ថៃ៖ សាលារៀនរបស់ប្រទេសនេះបានបើកដំណើរការវិញជាលើកដំបូងហើយកាលពីថ្ងៃពុធនេះ ចាប់តាំងពីពាក់កណ្តាលខែមីនាដោយមានការបិទសាលាក្នុងការការពារប្រឆាំងនឹងមេរោគកូវីដ១៩ រាប់ចាប់ពីការត្រួតពិនិត្យសីតុណ្ហភាពរហូតដល់ដំឡើងគូបរបាំងការពារបណ្តោះអាសន្នសម្រាប់ការរក្សាគម្លាតសង្គមនៅក្នុងថ្នាក់រៀន។
នៅឯសាលារៀនមួយឈ្មោះ Sam Khok ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រខាងជើងទីក្រុងបាងកកសិស្សជិត ៥.០០០ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះរយៈពេល ១៥ ថ្ងៃមុនការចាប់ផ្តើមចូលរៀនឡើងវិញដើម្បីជាការប្រុងប្រយ័ត្នបន្ថែម។

លោក Chuchart បានមានប្រសាសន៍ថា “ នៅពេលដែលសិស្សមកដល់សាលារៀនគ្រូយករបាំងមុខមកអោយពួកគេពីព្រោះចាំបាច់ត្រូវតែពាក់វា” ។
លោកបន្តថា “សិស្សក៏ត្រូវពិនិត្យសីតុណ្ហភាពរបស់ពួកគេផងដែរហើយម៉ាស៊ីនស្កេនមុខអាចផ្ញើសារទៅឪពុកម្តាយដោយស្វ័យប្រវត្តិ”។
នៅក្នុងថ្នាក់រៀន សាលាបានប្រែក្លាយប្រអប់ក្រដាសកាតុងធ្វើជារបាំងដើម្បីធានាបាននូវការរក្សាគម្លាតរវាងតុសិស្ស។
សិស្សម្នាក់ឈ្មោះ Kanlaya Srimongkhol បាននិយាយថា“ ខ្ញុំមានអារម្មណ៍ល្អក្នុងការសិក្សានៅខាងក្រោយប្រអប់របាំងការពារនេះ ពីព្រោះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន” ។
ទោះយ៉ាងណា Soponwich Thianthong អាយុ ១៧ ឆ្នាំបាននិយាយថា “ខណៈពេលដែលគាត់មានអារម្មណ៍ថាមានសុវត្ថិភាព របាំងបានធ្វើឱ្យគាត់មានអារម្មណ៍មិនស្រួលនៅពេលកំពុងរៀនដោយសារពេលខ្លះបាំងភ្នែករបស់គាត់”។

វីរុសកូវីដ១៩នេះបានសម្លាប់មនុស្សចំនួន ៥៨ នាក់នៅក្នុងប្រទេសថៃក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ៣.១៧៣ នាក់ទោះបីជាប្រទេសនេះមិនបានកត់ត្រាករណីឆ្លងក្នុងស្រុកអស់រយៈពេល ៣៧ ថ្ងៃហើយក៏ដោយ។
រដ្ឋាភិបាលនៅសប្តាហ៍នេះបានបន្ថែមបទបញ្ជាបន្ទាន់មួយរហូតដល់ចុងខែកក្កដាក្នុងគោលបំណងចៀសវាងហានិភ័យនៃរលកទី ២ ទោះបីមានការបន្ធូរបន្ថយភាពរឹតត្បិតថែមទៀតដោយអនុញ្ញាតឱ្យជនបរទេសមួយចំនួនចូលក្នុងប្រទេសក៏ដោយ៕
ប្រភព៖ បាងកកប៉ុស្ត៍
អត្ថបទដោយ៖ ក្នុងស្រុក

