អ្វីក៏ដោយ ឱ្យតែមានពាក្យថា ពេក វាមិនមែនជារឿងដែលល្អប្រសើរទេ ពាក្យថា ពេក ច្រើនតែបង្កឱ្យមានរឿងហេតុ និងបញ្ហាតាមមកពីក្រោយ បើមិនធ្វើឱ្យម្ខាងទៀតឈឺចាប់ គឺយើងខ្លួនឯងជាអ្នករងទុក្ខ នេះដោយសារតែពាក្យថា ពេក នេះឯង។
ក៏ដូចគ្នាចំពោះរឿងស្នេហា ការដាក់មនោសញ្ចេតនា កុំបណ្ដោយឱ្យវាជ្រុលហួសហេតុ រហូតដល់យើងហួងហែង បិទសិទ្ធសេរីភាព និងដាក់សម្ពាធដល់ដៃគូ តែក៏មិនត្រូវធូររលុង ធ្វើហីៗ មិនដឹងមិនឮព្រងើយកន្តើយដាក់គូស្នេហ៍ឱ្យសោះ។

ចំពោះទំនាក់ទំនងស្នេហា ប្រសិនបើយើង ៖
– ដាក់មនោសញ្ចេតនាស្ទើរពេក ៖ វានឹងធ្វើឱ្យម្ខាងទៀតមានអារម្មណ៍ថា យើងមិនបានស្រឡាញ់គេពិតប្រាកដទេ យើងគ្រាន់តែចង់លេងសើច គេប្រាកដជាគិតថាយើងនេះ មិនខ្វាយខ្វល់ មិនអើពើជាមួយនឹងគេ ការស្ទើរមនោសញ្ចេតនាចំពោះគ្នា វានឹងធ្វើឱ្យដៃគូរបស់យើងគេគិតច្រើន មិនសប្បាយចិត្ត ហើយក៏អាចជាឱកាសសម្រាប់អ្នកផ្សេង អាចចូលជ្រៀតក្នុងរឿងស្នេហារបស់អ្នកបានយ៉ាងងាយផងដែរ។ ជាការពិតណាស់ ការដែលយើងស្រឡាញ់គ្នាជាមួយនរណាម្នាក់ គឺត្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ ខ្វាយខ្វល់ចំពោះគ្នាទៅវិញទៅមក បារម្ភ សួរនាំ មើលថែចំពោះគ្នា មានការលះបង់ និងខ្វាយខ្វល់អំពីគ្នា មិនមែនចេះតែព្រងើយកន្តើយ ទុកឱ្យម្ខាងទៀតនៅម្នាក់ឯង ឯកា មានស្នេហា មានសង្សារ ប្រៀបដូចជាគ្មាននោះទេ។

– ដាក់មនោសញ្ចេតនាជ្រុលហួសហេតុពេក ៖ ច្បាស់ណាស់ថា នឹងធ្វើឱ្យម្ខាងទៀត គាត់នឹងមានអារម្មណ៍ថារងសម្ពាធពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់អ្នកជាក់ជាមិនខាន។ ជាធម្មតា ប្រសិនបើមនុស្សម្នាក់ ដាក់មនោសញ្ចេតនាខ្លាំងចំពោះស្នេហា ការស្រឡាញ់មួយនោះ ប្រាកដណាស់ថា គេនឹងមិនអាចធ្វើអ្វីផ្សេងបានទេ ក្រៅតែពីតាមហួងហែង យកចិត្តទុកដាក់ ខ្វាយខ្វល់ដល់មនុស្សដែលគេស្រឡាញ់ ទង្វើបែបនេះ អាចឱ្យគេក្លាយជាមនុស្សចិត្តចង្អៀត ក្ដោបក្ដាប់ និងព្យាយាមគ្រប់គ្រង បញ្ជា បិទសិទ្ធិសេរីភាពដល់ដៃគូថែមទៀតផង។ មួយវិញទៀត នៅពេលដែលមនុស្សម្នាក់នោះ បានដាក់មនោសញ្ចេតនាខ្លាំងជ្រុលទៅឱ្យដៃូ បើគេមិនធ្វើឱ្យដៃគូរងសម្ពាធទេ គឺគេនឹងធ្វើឱ្យខ្លួនឯងរងទុក្ខ និងឈឺចាប់ទៅវិញ។

មនោសញ្ចេតនា សម្រាប់ស្នេហា និងផ្ដល់ការស្រឡាញ់ដល់ដៃគូ បើស្នេហាមួយមិនមានមនោសញ្ចេតនាទេ វានឹងមិនអាចគង់វង្សបានឡើយ តែបើដាក់មនោសញ្ចេតនាជ្រុលខ្លាំងពេក វាប្រាកដជាពិបាក និងធ្វើឱ្យរងការឈឺចាប់សម្រាប់ខ្លួនឯង និងដៃគូមានសម្ពាធផ្លូវចិត្តតែប៉ុណ្ណោះ។ ដូច្នេះហើយ ចំពោះទំនាក់ទំនងស្នេហា ឱ្យតែមានការស្រឡាញ់ពិតប្រាកដ ស្មោះត្រង់ចំពោះដៃគូ ការដាក់មនោសញ្ចេតនាដ៏ល្អបំផុតគឺ ត្រូវស្ថិតក្នុងលក្ខខណ្ឌដ៏សមរម្យ កុំឱ្យហួសហេតុពេក តែក៏កុំឱ្យខ្វះមនោសញ្ចេតនា ការយកចិត្តទុកដាក់ចំពោះគូស្នេហ៍របស់អ្នក៕

អត្ថបទ ៖ ភី អេក / #មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

