តាមការទស្សន៍ទាយរបស់ក្បួនហោរ សម្រាប់ដំណាលនៅល្បាក់ចុងឆ្នាំ ២០២២ ចូលដល់ ២០២៣ ខាងមុខ គឺមើលឃើញមានឆ្នាំ ៤ រាប់ជាមហាឆ្នាំកំពូលសំណាង ដែលអាចជោគជ័យ សម្រេចក្តីស្រមៃធំៗបាន ទាំងដែលបុគ្គលខ្លះមិនសូវជាខំខ្លាំង៖
អ្នកកើតឆ្នាំរកា – មាន់

មនុស្សនេះរួសរាយក្នុងសង្គម មានមិត្តភក្តិ គេស្គាល់ស្រលាញ់រាប់អានច្រើន ដូច្នេះលាភសំណាងពេលផ្ទុះម្តងៗ ក៏រីកធំទៅតាមនោះដែរ។ នៅពេលខាងមុខ ពួកគេនឹងទទួលបានការជួយជ្រោមជ្រែងពីអ្នកដែលមានឋានៈខ្ពស់ជាង ជួយឲ្យជីវិតជួបតែភាពសម្បូរសប្បាយពេញមួយឆ្នាំ ២០២៣។
វាលាយឡំនឹងការខិតខំ ក៏ដូចជាទេពកោសល្យរបស់គេខ្លះផង ហើយជួនឱកាសល្អមកដល់ ក៏បូកឲ្យមូលទ្រព្យ ផ្តុំសុទ្ធជង្រុកមាសជង្រុកប្រាក់ ល្មមអាចទិញបានផ្ទះថ្មី ឡានថ្មីផងដែរ សម្រាប់ជនប្រុសស្រីមួយចំនួន។
អ្នកកើតឆ្នាំឆ្លូវ – គោ

ជាមនុស្សដែលចេះបត់បែន មានសមត្ថភាព ទេពកោសល្យពិសេស តាំងតែពីកំណើត។ មនុស្សនេះមានចរិតចាស់ទុំលឿន បើទោះបីអាយុនៅក្មេងខ្ចី។ ភាពក្លាហាន ឆន្ទៈដ៏មោះមុត រមែងបង្ហាញចេញមក ដោយមិនរារែកឡើយ។
ហោរាសាស្រ្តបានទស្សន៍ទាយថានៅចុងឆ្នាំ ២០២២ ដល់មួយឆ្នាំ ២០២៣ ពេញ មនុស្សកើតឆ្នាំឆ្លូវ នឹងឃើញឱកាសអភិវឌ្ឍខ្លួនច្រើន ខណៈដែលសំណាងអាក្រក់ និងការលំបាកក៏ស្រកចុះច្រើន។ ពេលវេលានៃការប្រមូលផលនៃលាភ គឺកៀកនឹងចូលមកដល់ហើយសម្រាប់ម្ចាស់ឆ្នាំគោ ពោលអាចចាប់ផ្តើមអាជីវកម្ម ឬបោះជំហានថ្មីណាមួយ ក្នុងពេលខាងមុខ គឺសក្តិសមបំផុត។
អ្នកកើតឆ្នាំមមី – សេះ

វាហាក់បីដូចជាមានការធ្លាក់ចុះច្រើនសម្រាប់យីអ៊ុនម្ចាស់ឆ្នាំមមី នៅដើមឆ្នាំ ២០២២ តែវាមិនអាក្រក់ពេកទេ គ្រាន់ថាសំណាងធំ មិនទាន់ឃើញផ្ទុះទាល់តែសោះ។ ឥឡូវចាំអង្កេតមើលចូលដល់ចុងឆ្នាំ ២០២២ ឬកំឡុងមួយឆ្នាំទៅមុខ អ្នកនឹងដល់ពេលប្រមូលផលនៃលាភ ប្រមូលផលមាសប្រាក់ចូលក្នុងផ្ទះហើយ។
សញ្ញារាសីចក្រនៃម្ចាស់ឆ្នាំមមី នឹងរះហោះឡើងខ្ពស់ ដូចខ្លែងដាច់ខ្សែក្នុងខ្យល់ ហើយបើផែនការណ៍មិនទាន់សម្រេច ក៏នឹងសម្រេចជាផលនៅឆ្នាំក្រោយ ២០២៣។ ក្តីស្រមៃទាំងឡាយនឹងក្លាយជាការពិត នាំឲ្យជីវិតហក់ឡើងដល់ចំណុចកំពូល មានធនធានល្មមអាចទិញទ្រព្យធំចូលជីវិតបានផងដែរ។
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាមនុស្សមានចរិតស្លូតបូត ហើយឧស្សាហ៍ព្យាយាម និងមានផែនការណ៍ច្បាស់លាស់ក្នុងជីវិត។ មនុស្សនេះពូកែរកលុយតាំងពីនៅវ័យក្មេង ហើយអត់យូរទេ តែត្រឹមល្បាក់ ២០ ក្រាស់ ឬចូល ៣០ ស្តើង ចេះអាចបង្កើតសុភមង្គលដល់ជីវិត គ្រាន់ថាមិនទាន់ជាពេញលេញ។
ចូលមកដល់ចុងឆ្នាំ ២០២២ ខាងមុខ រាសីរបស់អ្នកកើតឆ្នាំកុរ នឹងមានការរីកចម្រើនខ្លាំង ហើយបើចង់វិនិយោគទៅលើអ្វីមួយ កំឡុងពេលនោះគឺល្អបំផុត ហើយនឹងឡើងកូដខ្លាំងនៅឆ្នាំ ២០២៣។ ការដំឡើងឋានៈ សក្តិយសក៏នឹងកើតឡើងនៅល្បាក់ឆ្នាំក្រោយនេះដែរ រីឯផ្នែកសុខភាពក៏ថេរ មិនឃើញជាមានបញ្ហាអ្វីឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

