អ្នកកំពុងដើរមកដល់ជំហានថ្មីមួយទៀតហើយនៃជីវិត តែនៅផ្លូវខាងមុខ អាចជានឹងមានរឿងថ្មីមួយចំនួន ក៏ដូចជាបញ្ហាខ្លះដែលអ្នកត្រូវប្រឈម។ ដើម្បីជួយឲ្យផ្លូវខាងមុខរាងរលូន មិនសូវមានការរាំងស្ទះ Knongsrok សូមឲ្យអ្នកជ្រើសរើសនូវផ្កាឈូកមួយ ក្នុងចំណោមសន្លឹកបៀរទាំង ៤ ហើយទៅទទួលយកសារណែនាំ ដែលអ្នកគួរទទួលបានដូចបង្ហាញខាងក្រោម៖
សន្លឹកបៀរទី ១

ញញឹមបន្ថែមទៀត! ពាក្យយ៉ាងខ្លីដែលអ្នកត្រូវប្រាប់ទៅកាន់ខ្លួនឯងជាប្រចាំ ដ្បិតថាបញ្ហាខាងមុខ វាធំដុំកម្រិតណាក៏ដោយ។ ញញឹមជាការបំពេញផ្ទៃខាងក្នុងនៃចិត្តឲ្យមានអារម្មណ៍វិជ្ជមាន នោះក៏នឹងជួយអ្នកឲ្យមានការគិតវិជ្ជមានដូចគ្នា។
មិនថាអ្នកកំពុងជួបប្រទះបញ្ហាអ្វីក៏ដោយ ចូររកហេតុផលដើម្បីប្រាប់ឲ្យខ្លួនឯងញញឹម។ មិនមែនអ្វីៗទាំងអស់ក្នុងជីវិតសុទ្ធតែអាក្រក់រហូតនោះទេ ហើយក៏មិនមានការចាប់ផ្តើមណាដែលបង្ហាញផ្លែផ្កានៅចំណុចដំបូងនោះដែរ។
សន្លឹកបៀរទី ២

អ្នកជាមនុស្សពេញវ័យមួយរូបទៅហើយ ដែលបានភ្លក់និងឆ្លងកាត់រសជាតិនៃបទពិសោធន៍ជាច្រើន ទាំងល្អនិងអាក្រក់ ហើយក៏អាចបែងចែកដឹងដែរ ថាមនុស្សណាដែលជួយអ្នក នរណាដែលធ្វើឲ្យអ្នកឈឺចាប់។
ចាប់ពីពេលខាងមុខនេះទៅ រាល់ការសម្រេចចិត្តនានា ត្រូវធ្វើឡើងដោយភាពឈ្លាសវៃ ដោយការគិតយ៉ាងល្អិតល្អន់ មិនត្រូវស្តាប់លឺផលប្រយោជន៍ភ្លាម ហាមាត់ព្រមភ្លាមបានឡើយ។ ចូរវិភាគមើល ថាហេតុអ្វីគេផ្តល់ប្រយោជន៍ឲ្យយើង តើនៅពីក្រោយនោះមានបញ្ហាអ្វីដែរឬទេ ហើយបើពេលខាងមុខជាប់គាំងរឿងដោយប្រការណាមួយ តើមានផ្លូវក្រោយសម្រាប់ដើរដែរឬទេ?
សន្លឹកបៀរទី ៣

ឈប់អង្គុយត្អូញត្អែរពីរឿងដែលបានកើតឡើង ហើយចូរគិតអំពីរឿងល្អឲ្យបានច្រើន ពោលគឺវិវត្តខ្លួនឯងឲ្យក្លាយទៅជាមនុស្សធំ ចាស់ទុំ និងយល់ដឹងកាន់តែច្រើន។
ផ្តល់ការស្រលាញ់និងជួយមនុស្សជុំវិញខ្លួន នោះឥទ្ធិពលវិជ្ជមាននឹងសាយភាយត្រលប់មកអ្នកវិញ ទោះគេមិនបានជួយអ្វី តែគេក៏នឹងមិនបានក្លាយជាសត្រូវរបស់យើងដែរ។ ចូររកហេតុផលបំពេញចន្លោះជីវិតជាមួយការគិតល្អៗឲ្យបានច្រើនជាងការអង្គុយត្អូញត្អែរ ព្រោះគ្មាននរណាគេមកជួយអ្នកទេ។
សន្លឹកបៀរទី ៤

ដល់ពេលវេលាហើយដែលអ្នកត្រូវរៀបចំផែនការណ៍ជីវិតឲ្យបានច្បាស់លាស់ ត្រូវដឹងថាខ្លួនឯងកំពុងធ្វើអ្វី ត្រូវធ្វើអ្វី ពោលអ្នកមិនអាចបន្តនៅស្ងៀមតទៅទៀតទេ។
ចូរទាញក្រដាសនិងប៊ិច មកគូសវាសពីវិធីសាស្ត្រល្អបំផុតដែលអ្នកគិតថាអាចសម្រេចបំណងប្រាថ្នាទៅថ្ងៃខាងមុខ ហើយអ្នកត្រូវដើរតាមផែនការណ៍ដែលខ្លួនឯងបានរៀបចំ ជាមួយនឹងភាពជឿជាក់លើខ្លួនឯង។ ជាញឹកញយពេលហត់ ឬបាក់ទឹកចិត្ត ចូរអ្នកលើកក្រដាសនោះមកអានឡើងវិញ ថាអ្នកបានឆ្លងកាត់អ្វីខ្លះហើយសម្រេចអ្វីខ្លះហើយ។
ទីបញ្ចប់នៅពេលខាងមុខ អ្នកនឹងទទួលបាននូវគ្រប់យ៉ាងដូចការរំពឹងទុក ហើយមិនចាំបាច់អរគុណដល់ជោគវាសនា ឬការជ្រោមជ្រែងពីនរណានោះទេ តែគួរអរគុណដល់ការខិតខំរបស់ខ្លួនកន្លងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

