នៅពេលដែលអ្នកចេះតែព្រងើយកន្តើយនឹងនាង អ្នកតែងតែទុកនាងចោល ខ្វល់តែចំពោះទូរសព្ទ គិតតែឆាត គិតតែលេងទូរសព្ទ ទង្វើនេះ គឺស្មើនឹងអ្នកកំពុងតែសម្លាប់ទំនុកចិត្ត ភាពជឿជាក់ និងមនោសញ្ចេតនាដែលនាងមានចំពោះអ្នកនាង។ នាងនឹងគិតថា អ្នកលែងត្រូវការនាង អ្នកលែងស្រឡាញ់នាងដូចមុន អ្នកធុញទ្រាន់នឹងនាង គឺអ្នកលែងចង់នៅក្បែរនាង ហើយនាងប្រាកដជាគិតថាអ្នកកំពុងតែមានអ្នកថ្មីថែមទៀតផង។

មនុស្សស្រីម្នាក់ដែលបានដាក់ចិត្តដាក់បេះដូងស្រឡាញ់អ្នកហើយ នាងក៏មិនខ្វល់ទេថារយៈពេលដែលអ្នក ហើយនឹងនាងបានចាប់ផ្ដើមមកយូរប៉ុនណាទេ សំខាន់គឺនាងនៅតែត្រូវការការយកចិត្តទុកដាក់ និងនៅក្បែរនាង៌្យបានច្រើនៗ ខ្វាយខ្វល់ពីនាង មិនមែនចេះតែទុកនាងចោលស្ទើរតែគ្រប់ពេលនោះឡើយ។ នាងពិតជាចង់ឱ្យអ្នកតាមនាងណាស់ ការខ្វាយខ្វល់របស់អ្នកដែលផ្ដល់ឱ្យនាង គឺជាកម្លាំងចិត្ត ស្នាមញញឹម និងសុភមង្គលដ៏ធំធេងសម្រាប់នាង តើអ្នកមានដឹងទេ? នាងនៅតែត្រូវការឱ្យអ្នកលះបង់ និងព្យាយាមដើម្បីនាងឱ្យបានច្រើនៗតាមដែលអាចធ្វើទៅបាន គឺឱ្យដូចគ្រាដំបូង ដែលអ្នកបានចាប់ផ្ដើមជាមួយនាហអ៊ីចឹងដែរ។

ក្នុងនាមជាមនុស្សដែលស្រឡាញ់គ្នា អ្នកគួរតែផ្ដល់ក្ដីសុខ ស្នាមញញឹម និងភាពកក់ក្ដៅដល់នាងឱ្យបានច្រើន អ្នកមិនគួរទុកនាងចោល មិនខ្វល់ពីនាងនោះទេ។ កាយវិការ ការយកចិត្តទុកដាក់ និងពេលវេលារបស់អ្នកសម្រាប់នាង វាពិតជាមានន័យណាស់ មិនមែនត្រឹមតែពាក្យសម្ដីនិយាយថាស្រឡាញ់ពីរម៉ាត់ គិតថាគ្រប់គ្រាន់នោះឡើយ។
សូមកុំទុកមនុស្សស្រីដែលស្រឡាញ់អ្នកខ្លាំងចោលឱ្យសោះ សូមកុំធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកលែងត្រូវការនាង សូមកុំបង្រៀនឱ្យនាងក្លាយជាមនុស្សស្រីរឹងមាំខ្លាំងពេក ព្រោះបើនាងរឹងមាំពេកហើយនោះ អ្នកក៏លែងមានតម្លៃអ្វីសម្រាប់នាងដែរ ព្រោះនាងអាចដេក ដើរ ឈរអង្គុយ ឬទៅគ្រប់កន្លែង ឬធ្វើអ្វីដោយខ្លួនឯងបាន ទោះជាគ្មានអ្នកនៅក្បែរ គ្មានវត្តមានអ្នកជួយនាងក៏ដោយ មនុស្សស្រីបើនាងរឹងមាំហើយ គឺមានន័យថា នាងក្លាយជាមនុស្សស្រីចិត្តដាច់បំផុតដូចគ្នា៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

