
ឧកញ៉ា គួច ម៉េងលី៖ ព្រមទទួលកំហុស! បញ្ជាក់ពីភាពក្លាហានអង់អាច ស្មោះត្រង់ និងការមោះមុតរបស់យើង
#ព្រមទទួលកំហុស ខ្ញុំនៅតែមានជំនឿថា នៅលើផែនដីយើងនេះ ពុំមាននរណាម្នាក់អាចគេចផុតពីកំហុសបាននោះទេ បើទោះជាអ្នកនោះមានចំណេះចេះដឹងជ្រៅជ្រះឬមានប្រាជ្ញាឈ្លាសវៃលើសគេក៏ដោយចុះ ក៏នៅតែមានកំហុសខុសឆ្គងគេចមិនរួចដែរ។ កំហុសគ្មានអ្វីដែលគួរឱ្យអ្នកខ្លាចញញើតនោះឡើយ តែកំហុសគឺជាមេរៀនជីវិតដ៏ល្អដែលប្រាប់ពីផ្លូវមួយដ៏ប្រសើរដល់អ្នក។ កំហុសបង្កើតនូវបទពិសោធ និងជាជំហានស្វែងរកផ្លូវត្រឹមត្រូវមួយសម្រាប់ដើរបន្ដ។ ទម្រាំខ្ញុំដើរដល់កន្លែងដែលខ្ញុំអាចឈរជើងបានមួយនេះ គឺខ្ញុំធ្លាប់មានកំហុសច្រើនរាប់មិនអស់ទៅហើយ មិនថាពីមុនឬក្នុងពេលថ្មីៗនេះទេ។ កំហុសខ្ញុំ គឺត្រង់ជ្រួសជ្រុលពាក្យសម្ដី ជ្រួសជ្រុលកំហឹង ជ្រួសជ្រុលការយល់ឃើញចំពោះគេច្រើន។ គ្រប់កំហុសទាំងអស់នេះ ខ្ញុំពុំដែលដោះសាយករួចខ្លួនឡើយ។ ជាទម្លាប់ខ្ញុំ កំហុសដែលបានសាងមកពីអារម្មណ៍ស្រ្ដេសរបស់ខ្ញុំ គឺខ្ញុំមិនដែលខ្លាចក្នុងការទទួលកំហុសនោះទេ។ កំហុសដែលខ្ញុំសាងមក ខ្ញុំឆាប់ដឹងខ្លួនណាស់ ហើយខ្ញុំក៏បានសុំការអធ្យាស្រ័យពីគេ និងសូមទោសគេភ្លាមៗវិញដែរ ដោយមិនស្ទាក់ស្ទើរចិត្ដឡើយ។ ដូច្នេះ ខ្ញុំបានសាងកំហុសច្រើនណាស់ ហើយនឹងមានកំហុសផ្សេងៗទៀតរាប់មិនអស់ដែលខ្ញុំអាចនឹងសាងវាឡើង តែខ្ញុំព្រមទទួលយកកំហុសនោះ និងទាញយកកំហុសទាំងអស់នោះឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង…











