តាមរយៈអត្ថបទនេះ Knongsrok មានក្រឡកែវថ្មចំនួន ៤ ហើយយើងសូមឲ្យអ្នកអានធ្វើការជ្រើសរើសមួយ ទៅតាមចំណូលចិត្ត។ ការជ្រើសរើសរបស់អ្នក យើងនឹងបង្ហាញចម្លើយតបទៅវិញ តើក្នុងជីវិតពេលនេះ អ្នកគួរតែលាក់ទុករឿងអ្វី ជៀសមិនប្រាប់ទៅកាន់អ្នកដទៃ?
ក្រឡកែវថ្មទី ១ – រឿងលុយកាក់

ទំហំប្រាក់ខែប៉ុន្មាន ចំណូលចូលបានប៉ុន្មាន កុំប្រាប់អ្នកដទៃ ឬមនុស្សមួយចំនួន ដែលមិនសូវស្និទ្ធនឹងគ្នាអី។ មូលហេតុក៏ដោយសារតែ យើងក៏មិនដឹងថាមានការធ្លាក់ចុះពេលណាដែរ ហើយប្រសិនជាមានពេលមួយមិនគាប់ប្រសើរដូចចិត្ត នោះអ្នកដទៃក៏គេមិនដឹង មិនជឿ ហើយនៅតែគិតថាយើងកំពុងរស់ស្រួលនឹងចំណូលដែលរកបាន រីឯអ្នកខ្លះទៀតមិនបានសាទរ មានតែសម្លឹងចង់បានរបស់នេះរបស់នោះពីយើង ខ្សែលើយើង រាប់អានមិនសុទ្ធចិត្តឡើយ។
ក្រឡកែវថ្មទី ២ – រឿងស្នេហា

បើអ្នកកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ប្រាកដប្រជានឹងដៃគូណាម្នាក់ ចូរអ្នកកុំប្រាប់គេបើកចំហរពេកអី។ យកល្អចូរអ្នករង់ចាំដល់ថ្ងៃច្បាស់លាស់នឹងគ្នា សឹមបង្ហាញជាសាធារណៈក៏មិនហួសពេលដែរ។
ព្រោះថាមានមនុស្សមួយចំនួនក្បែរអ្នក គេចាំមើលអ្នក ចាំនិន្ទាថាអ្នករកស្មោះមិនឃើញឡើយ ហើយទៅសាកល្បងជាមួយនរណាក៏បរាជ័យដែរ ដូច្នេះចាំឲ្យគេភ្លឺភ្នែក ថាអ្នកពិតជាអាចរកបានមនុស្សដ៏សក្តិសម មនុស្សដ៏ល្អក្នុងជីវិត។
ក្រឡកែវថ្មទី ៣ – រឿងគ្រួសារ

បើទោះបីមានការខឹងសម្បា ឬមានការអាក់អន់ចិត្តយ៉ាងណា ចូរកុំហែកហួររឿងគ្រួសាររបស់ខ្លួនឯងទៅកាន់អ្នកដទៃឲ្យសោះ។ មនុស្សដែលអ្នកប្រាប់ទាំងអំបាលម៉ាន មិនប្រាកដថាគេរីករាយនឹងស្តាប់ នឹងចាំលើកទឹកចិត្តអ្នកទេ ផ្ទុយទៅវិញ គេមានតែពេបជ្រាយ សប្បាយលើគំនរទុក្ខ ហើយអ្នកខ្លះទៀតក៏សាយភាយរឿងនោះ កាន់តែឆ្ងាយទៅជនបន្ត ដូច្នេះចូរប្រយ័ត្នឲ្យមែនទែន។
ក្រឡកែវថ្មទី ៤ – រឿងផែនការណ៍ផ្ទាល់ខ្លួន

អនាគតចង់ធ្វើអី ចង់សម្រេចអី ក៏កុំទាន់បើកចំហលឿនពេក ប្រសិនវាត្រឹមស្ថិតក្នុងគម្រោង។ ចូររង់ចាំដល់ខ្លួនឯងអាចសម្រេចឲ្យវាចេញជាផ្លែ ជាផ្កាសឹមបង្ហាញទៅកាន់មនុស្សទាំងឡាយក៏បាន។
ការរៀបរាប់អំពីផែនការណ៍ប្រាប់អ្នកដទៃជាមុន បើសម្រេចបាន មិនអីទេ តែបើសម្រេចមិនបាន នោះគេនឹងរាប់អ្នកជាមនុស្សអសមត្ថភាព គ្មានឆន្ទៈ គ្មានការទទួលខុសត្រូវ គ្មានអ្វីគួរឲ្យជឿជាក់ នាំឲ្យខាតប្រយោជន៍នៃទំនាក់ទំនងទៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល ៖ក្នុងស្រុក

