តើអ្នកមានដែលចាប់អារម្មណ៍ទេ ថានៅក្បែរខ្លួនមនុស្សប្រុសដែលពូកែៗ រមែងមានមនុស្សស្រីមុខមាត់ធម្មតាម្នាក់ជានិច្ច។
អត្ថបទនេះអាចវែងបន្តិច ប៉ុន្តែវាមានសារៈសំខាន់សម្រាប់មនុស្សស្រីយើងឈ្វេងយល់។ ដោយសារតែការងារ ទើបខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សស្រីជាន់ខ្ពស់ជាច្រើន ដូច្នេះខ្ញុំសូមលើកយករឿងមួយមកនិយាយប្រាប់អ្នកទាំងអស់គ្នាចុះ។
ខ្ញុំមានមិត្តម្នាក់ នាងនិយាយប្រាប់ខ្ញុំថា ប្រសិនបើចង់ឱ្យមនុស្សប្រុសម្នាក់ស្រឡាញ់អ្នករហូតនោះ អាថ៌កំបាំង គឺមានតែមួយ ធ្វើជាបង្អែកស្មារតីរបស់គាត់ ធ្វើឱ្យគាត់ឃ្លាតឆ្ងាយពីអ្នកមិនរួច។ តម្រូវការខាងផ្លូវវិញ្ញាណស្មារតីរបស់បុរសមាន៣យ៉ាងធំៗគឺ ៖
១. ធ្វើខ្លួនឱ្យមានតម្លៃ

មិត្តខ្ញុំកាលនៅមហាវិទ្យាល័យឆ្នាំទី៤បានលួចស្រឡាញ់សាស្រ្តាចារ្យម្នាក់ គាត់គឺជាសាស្រ្តាចារ្យវ័យក្មេង អាយុមិនដល់៣០ឆ្នាំក៏ក្លាយជានាយករងសាលា រូបរាងសង្ហា គ្រួសារក៏ថ្លៃថ្នូរខ្ពង់ខ្ពស់ នៅក្បែរខ្លួនមានស្រីស្អាតចោមរោមដូចស្រមោច និងស្ករ។
ឯមិត្តខ្ញុំគ្រាន់តែជានារីធម្មតា ចរិតគ្រាន់បើ ប៉ុន្តែបើដាក់នាងនៅក្នុងហ្វូងមនុស្ស គឺពិបាកនឹងរកមើលឃើញណាស់។ ប៉ុន្តែរយៈពេលមិនដល់២ឆ្នាំផង នាងអាចធ្វើឱ្យសាស្រ្តាចារ្យសង្ហារនោះសុំនាងរៀបការបាន។ តើនាងអាចធ្វើបានយ៉ាងដូចម្តេច?
មនុស្សស្រីទូទៅ ប្រសិនបើឃើញបុរសពូកែលេចធ្លោបែបនេះ ប្រាកដជាអរ រញីរញ័រចង់ស្គាល់ចង់រាប់អាន ទប់អារម្មណ៍មិននឹង ងាយនឹងសម្តែងឱ្យគេបានឃើញបានដឹងមិនខាន តែមិត្តខ្ញុំបែរជានិយាយថា ខ្ញុំឃើញនៅក្បែរខ្លួនគាត់មានមនុស្សស្រីស្អាតបែបនេះច្រើន ខ្ញុំបែរជាទុកចិត្តទៅវិញ ពីព្រោះបុរសឆ្លាតពូកែលេចធ្លោលើសគេ គាត់តែងតែស្អប់មិនចូលចិត្តភាពដូចគ្នា បើទោះជានាងៗមានសម្រស់ស្អាតដូចទេពធីតាក៏ដោយ តើវាយ៉ាងម៉េច? មនុស្សស្រីដែលអាចទាក់ទាញគាត់បាន គឺមានតែជាមនុស្សស្រីដែលមានចំណេះដឹងមានទេពកោសល្យ។
ដូច្នេះដើម្បីបានអង្គុយស្តាប់មេរៀនរបស់គាត់ នាងអាចខិតខំអានសៀវភៅមួយថ្ងៃអស់១០ក្បាល ក៏ព្រោះតែចង់មានឱកាសបានសួរសំណួរដ៏មានខ្លឹមសារជ្រៅជ្រះទៅគាត់។
មិនយូរប៉ុន្មានផង លោកគ្រូសង្ហាក៏ចាប់អារម្មណ៍លើនាង ពេលខ្លះនាងក៏ប្រកែវែកញែករកហេតុផលតវ៉ាជាមួយលោកគ្រូទៀត លោកគ្រូមានការភ្ញាក់ផ្អើលមិនដែលមានសិស្សណាឆ្លាតពូកែ ហើយកម្រិតយល់ដឹងក៏មិនធម្មតាដែរ ពេលរៀនចប់ក៏មានការពិភាក្សាប្រឹក្សាយោបល់នៅហាងកាហ្វេទៀត។
ស្រីៗត្រូវចាំថា បុរសដែលពូកែលេចធ្លោ គាត់តែងតែប្រាថ្នាចង់បានមនុស្សស្រីដែលមានកម្រិតយល់ដឹងខ្ពស់ ជាជំនួយការផ្នែកស្មារតីអាចនិយាយគ្នាងាយស្តាប់យល់ ទើបគាត់អាចគោរពនាង ហើយការគោរពនេះហើយ គឺជាតម្លៃចាប់ផ្តើមដំបូងនៃសេចក្តីស្នេហា។
បើគ្មានការគោរពទេ នោះគ្រាន់តែជាការស្រឡាញ់ចំពោះសត្វចិញ្ចឹមប៉ុណ្ណោះ មិនមែនជាសេចក្តីស្រឡាញ់ចំពោះមនុស្ស និងមនុស្សឡើយ។
២. ភាពស្និទ្ធស្នាល

នៅពេលស្គាល់គ្នាកាន់តែយូរ មិត្តខ្ញុំក៏ចាប់ផ្តើមនិយាយរឿងនិយាយពីជីវភាពរស់នៅកាលវ័យកុមាររបស់នាង ដែលឆ្លងកាត់ទុក្ខលំបាកឱ្យលោកគ្រូស្តាប់ ហើយលោកគ្រូក៏ចាប់ផ្តើមនិយាយបើកចំហររឿងផ្ទាល់ខ្លួនដូចគ្នា ពេលខ្លះក៏មានអារម្មណ៍រំជួលចិត្ត មនុស្សប្រុសដែល Cool ម្នាក់ អាចស្រក់ទឹកភ្នែកនៅចំពោះមុខនាងទៀតផង។ នោះបានន័យថា នាងអាចដើរចូលទៅក្នុងបេះដូងរបស់គាត់ហើយ ក៏បានន័យថា គាត់ទុកចិត្តហើយមានអារម្មណ៍ពឹងផ្អែកលើនាងហើយ។ បន្ទាប់មកលោកគ្រូក៏ចាប់រកលេសនៅក្បែរនាងកាន់តែច្រើនឡើងៗ។
ប៉ុន្តែអ្នកត្រូវដឹងថា មនុស្សប្រុសគឺសុទ្ធតែដូចគ្នា នៅពេលដែលអ្នកផ្តល់ឱ្យកាន់តែច្រើន ភាពងឿងឆ្ងល់ ការចង់បានរបស់គេត្រូវបានបំពេញក្លាយមកជាការពិតរួចហើយ គេនឹងចាប់ផ្តើមចូលដល់ដំណាក់ការក្លាយជាទម្លាប់ ហើយក៏ងាយនឹងព្រងើយកន្តើយមិនចាប់អារម្មណ៍ទៀតដែរ។ ដូច្នេះយើងត្រូវចាប់ផ្តើមធ្វើឱ្យគាត់បញ្ចេញនូវតម្រូវការទី៣ខាងក្រោមនេះ។
៣. អារម្មណ៍ប្រកួតប្រជែង

នៅពេលនោះ មិត្តខ្ញុំដឹងថានាងជិតសម្រេចគោលដៅហើយ ប៉ុន្តែនៅពេលដែលជិតបានសម្រេច គឺរឹតតែត្រូវធ្វើចិត្តឱ្យនឹងនរ នាងចាប់ផ្តើមទុកគាត់ចោល មិនសូវខ្វាយខ្វល់រវីរវល់ជាមួយគាត់ដូចមុនទៀត។
រឹតតែខំប្រឹងបង្កើនចំណេះដឹងនឹងការងាររបស់ខ្លួននាង នៅក្នុងIGនាងតែងតែបង្ហោះរូបជួបជុំមិត្តភក្តិ ធ្វើរឿងដែលខ្លួនចង់ធ្វើ ដើរលេង រៀនសិល្បៈផ្សេងៗ និងមានគម្រោងចង់បន្តការសិក្សានៅបរទេសទៀត។
នៅពេលនោះលោកសាស្រ្តាចារ្យវ័យក្មេងចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចបាត់បង់ឱកាស ក៏សម្រេចចិត្តសុំនាងរៀបការតែម្តង។ មកដល់ពេលនេះពួកគេរៀបការបានរយៈពេលជិត១០ឆ្នាំហើយ ហើយលោកគ្រូនោះក៏រឹតតែស្រឡាញ់ថ្នមនាងថែមទៀត ក៏ព្រោះតែនាងអាចចាប់បានចំណុច៣យ៉ាងនេះ ៖
– យកគុណតម្លៃមកទាក់ទាញ់
– បំពេញឱ្យនូវកម្លាំងស្មារតី
– រស់នៅដោយឯករាជ្យ និងម្ចាស់ការលើខ្លួនឯង
មិនមែននាងប្រើល្បិចទេ ប៉ុន្តែនាងរស់នៅស្គាល់ពិតពីតម្លៃខ្លួនឯង រស់នៅជាខ្លួនឯង។ មនុស្សស្រីបែបនេះ តើមានបុរសណាព្រមចាកចេញពីនាងបានទៅ?
ប្រែសម្រួលពីអត្ថបទភាសាចិនដោយ ៖ សុខ គឹមទៀវ

