅឱ្យបានល្អ ស្រស់ស្អាត និងរីករាយជាមួយសុភមង្គល និងសន្តិភាពជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។
២.ភាពឯកា
ពីកំណើតមនុស្សខ្លាចភាពឯកកោ ពេលយើងនៅក្មេង យើងតែងតែចង់នៅជិតឪពុកម្តាយរបស់យើង ហើយនៅពេលដែលយើងឃើញខ្លួនយើងតែម្នាក់ឯង យើងនឹងមានអារម្មណ៍ខ្លាច។ នៅពេលយើងធំឡើង យើងស្វែងរកមិត្តភ័ក្តិ និងគូស្នេហ៍ ដើម្បីបំពេញភាពឯកានោះ។

ទោះយ៉ាងណាក៏ដោយ បុរាណបានបង្រៀនថា កាលណាយើងរកឃើញមាគ៌ាពិត អត្ថន័យពិតនៃជីវិត ភាពឯកានឹងរលាយបាត់បន្តិចម្តងៗ។ នៅពេលនោះនៅក្នុងព្រលឹងរបស់យើងនឹងមានតែសេចក្តីស្រឡាញ់សម្រាប់ជីវិតនិងការដឹងគុណចំពោះគ្រប់ពេលវេលានៃការរស់នៅក្នុងពិភពលោកនេះ៕

