ប្រសិនបើបុរសរបស់អ្នកធ្វើរឿងទាំងនេះ អ្នកគួរតែចាកចេញពីទំនាក់ទំនងមួយនោះទៅ ព្រោះគាត់មិនមែនជាមនុស្សដែលស្រលាញ់អ្នក និងគោរពអ្នកនោះទេ។ ត្រឹមតែរឿងប៉ុណ្ណេះអាចបញ្ជាក់ពីចរិតពិតរបស់គាត់បានហើយ អ្នកមិនគួរអត់ទោសអោយរហូតបាត់បង់តម្លៃរបស់ខ្លួននោះទេ៖

១.គាត់កុហក៖ ការនិយាយកុហកមិនដែលល្អទេ ជាពិសេសក្នុងរឿងស្នេហា។ ប្រសិនបើគាត់និយាយថាគាត់ជាប់គាំងក្នុងចរាចរណ៍ពេលបើកឡាន ឬ មិត្តរួមការងាររបស់គាត់ទៅផ្ទះសំណាក់ នោះជាអ្វីដែលអ្នកមិនគួរអត់ទោសអោយនោះទេ។ បើគាត់និយាយកុហក មានន័យថាគាត់ធ្វើរឿងអាក្រក់ដែលគាត់មិនចង់ឱ្យអ្នកដឹង ហើយអាកប្បកិរិយានេះគឺបង្ហាញថាគាត់មិនស្មោះត្រង់ជាមួយអ្នកឡើយ។
២.បំពានអ្នក៖ មិនថាវាជាការបំពានផ្លូវចិត្ត ឬ ផ្លូវកាយ វាជារឿងមួយដែលអ្នកមិនគួរអត់ឱនក្នុងទំនាក់ទំនង។ ប្រសិនបើដៃគូរបស់អ្នកបំពានអ្នក គាត់មានបញ្ហាធ្ងន់ធ្ងរ ហើយអ្នកមិនសមនឹងរស់នៅក្នុងភាពភ័យខ្លាចពេញមួយជីវិតរបស់អ្នកនោះទេ។ គាត់គួរតែជាអ្នកការពារអ្នក មិនមែនអ្នកណាដែលធ្វើអោយអ្នកខ្លាចនោះទេ។ ដូច្នេះកុំជឿពេលគាត់និយាយថាវាកើតឡើងដោយចៃដន្យ ហើយវានឹងមិនកើតឡើងទៀតឡើយ។
៣.អំពើផិតក្បត់៖ ស្ត្រីខ្លះសុខចិត្តអភ័យទោសឱ្យបុរសរបស់ពួកគេ សូម្បីតែនៅពេលដែលពួកគេដឹងថាពួកគេត្រូវបានគេបោកប្រាស់ក៏ដោយ។ ប៉ុន្តែតាមគំនិតរបស់អ្នកជំនាញ នោះគឺមិនអាចអត់ទោសបានឡើយ។ ជាពិសេសនៅពេលដែលដៃគូរបស់អ្នកបានដេកជាមួយនារីផ្សេងដោយដឹងខ្លួនយ៉ាងច្បាស់។
ម្យ៉ាងទៀត គាត់ដឹងថាគាត់នឹងធ្វើបាបអ្នកប្រសិនបើគាត់ធ្វើដូច្នេះ តែគាត់មិនគិតអំពីអារម្មណ៍របស់អ្នក ឬ ការឈឺចាប់ទាំងអស់ដែលអ្នកនឹងជួបនៅពេលដែលអ្នកដឹងនោះទេ។ បើគេក្បត់ម្ដងទៀតនឹងធ្វើទៀត ដូច្នេះកុំអត់ទោសឱ្យគាត់ ពេលអ្នកដឹងពីរឿងនេះ ។ អ្នកសមនឹងទទួលបានច្រើនជាងការស្រឡាញ់ស្មោះត្រង់ពីគាត់។

៤.ឈ្លើយចំពោះអ្នក៖ តើគាត់ឈ្លើយដាក់អ្នកនៅចំពោះមុខអ្នកដទៃទេ? តើអ្នកមានអារម្មណ៍អសន្តិសុខ និងខ្វល់ខ្វាយចំពោះវត្តមានរបស់គាត់ទេ? ប្រសិនបើចម្លើយគឺមែន វាបង្ហាញថាអ្នកមានបញ្ហាហើយ។ នេះគឺធ្ងន់ធ្ងរ ហើយអ្នកមិនគួរអត់ទោសក្នុងទំនាក់ទំនងឡើយ។ ជំនួសឱ្យការឈ្លើយចំពោះអ្នក បុរសរបស់អ្នកគួរតែការពារ និងគោរពអ្នក។
៥.មិនផ្តល់អាទិភាពដល់អ្នក៖ ប្រសិនបើបុរសរបស់អ្នកដាក់មនុស្សគ្រប់គ្នានៅជុំវិញគាត់ជាមុន ហើយអ្នកចុងក្រោយគេនោះ វាបានន័យថាទំនាក់ទំនងនេះគឺមានបញ្ហា។ បុរសដែលស្រឡាញ់មិត្តស្រីរបស់ខ្លួនពិតប្រាកដនឹងដាក់នាងមុនគេជានិច្ច ជាពិសេសនៅក្នុងទំនាក់ទំនង។
ប្រសិនបើអ្នករកឃើញថាបុរសរបស់អ្នកមិនផ្តល់ឱ្យអ្នកនូវសេចក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបាន ហើយអ្នកមិនសប្បាយចិត្តក្នុងការនៅជាមួយគាត់ នោះប្រហែលជាដល់ពេលដែលត្រូវចាកចេញហើយ។ វាច្បាស់ណាស់ថាគាត់ព្រងើយកន្តើយចំពោះអ្នកអស់រយៈពេលជាយូរមកហើយ ទើបអ្នកមានអារម្មណ៍បែបនេះ។

៦.ដាក់សម្ពាធលើអ្នក៖ បុរសរបស់អ្នកមិនគួរដាក់សម្ពាធអ្នកឱ្យធ្វើអ្វីដែលអ្នកមិនស្រួលខ្លួន ឬ មិនចូលចិត្តនោះទេ។ ប្រសិនបើអ្នកមិនចូលចិត្តអ្វីដែលគាត់ធ្វើ អ្នកត្រូវប្រាប់គាត់ពីអារម្មណ៍របស់អ្នក។ ប្រសិនបើគាត់នៅតែទទួលបានអ្វីដែលគាត់ចង់បានដោយមិនគិតពីអារម្មណ៍របស់អ្នក នោះអ្នកមិនគួរបន្តទំនាក់ទំនងនោះទៀតទេ៕

