នៅក្នុងវប្បធម៌អាស៊ីបូព៌ា តុបរិភោគអាហារមិនត្រឹមតែជាកន្លែងសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដ៏ពិសិដ្ឋដែលភ្ជាប់សមាជិកគ្រួសារផងដែរ។ មនុស្សបុរាណជឿថា “តុបាយជាកន្លែងរក្សាភ្លើងនៃគ្រួសារ” បរិយាកាសនៅលើតុបរិភោគអាហារគឺជាបរិយាកាសនៃគ្រួសារទាំងមូល។ ដូនតាបាននិយាយថា “កុំដាក់វត្ថុ ៣យ៉ាងនៅលើតុបរិភោគជាដាច់ខាតប្រសិនបើអ្នកចង់ឱ្យគ្រួសាររបស់អ្នកមានភាពសុខដុមនិងជោគជ័យ” ។

១.កុំទុកឲ្យភាពស្ងៀមស្ងាត់គ្របដណ្ដប់លើតុអាហារ
ភាពស្ងប់ស្ងាត់គឺជាថ្នាំពុលដែលសម្លាប់ទំនាក់ទំនង។ រឿងដំបូងដែលត្រូវជៀសវាងនៅតុបរិភោគអាហារគឺ អូសបន្លាយភាពស្ងៀមស្ងាត់។ ភាពស្ងៀមស្ងាត់មិនមែនជា “វត្ថុ ” ជាក់លាក់ទេ ប៉ុន្តែជា “បរិយាកាស” ដែលអាចបំបែកទំនាក់ទំនងបាន។
តើអ្នកដឹងទេថា តុបរិភោគអាហារជាកន្លែងដ៏សំខាន់សម្រាប់បង្កើតទំនាក់ទំនងផ្លូវអារម្មណ៍រវាងសមាជិក ជាពិសេសជាមួយកុមារ? ប្រសិនបើតុអាហារតែងតែប្រព្រឹត្តទៅដោយភាពស្ងៀមស្ងាត់ បរិយាកាសកាន់តែតានតឹង និងនឿយហត់ យូរៗទៅសមាជិកនឹងកាន់តែឆ្ងាយគ្នាបន្តិចម្តងៗ ខ្វះការយល់ដឹង និងការយល់ចិត្ត។ ប្រសិនបើអាហារពោរពេញដោយភាពរីករាយ ជជែកគ្នាលេង រួមមានពាក្យសរសើរសមាជិកទៅវិញទៅមក នោះបង្ហាញថាគ្រួសារកាន់តែមានភាពល្អប្រសើរឡើង។
២.កុំដាក់ទូរសព្ទ ឬ ឧបករណ៍អេឡិចត្រូនិចនៅលើតុអាហារ
មនុស្សជាច្រើនចូលចិត្តប្រើទូរស័ព្ទរបស់ពួកគេនៅតុបរិភោគអាហារ ប៉ុន្តែទម្លាប់នេះគឺអាក្រក់ណាស់។ អ្នកខ្លះញ៉ាំពេលលេងបណ្ដាញសង្គម មើលព័ត៌មាន ឬ ឆ្លើយតបសារ។ អាកប្បកិរិយានេះមិនត្រឹមតែបាត់បង់ការគោរពចំពោះមនុស្សនៅតុអាហារប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយគុណភាពនៃអាហារគ្រួសារទៀតផង។

អ្នកស្រាវជ្រាវក្នុងផ្នែកចិត្តវិទ្យាអាកប្បកិរិយាចែករំលែកថា ការប្រើឧបករណ៍អេឡិចត្រូនិកអំឡុងពេលញ៉ាំអាហារនឹងកាត់បន្ថយយ៉ាងខ្លាំងនូវសមត្ថភាពក្នុងការធ្វើអន្តរកម្មរវាងសមាជិក បន្ថយការយកចិត្តទុកដាក់ និងកាត់បន្ថយអារម្មណ៍វិជ្ជមានរវាងសមាជិក។ កុមារដែលឃើញឪពុកម្តាយធ្វើបែបនេះ នឹងមានទំនោរធ្វើតាម ដោយតែងតែផ្តោតលើទូរស័ព្ទរបស់ពួកគេជាជាងការញ៉ាំអាហារ បន្តិចម្តងៗ ពួកគេនឹងពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិច ដោយមិនផ្តោតលើរបស់ផ្សេងទៀតឡើយ។
៣.កុំឲ្យមានការប្រកែក ឬ ការរិះគន់លេចឡើងនៅតុអាហារ
មនុស្សជាច្រើនអង្គុយនៅតុអាហារពេលយប់ដោយមានអារម្មណ៍តានតឹង ពិបាកចិត្ត ពួកគេនាំមកនូវអារម្មណ៍មិនល្អពីកន្លែងការងារមកផ្ទះ។ សូមចាំថាតុអាហារពេលល្ងាចមិនគួរក្លាយជា “សមរភូមិ” នៃជម្លោះដែលមិនអាចដោះស្រាយបានទេ។

មនុស្សជាច្រើនដោយសារតែពួកគេមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបាន ជ្រើសរើសពេលវេលាដែលគ្រួសារទាំងមូលអង្គុយញ៉ាំអាហារដើម្បីរិះគន់ និងបន្ទោសគ្នាទៅវិញទៅមក នាំឲ្យមានបរិយាកាសធ្ងន់ ប៉ះពាល់ដល់ស្មារតី និងសុខភាពរបស់ពួកគេ។ ឪពុកម្តាយជាច្រើនថែមទាំងជ្រើសរើសការជេរ ស្រែក និងរិះគន់កូនយ៉ាងធ្ងន់ធ្ងរទៀតផង។ នេះជាទម្លាប់អាក្រក់ខ្លាំង ប៉ះពាល់ដល់ការអភិវឌ្ឍន៍ផ្លូវចិត្តរបស់កុមារ និងបង្កើតបរិយាកាសគ្រួសារមិនល្អ៕

