ចង់ផ្គុំកែវដែលបែកគឺពិបាកណាស់ តែបើចង់ផ្សះផ្សាទំនាក់ទំនងដែលធ្លាប់ប្រេះឆា គឺមិនមានអ្វីដែលពិបាកនោះទេ ព្រោះរាល់ទំនាក់ទំនងទាំងអស់ គឺសុទ្ធតែមានមនោសញ្ចេតនាចាក់ជ្រៅដែលជាធាតុផ្សំ ដូច្នេះ ចង់ឱ្យគ្រប់យ៉ាងត្រឡប់ដូចដើម មិនមានអ្វីដែលថាធ្វើមិនបាននោះឡើយ សំខាន់ឱ្យតែចិត្តគំនិត និងអារម្មណ៍របស់មនុស្សពីរនាក់នៅតែមានចំពោះគ្នា។

យ៉ាងណាមិញ វាក៏មានពិតមែន មិនថាមិត្តភាព ឬគូស្នេហ៍នោះឡើយ អ្នកខ្លះបានបែកគ្នាអស់ពេលជាច្រើនឆ្នាំទៅហើយក្ដី តែបែរជាអាចត្រឡប់មកត្រូវរ៉ូវគ្នាវិញជាថ្មីបាន លើសពីនេះ ពួកគេអាចសាងទំនាក់ទំនងយ៉ាងល្អជាមួយគ្នាថែមទៀត ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ចំណុចរឹតតែពិសេសជាងនេះទៀតនោះគឺ ពួកគេកាន់តែចេះថែរក្សាគ្នា ចេះយល់ពីជម្រៅចិត្តគ្នាកាន់តែស៊ីជម្រៅ។

មនុស្សដែលអាចវិលត្រឡប់មករកគ្នាវិញ ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ក៏ព្រោះតែគេដឹងថា មួយរយៈកន្លងមកដែលបានឃ្លាតឆ្ងាយពីគ្នានេះ វាគឺជាពេលវេលាដើម្បីពិសោធន៍នូវអារម្មណ៍រវាងគ្នាឱ្យបានដឹងកាន់តែច្បាស់ថា ពួកគេពិតជាត្រូវការគ្នា ម្នាក់ៗពិតជាមិនអាចបាត់បង់គ្នាបានឡើយ។ ហើយរឿងរ៉ាវអនុស្សាដែលពួកគេបានសាងកន្លងមកនេះ វាពិតជាមានន័យ និងមិនមានអ្វីដែលអាចកាត់ថ្លៃបានដែរ។

យ៉ាងណាមិញ ពេលត្រឡប់មកជួបគ្នាវិញសាជាថ្មី វាក៏ជាពេលវេលាមួយដែលមនុស្សពីរនាក់ត្រូវរប្រឈមមុខជាមួយគ្នាដោយភាពក្លាហាន និយាយរឿងក្នុងចិត្តជាច្រើនជាមួយគ្នា ជាពិសេសគឺ និយាយអំពីរយៈពេលដែលនៅឆ្ងាយគ្នាមួយរយៈនេះ ពួកគេបានជួប និងប្រឈមមុខជាមួយនឹងអារម្មណ៍បែបណាខ្លះ នៅពេលដែលពួកគេមិនបាននៅជិតគ្នា ឬមិនបានមានទំនាក់ទំនងជាមួយគ្នា។
ចុងក្រោយ វាក៏ជាពេលដែលឱ្យពួកគេត្រឡប់មកកែប្រែរាល់កំហុសឆ្គងទាំងឡាយនាងពេលកន្លង ដែលបានកើតឡើង ហើយធ្វើឱ្យពួកគេត្រូវបែកគ្នាមួយរយៈ ដូច្នេះ ពេលនេះ វាគឺជាពេលដែលត្រូវត្រឡប់មកផ្ដល់ និងបំពេញនូវចំណុចខ្វះចន្លោះ និងកែប្រែនូវកំហុសដែលធ្លាប់មាន ឱ្យបានល្អប្រសើរឡើងវិញ។ អ្វីដែលសំខាន់គឺ ត្រូវថែរក្សាគ្នាឱ្យបានល្អ មិនឱ្យមានការបែកបាក់ណាមួយកើតឡើងសាជាថ្មីទៀតនោះឡើយ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

