ថ្លើម និងតម្រងនោម គឺជាសរីរាង្គសំខាន់ពីរដែលជួយឱ្យរាងកាយបន្សាបជាតិពុល រំលាយសារធាតុចិញ្ចឹម និងរក្សាសុខភាពទូទៅ។ ការបន្ថែមភេសជ្ជៈដែលមានសុខភាពល្អមិនត្រឹមតែជួយបន្សាបជាតិពុលក្នុងរាងកាយប៉ុណ្ណោះទេ ថែមទាំងជួយដល់មុខងារតម្រងនោម និងថ្លើមផងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈដ៏ងាយស្រួលធ្វើ៤មុខដែលមានជីវជាតិជួយចិញ្ចឹមក្រលៀននិង ថ្លើម។

១.ទឹកធម្មតា៖ ទឹកសុទ្ធគឺជាប្រភេទទឹកសាមញ្ញបំផុត ប៉ុន្តែចាំបាច់បំផុតសម្រាប់ថែរក្សាសុខភាពតម្រងនោម និងថ្លើម។ ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ (ប្រហែល 2-2.5 លីត្រអាស្រ័យលើស្ថានភាពរាងកាយរបស់អ្នក) ជួយតម្រងនោមរបស់អ្នកច្រោះឈាម យកជាតិពុលចេញតាមទឹកនោម និងការពារគ្រួសក្នុងតម្រងនោម។ ក្នុងពេលជាមួយគ្នានេះ ទឹកជួយថ្លើមក្នុងការបន្សាបជាតិពុល និងការរំលាយអាហារជាតិខ្លាញ់។
របៀបប្រើ៖ ផឹកទឹកឱ្យបានទៀងទាត់ពេលថ្ងៃ ជៀសវាងផឹកច្រើនពេកក្នុងពេលតែមួយ។ អ្នកអាចបន្ថែមស្លឹកក្រូចឆ្មា ឬ ស្លឹកជីអង្កាមពីរបីចំណិត ដើម្បីបន្ថែមរសជាតិ។

២.ទឹកស្នៀតពោត៖ ស្នៀតពោតជាឱសថបុរាណដែលជួយបន្ថយកម្ដៅ បញ្ចុះទឹកនោម និងជួយដល់មុខងារតម្រងនោម។ សារធាតុ Flavonoids នៅក្នុងស្នៀតពោតមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ការពារថ្លើមពីការខូចខាតដែលបណ្តាលមកពីជាតិពុល។
វិធីធ្វើ៖ យកស្នៀតពោតស្រស់ (ឬ ស្ងួត) ២០-៣០ក្រាម លាងទឹក ដាំឱ្យពុះជាមួយទឹក ១លីត្រ ទុកចោល ១០នាទី រួចត្រងផឹកគឺជាការស្រេច។

៣.ទឹកសណ្តែកខ្មៅ៖ ទឹកសណ្តែកខ្មៅ គឺជាភេសជ្ជៈប៉ូវកម្លាំង ជួយតម្រងនោម និងធ្វើឱ្យថ្លើមត្រជាក់ ដែលត្រូវបានគេប្រើជាទូទៅនៅក្នុងឱសថបូព៌ា។ សណ្តែកខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន B និងសារធាតុរ៉ែដែលជួយជំរុញមុខងារតម្រងនោម បន្សាបជាតិពុលពីថ្លើម និងធ្វើឱ្យឈាមរត់បានប្រសើរឡើង។
វិធីធ្វើ៖ កិនសណ្តែកខ្មៅ ៥០ក្រាម រួចដាំទឹក ១លីត្រ ពេលទឹកពុះទុកចោល២០នាទី។ លោកអ្នកអាចត្រងទឹកផឹក 2-3 ដង/ថ្ងៃ។

៤.ទឹកម្ជូរព្រឹក៖ ម្ជូរព្រឹកត្រូវបានគេស្គាល់ថាជា “ថ្នាំទិព្វ” សម្រាប់ថ្លើម ដោយសារសារធាតុ cynarin និង silymarin ដែលជួយការពារកោសិកាថ្លើម បង្កើនការបន្សាបជាតិពុល និងធ្វើអោយមុខងារថ្លើមប្រសើរឡើង។ លើសពីនេះ ទឹកម្ជូរព្រឹក ក៏ជាថ្នាំបញ្ចុះទឹកនោម ជួយដល់ការបន្ទោរបង់តម្រងនោមយ៉ាងមានប្រសិទ្ធភាពផងដែរ។
វិធីធ្វើ៖ ដាំម្ជូរព្រឹកស្ងួត ៥០ក្រាម ជាមួយទឹក ១លីត្រ ទុកចោល ១០-១៥នាទី។ ទុកឱ្យត្រជាក់ផឹកជំនួសទឹកក្នុងអំឡុងពេលថ្ងៃក្នុងបរិមាណសមល្មម។

#កំណត់ចំណាំក្នុងការប្រើប្រាស់
ពិសាភេសជ្ជៈខាងលើឱ្យបានទៀងទាត់ ប៉ុន្តែកុំប្រើប្រាស់វាច្រើនពេក ជាពិសេសសម្រាប់អ្នកដែលមានជំងឺមូលដ្ឋាន (ដូចជាខ្សោយតម្រងនោម ទឹកនោមផ្អែម)។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើចាំបាច់។ អ្នកអាចផឹកវារួមផ្សំជាមួយរបបអាហារដែលមានសុខភាពល្អ កម្រិតក្នុងការទទួលទានជាតិអាល់កុល និងអាហារចៀន ដើម្បីបង្កើនប្រសិទ្ធភាព។ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ហាត់ប្រាណឱ្យបានទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពទូទៅ៕

