
កុំមានការរំពឹងទុកខ្ពស់ពេក ពុំដូច្នេះទេ ពេលដែលមិនដូចបំណង នឹងអស់សង្ឃឹមយ៉ាងខ្លាំងជាមិនខាន!
ក្នុងជីវិតរបស់មនុស្សគ្រប់រូប ប្រាកដជាបានជួបនឹងភាពអស់សង្ឃឹមមិនតិចឡើយ តើមែនទេ? មានអ្នកខ្លះអស់សង្ឃឹមហើយ ក៏អាចក្រោកឈរឡើងវិញហើយបន្តដំណើរ និងក្តីស្រមៃរបស់ខ្លួនតទៅមុខទៀត។ ចំណែកអ្នកខ្លះវិញ បន្ទាប់ពីអស់សង្ឃឹមយ៉ាងខ្លាំងហើយនោះ ក៏បាក់ទឹកចិត្ត រាងចាលនឹងរឿងនោះតែម្តង តើនេះមកពីមូលហេតុអ្វីទៅ? តាមពិត អាចមកពីយើងមានការរំពឹងទុកទៅលើរឿងអ្វីមួយខ្លាំងហួសប្រមាណ ដល់ពេលដែលរឿងរ៉ាវនោះមិនសមបំណង យើងក៏កើតចិត្តរាថយ ឬអស់សង្ឃឹមយ៉ាងខ្លាំង។ ដូច្នេះយើងមកមើលឧទាហរណ៍ជាក់ស្តែងខាងក្រោមនេះ ៖ មានអ្នកដំណើរប៉ុន្មាននាក់ដើរតាមឆ្នេរសមុទ្រ ពួកគេបានវារឡើងលើច្រាំងថ្មចោទមួយ ហើយសម្លឹងមើលទៅសមុទ្រដ៏ល្វឹងល្វើយ ស្រាប់តែបានមើលឃើញរបស់មួយនៅទីឆ្ងាយ ពេលនោះពួកគេស្មានតែជានាវា ក៏រង់ចាំមើលបន្តទៀត ហើយពួកគេសង្ឃឹមដូចគ្នាថានេះច្បាស់ជាវានាជាមិនខាន ក្នុងចិត្តរបស់ពួកគេចង់ឱ្យតែនាវានោះចូលចតលើច្រាំងឱ្យបានឆាប់ៗ។ ប៉ុន្តែពេលដែលខ្យល់បានបក់រសាត់របស់នោះកៀកចូលមកដល់ច្រាំង ពួកគេឃើញថាជាកូនទូកមួយប៉ុណ្ណោះ មិនមែនជាវានាអ្វីឡើយ។ ទីបំផុត របស់នោះពិតជាបានមកដល់ច្រាំងមែន អ្វីដែលពួកគេមើលឃើញបែរជាអង្កត់អូសមួយគំនរដ៏ធំទៅវិញ។…











