ថ្ងៃសែនព្រះខែ នៅឆ្នាំ ២០២២ គឺចំថ្ងៃ ១៥ កើត ខែភទ្របទ ឬចំថ្ងៃទី ១០ ខែកញ្ញា ដែលសល់រយៈពេលជិត ១ ខែទៀត។ យ៉ាងណាតាមក្បួនចិនសែបានគន់គូរឃើញជោគវាសនា មហាឆ្នាំទាំង ៤ រាប់ពីពាក់កណ្ដាលខែសីហា តទៅដល់ថ្ងៃនោះ គឺប្រៀបដូចត្រូវប៉ាន់សំណាងធំ ផ្តុំតែទ្រព្យ តែកេរ្តិ៍ឈ្មោះល្អចូលមកក្នុងជីវិត៖
អ្នកកើតឆ្នាំមមែ – ពពែ

តាមហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំមមែ ដូចមានគេបំភ្លឺជីវិតឲ្យភ្លឺចិញ្ចាច ប្រៀបដូចភ្លើងអំពូលនៅចន្លោះពាក់កណ្តាលខែសីហា ដល់ថ្ងៃសែនព្រះខែ នាខែក្រោយ។ ពួកគេអាចទទួលបានលាភសំណាងខ្ពស់ ក្នុងអាជីពការងារ ក៏ដូចជាការរកស៊ីនានា។ មនុស្សនេះក៏នឹងបានជួបដៃគូសហការល្អ អាចជួយស្រោចស្រង់អ្នក ឲ្យឆ្លងផុតរណ្តៅបញ្ហាទៀតផង។
គ្រប់យ៉ាងអំណោយផលល្អ នាំតែលាភ នាំតែសំណាង ពោលអាចបង្កើនប្រាក់ចំណូលចូលហោប៉ៅ ដល់អ្នកកើតឆ្នាំមមែ ឲ្យក្លាយជាអ្នកមានបាន។ ទៅមើលស្ថានភាពស្នេហា ក៏ចូលដល់ស្ថិរភាពល្អជាងពេលមុន បើជាជីវិតគ្រួសារក៏នឹងលែងឈ្លោះប្រកែកគ្នា បើជាជីវិតនៅលាវ ក៏នឹងត្រៀមជួបគូពិត។
អ្នកកើតឆ្នាំមមី – សេះ

តាមហោរាសាស្រ្ត សម្រាប់ជោគជតារាសីអ្នកកើតឆ្នាំមមី នៅល្បាក់ថ្ងៃ ១៥ សីហា ដល់ថ្ងៃ ១០ កញ្ញា ចំថ្ងៃសែនព្រះខែ គឺអាចទទួលបានលទ្ធផលល្អ ហួសពីការរំពឹងទុក។ តាមជើងលេខ ម្ចាស់ឆ្នាំមមី ដែលជួបរឿងមិនល្អកាលពីប៉ុន្មានខែមុន នឹងទទួលបានផលល្អតបស្នងត្រលប់មកវិញ ដូចត្រូវរង្វាន់ធំធ្លាក់ពីលើមេឃ។
យ៉ាងណាពួកគេក៏ត្រូវច្បាស់លាស់ពីការរក្សាទំនាក់ទំនងនៅពេលខាងមុខនេះដែរ ព្រោះអាចប៉ះពាក្យប៉ះសម្តី ជាមួយមិត្តរួមការងារ កន្លែងរកស៊ីបន្តិចបន្តួច នាំឲ្យខូចអារម្មណ៍។ គ្រាន់ថាវាមិនជាបញ្ហាចោទអ្វីធំឡើយ ព្រោះពួកគេអាចទទួលបានលាភធំជាងគ្រោះ។
អ្នកកើតឆ្នាំច – ឆ្កែ

ធាតុដីជាធាតុនាំលាភដល់អ្នកកើតឆ្នាំច នៅចន្លោះថ្ងៃទី ១៥ សីហា ដល់ ១០ កញ្ញា ដោយពួកគេ អាចទទួលបានលាភសំណាងធំ និងប្រាក់ចំណូលដូចទឹកបាក់ទំនប់ ជាមួយការបណ្តាក់ទុនរកស៊ីជាមួយមនុស្សដែលនឹងមកសហការជាមួយអ្នកនៅពេលខាងមុខ។
យ៉ាងណាអ្នកក៏ត្រូវមើលបន្តិចដែរ ព្រោះបើធ្វើត្រូវគឺបានលុយធំ តែបើធ្វើខុសគឺខាតបង់ធំ។ តែតាមហោរាសាស្រ្តឱកាសសាងលាភ សាងជ័យសម្រាប់អ្នកកើតឆ្នាំច គឺមានខ្ពស់ ដូច្នេះហានិភ័យនៃការខាតបង់គឺទាបខ្លាំងបំផុត។
អ្នកកើតឆ្នាំកុរ – ជ្រូក

បញ្ហានានាកន្លងមក សម្រាប់អ្នកកើតឆ្នាំកុរ នឹងត្រូវបានដោះស្រាយរួចរាល់ ហើយផ្លាស់មកជាលាភ ជាសំណាងនៅថ្ងៃនេះ តទៅថ្ងៃដល់ថ្ងៃសែនព្រះខែ។ ផ្នែកខ្លះក៏អរគុណចំពោះការខិតខំ និងភាពជឿជាក់របស់សាមីខ្លួនផ្ទាល់ ហើយផ្នែកខ្លះទៀតក៏ដោយសារតែសំណាងធ្លាក់ពីលើមេឃ ដល់អ្នកកើតឆ្នាំកុរជាពិសេស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

