សុខភាពផ្លូវចិត្តនៅតែបន្តរងកង្វះការយកចិត្តទុកដាក់ពីវិស័យសុខភាពសាធារណៈនៅជុំវិញពិភពលោក។ បើយោងតាមអង្គការសុខភាពពិភពលោក មនុស្សប្រមាណមួយពាន់លាននាក់កំពុងរស់នៅជាមួយបញ្ហាសុខភាពផ្លូវចិត្ត។ ផ្ទុយទៅវិញ ប្រទេសនីមួយៗចំណាយថវិកាស្ទើតែ ២%ទៅលើបញ្ហាសុខភាពផ្លូវចិត្ត ដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរស់នៅដោយមិនបានទទួលសេវាកម្មនេះប្រកបដោយគុណភាព។
បើយោងទៅតាមអង្គការចិត្តសង្គម អន្តរវប្បធម៌ នៅក្នុងចំណោមប្រជាជនកម្ពុជាប្រមាណ ១៦លាននាក់ ប្រហែលជា ៤០%នៃពួកគេបានទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត និងវិបត្តិផ្លូវចិត្ត ក៏ប៉ុន្តែនាពេលបច្ចុប្បន្ន មជ្ឈមណ្ឌលសុខភាពត្រឹមតែ ២%តែប៉ុណ្ណោះដែលអាចផ្តល់សេវាសុខភាពផ្លូវចិត្តនេះដល់អ្នកជំងឺបាន។

ទិវាសុខភាពផ្លូវចិត្តពិភពលោកត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ខែតុលាជារៀងរាល់ឆ្នាំ ហើយបានផ្តល់ឱកាសដល់មនុស្សជុំវិញពិភពលោកមកចូលរួមជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។ ឆ្នាំនេះផងដែរ អង្គការសុខភាពពិភពលោក (WHO) សហព័ន្ធពិភពលោកសម្រាប់សុខភាពផ្លូវចិត្ត (WFMH) និងអង្គការរួបរួមគ្នាដើម្បីសុខភាពផ្លូវចិត្តពិភពលោក (UnitedGMH) បានរួមគ្នាបង្កើតឲ្យមានកិច្ចពិភាក្សាទៅលើយុទ្ធនាការមួយហៅថា «ចូលរួមទាំងអស់គ្នាដើម្បីសុខភាពផ្លូវចិត្ត៖ ចាប់ផ្តើមដាក់ទុនបន្ថែមទាំងអស់គ្នា»( Move for mental health: let’s invest campaign)។ យុទ្ធនាការនេះបានបង្ហាញពីផលប៉ះពាល់បណ្តាលមកពីការរីករាលដាលនៃវីរុសកូវីដ ១៩ រួមមានការធ្លាក់ចុះនៃសេដ្ឋកិច្ច ក៏ដូចជាការអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ដែលធ្វើឲ្យមនុស្សភាគច្រើនរងភាពភ័យខ្លាចនិងថប់បារម្ភ។
ផលប៉ះពាល់មួយទៀតនោះគឺ ការកើនឡើងយ៉ាងគំហកនៃការចំណាយពេលលើប្រព័ន្ធអនឡាញ ទាក់ទងនឹងការងារ ការកំសាន្ត និងដើម្បីទទួលបានព័ត៌មាននៅពេលដែលពួកគេនៅផ្ទះ។ ចំនួនម៉ោងដ៏ច្រើនលើសលប់នេះបានបង្កជាបញ្ហាប្រឈមមួយផ្សេងទៀត គឹការញៀនលើអេក្រង់អេឡិចត្រូនិច និងការបៀតបៀនលើប្រព័ន្ធអនឡាញ។ ហើយវាក៏បានសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់ក្នុងការបង្កើតបរិបទអនឡាញដែលវិជ្ជមាននិងមានតុល្យភាព។ ក្រៅពីការចូលរួមពីរដ្ឋាភិបាលនិងបុគ្គល ទម្រង់ឌីជីថលបានក្លាយជាផ្នែកមួយក្នុងការបង្កើនភាពធន់នៅក្នុងផ្លូវចិត្តនិងទម្រង់ឌីជីថល។

ការចូលរួមលើកកម្ពពស់សុខភាពផ្លូវចិត្តតាមរយៈទម្រង់ឌីជីថល
ទម្រង់ឌីជីថលអាចលើកកំពស់ការយល់ដឹងក៏ដូចជាអប់រំដល់អ្នកប្រើប្រាស់ទាំងអស់អំពីសុខភាពផ្លូវចិត្តតាមរយៈការចែករំលែកគន្លឹះសុខភាពផ្លូវចិត្ត និងបទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេបានជួបប្រទះ។ តួយ៉ាង TikTok បានដាក់ចេញនូវការប្រកួតមួយហៅថា «គិតមុនធ្វើអ្វីមួយ» ដើម្បីលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់របស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោកឲ្យចំណាយពេលគិតពិចារណាមុនពេលចូលរួមនៅក្នុងសកម្មភាពអវិជ្ជមានឬគ្រោះថ្នាក់ណាមួយ ដែលរាប់តាំងពីការបៀតបៀនតាមប្រព័ន្ទអនឡាញ រហូតដល់ការធ្វើបាបខ្លួនឯងជាដើម។ យុទ្ធនាការទាំងនោះបានក្លាយវេទិកាសម្រាប់សហគមន៍លើប្រព័ន្ធអនឡាញដើម្បីចូលរួមចំណែកក្នុងការបង្កើតនូវបរិយាកាសប្រកបដោយសុវត្ថិភាពនិងវិជ្ជមានសម្រាប់មនុស្សគ្រប់ៗរូប។
មនុស្សកាន់តែច្រើនដែលបានចំណាយពេលនៅលើប្រព័ន្ធអនឡាញ បានចាប់ផ្តើមយល់ដឹងពីសារៈសំខាន់នៃសុខុមាលភាព ឌីជីថល ហើយពួកគេបានកំពុងតែចូលរួមនៅក្នុងការបង្កើនការយល់ដឹងលើបញ្ហានេះ។
បន្ថែមពីនេះទៅទៀត តួនាទីរបស់ទម្រង់ឌីជីថលមិនត្រឹមតែជាអ្នកសម្របសម្រួលការចែករំលែកមាតិកានោះទេ យើងក៏ត្រូវធ្វើឲ្យប្រាកដថា ទម្រង់ឌីជីថលគឺជាកន្លែងសុវត្ថិភាព សម្រាប់ធ្វើការស្វែករក បង្កើតនិងតភ្ជាប់គ្នាទៅវិញទៅមក។ TikTok បានដាក់ចេញនូវកម្មវិធីបន្ថែមរួមមាន ការគ្រប់គ្រងពេលវេលាអេក្រង់ និងម៉ូដដាក់កំហិតជាដើម ដែលអាចឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងលើពេលវេលាចំណាយនៅលើ TikTok និងកំណត់មាតិកាដែលមិនសមរម្យសម្រាប់ពួកគេ។

ធ្វើការតាំងចិត្តផ្ទាល់ខ្លួនដើម្បីសុខភាពផ្លូវចិត្តដ៏ល្អប្រសើរ
ការចូលរួមនៅក្នុងយុទ្ធនាការសុខភាពផ្លូវចិត្ត គឺជាការចែករំលែកពីដំណើររឿងរបស់មនុស្សម្នាក់ៗដែលខុសគ្នាពីមួយទៅមួយ។ ហេតុដូច្នេះហើយមនុស្សគ្រប់រូបគួរតែត្រូវបានលើកទឹកចិត្តនិងផ្តល់អំនាចក្នុងការចែករំលែកពីបទពិសោធន៍របស់ខ្លួនទៅកាន់មនុស្សផ្សេងទៀត និងលើកទឹកចិត្តឲ្យពួកគេក្លាហានក្នុងការស្វែងរកជំនួយប្រសិនបើពួកគេត្រូវការវា។
- ការកាត់បន្ថយពេលវេលានៅលើប្រព័ន្ធអនឡាញ៖ ពួកយើងអាចប្រើយុទ្ធសាស្រ្តត្រៀមទុកជាមុនដើម្បីកំណត់ពេលវេលាដែលយើងចង់ចំណាយនៅលើប្រព័ន្ធអនឡាញ ឧទាហរណ៍ការបិទទូរសព្ទនៅពេលវេលាជាក់លាក់ណាមួយ នៅពេលដែលអ្នកចូលគេង ឬនៅជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ ពួកយើងក៏អាចបិទសញ្ញាផ្តល់ដំណឹងដែលមិនចាំបាច់ ដែលវានឹងធ្វើឲ្យយើងពិបាកក្នុងការផ្តោតលើកិច្ចការផ្សេងៗ។ នៅមានវិធីសាស្ត្រផ្សេងៗជាច្រើនទៀតដែលនឹងជួយយើងគ្រប់គ្រងពេលវេលា ហើយយើងគួរតែប្រើប្រាស់វាឲ្យមានប្រសិទ្ធភាព។
- ផ្លាស់ប្តូរចំនុចផ្តោតរបស់យើង៖ មនុស្សភាគច្រើនបានងាកមករកទូរសព្ទនិងឧបករណ៍អេឡិចត្រូនិចនានាដើម្បីបំបាត់ភាពអផ្សុករបស់ពួកគេ។ ប៉ុន្តែតើវាមានន័យថាពួកគេកំពុងគេចចេញពីពិភពលោកពិតប្រាកដរបស់ពួកគេដោយជំនួសដោយពិភពលោកឌីជីថលឬ? ការជ្រើសរើសយកបណ្តាញសង្គមឬទម្រង់ណាមួយតែងមានភាពងាយស្រួល ប៉ុន្តែជាការពិតណាស់យើងនៅមានវិធីកែអផ្សុកជាច្រើនផ្សេងទៀតដែលផ្តល់សុខភាពនិងមានប្រសិទ្ធភាពដល់ពួកយើង។ ឧទាហរណ៍ប្រសិនបើអ្នកមានអារម្មណ៍ធុញ លោកអ្នកអាចធ្វើលំហាត់ប្រាណ ឬបង្កើតចំណង់ចំណូលចិត្តថ្មី។ លទ្ធផលបានបង្ហាញឲ្យឃើញពីតុល្យភាពរវាងការធ្វើទំនាក់ទំនងលើប្រព័ន្ធអនឡាញនិងក្រៅប្រព័ន្ធអនឡាញ ហើយវាក៏មានន័យថាពួកយើងមិនចាំបាច់នៅជាប់ជាមួយអេក្រង់របស់ពួកយើង២៤/៧នោះដែរ។
- ចំណាយពេលឆ្លុះបញ្ចាំងពីខ្លួនឯងនិងនៅឆ្ងាយពីអេក្រង់៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចំណាយពេលដើម្បីស្វែងយល់ពីចិត្តនិងតាមដានការគិតរបស់អ្នក។ អ្នកអាចសាកល្បងសរសេរកំណត់ហេតុប្រចាំថ្ងៃឬធ្វើសមាធិ រក្សាទុកការចងចាំល្អៗ និងអនុវត្តការដឹងគុណចំពោះមនុស្ស និងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងក្នុងជីវិតអ្នក។
ខាងលើគឺជាគន្លឹះក្នុងការតាំងចិត្តដើម្បីឲ្យយើងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់យើងបន្ថែម ហើយវាក៏ជាជំហានដំបូងក្នុងការស្វែងយល់ថាតើយើងដែលជាបុគ្គលម្នាក់ៗអាចធ្វើអ្វីមួយបានដើម្បីសុខភាពផ្លូវចិត្ត។

ការចូលរួមពីសហគមន៍ទៅលើសុខភាពផ្លូវចិត្ត
ការបង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្តនិងលុបបំបាត់ការម៉ាកងាយជុំវិញប្រធានបទនេះតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីនៅក្នុងសង្គម។ ក្រៅពីការគ្រប់គ្រងសុខភាពផ្លូវចិត្តរបស់យើងបានយ៉ាងល្អ អ្វីដែលយើងម្នាក់ៗអាចធ្វើបាននោះគឺការផ្តល់ការគាំទ្រដល់មិត្តភក្តិនិងក្រុមគ្រួសាររបស់យើងដែលកំពុងជួបប្រទះបញ្ហានេះ។ តួយ៉ាងនិយោជកអាចបង្កើតកម្មវិធីសុខុមាលភាពនានាដែលបង្កើតបរិយាកាសស្និទស្នាលនិងផ្តល់ការយកចិត្តទុកដាក់នៅក្នុងអង្គភាពរបស់ខ្លួន។
រដ្ឋាភិបាលកំពុងបន្តធ្វើការពង្រឹងលើសេវាសុខភាពផ្លូវចិត្ត ដែលអ្នករាល់គ្នាអាចទទួលយកបាន។ ពួកគេក៏អាចសហការ ជាមួយនឹងវិស័យឯកជននិងសហគមន៍នានាដើម្បីស្វែងយល់ពីតម្រូវការនិងបង្កើតដំណោះស្រាយទាក់ទងនឹងបញ្ហាដែលមានស្រាប់។ ទាំងវិស័យរដ្ឋនិងឯកជននឹងត្រូវការការសហការកាន់តែជិតស្និទដើម្បីរួមគ្នាដោះស្រាយបញ្ហាដ៏សំខាន់មួយនេះ។
យុគឌីជីថលនេះបាននាំយកនូវបញ្ហាប្រឈមថ្មីជាច្រើន ហើយវាក៏ជារឿងសំខាន់ដែលឌីជីថលត្រូវចូលរួមចំណែកក្នុងការជួយឲ្យអ្នកប្រើប្រាស់របស់ខ្លួនមានផ្លូវចិត្តដែលរឹងមាំនិងធន់ទៅនឹងទម្រង់ឌីជីថលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទំនួលខុសត្រូវក្នុងការលើកកំពស់សុខភាពផ្លូវចិត្តមិនមែនជាទំនួលខុសត្រូវរបស់បុគ្គល អង្គភាព ឬភាគីណាមួយនោះទេ។ វាតម្រូវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ហើយគ្រប់គ្នាមានតួនាទីរបស់ខ្លួនក្នុងការចូលរួមចំណែកពង្រឹងសុខភាពផ្លូវចិត្តឲ្យកាន់តែប្រសើរឡើង និងជួយដល់អ្នកដទៃលុបបំបាត់នូវការម៉ាកងាយអំពីសុខភាពផ្លូវចិត្ត៕
