
ទាក់ទងគ្នាកាន់តែយូរ អារម្មណ៍កាន់តែប្រួលប្រែ ហេតុអ្វីគេលែងដូចមុន?
ពេលដែលអ្នកស្រលាញ់មនុស្សម្នាក់ គឺបានយកក្តីសង្ឃឹមយ៉ាងខ្ពស់ដាក់លើខ្លួនគេ។ តែជាក់ស្តែងគឺមិនដូចជាអ្វីដែលយើងបានគិតនោះឡើយ អាចនឹងនៅក្នុងរឿងមនោសញ្ចេតនាជួបនឹងភាពនឿយហត់ អស់សង្ឃឹម ទទួលបានហើយខ្លាចបាត់បង់ទៅវិញ។ ដូច្នេះសុភាពនារីជាច្រើនតែងយល់ថា ក្រោយពីស្រលាញ់គ្នាមួយរយៈហើយ គេហាក់ដូចជាប្រែប្រួលលែងទន់ភ្លន់ដូចមុន ក៏លែងយកចិត្តទុកដាក់ដូចមុនដែរ ចំពោះការឆ្លើយតបសារក៏មិនលឿនដូចមុន គេរវល់ទុកអ្នកចោលទៀតហើយ ខលទៅគេប៉ុន្មានដងហើយនៅតែមិនលើក ពេលដើរផ្សារ ឃើញស្រីស្អាតមិនបាន។ នៅក្នុងកែវភ្នែករបស់មនុស្សស្រី អាកប្បកិរិយាទាំងនេះគឺជាសក្ខីតាងដែលបញ្ជាក់ថាមនុស្សប្រុសលែងស្រលាញ់យើងហើយ។ តែតាមពិតទៅ ទាំងនេះគឺជារឿងតូចតាចដែលនៅក្នុងជីវភាពរស់នៅតែប៉ុណ្ណោះ ក៏មិនមែនជាការស្រលាញ់មិនស្រលាញ់អីនោះដែរ ហើយវាជាភាពខុសគ្នានៃរបៀបការគិតរវាងមនុស្សស្រី និងមនុស្សប្រុសតែប៉ុណ្ណោះ។ ពេលដែលប្រឈមមុខនឹងមនោសញ្ចេតនា មនុស្សប្រុស និងមនុស្សស្រីមានលក្ខណៈខុសគ្នា។ ភាគច្រើនមនុស្សប្រុសទើបតែស្រលាញ់គ្នាមានភាពល្អូកល្អើន ក្រោយពីស្រលាញ់គ្នាយូរបន្តិចប្រែទៅជាធម្មតាវិញ ចំណែកឯមនុស្សស្រី ពេលគេតាមស្រលាញ់ដំបូងរាងសោះអង្គើយ ពេលដែលស្រលាញ់គ្នាយូរទៅគឺយកចិត្តទុកដាក់ជាមួយគេកាន់តែច្រើនឡើងៗ។ មនុស្សប្រុសពេលដែលទើបតែស្រលាញ់យើងគឺយកចិត្តទុកដាក់នឹងយើងខ្លាំងណាស់ បន្ទាប់ពីស្រលាញ់គ្នាស្គាល់ចិត្តថ្លើមគ្នាយូរទៅគឺប្រែទៅរកសភាពធម្មតាវិញ…











