ខ្ញុំមិនដែលគិតទេថា នឹងធ្វើជាមនុស្សសាវា មានចិត្តវៀចវេរ ហើយក៏មិនដែលគិតដែលថា នឹងឈប់ស្រឡាញ់មនុស្សម្នាក់នោះ ព្រោះពេលដែលបានជួបគេ ចាប់ផ្ដើមស្គាល់គេ ក្លាយជាមនុស្សស្និទ្ធស្នាល ខ្ញុំក៏បានតាំងចិត្តថា គេជាមនុស្សចុងក្រោយហើយសម្រាប់ខ្ញុំ … យើងអាចជាមនុស្សដែលមិនសូវជាត្រូវគ្នាប៉ុន្មានទេ ព្រោះជាញឹកញាប់ គឺយើងតែងតែឈ្លោះគ្នាជាប្រចាំ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺ ព្រម និងតាមគាត់គ្រប់រឿង អត់ធ្មត់ សម្របចិត្ត ព្រោះក្នុងគំនិតរបស់ខ្ញុំមានតែម្យ៉ាងគត់គឺ ស្រឡាញ់គាត់ ដូច្នេះ វាមិនចាំបាច់ទេដែលត្រូវដណ្ដើម ចង់បានចាញ់ឈ្នះជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់។
ដំបូងៗ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនដែលមានចិត្ត ឬមានគំនិតឈប់ស្រឡាញ់គាត់ឡើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃ អ្វីដែលខ្ញុំអាចធ្វើបានគឺ រក្សាចិត្តស្រឡាញ់គាត់គ្រប់ពេល មិនថាគាត់សាងកំហុស រករឿងឈ្លោះគ្នាបែបណា ក៏ខ្ញុំមិនដែលយកចិត្តទុកដាក់ ឬមើលបំណាំនោះដែរ។ រយៈពេលជាច្រើនឆ្នាំ ដែលខ្ញុំនៅតែរក្សាចិត្ត និងអារម្មណ៍ល្អៗចំពោះគាត់ ហើយគាត់ក៏នៅតែរក្សាទម្លាប់ឈ្លោះ រករឿងមិនឈប់ គ្រប់ពេលគឺ គាត់ត្រូវតែជាអ្នកឈ្នះខ្ញុំគ្រប់រឿង សូម្បីតែរឿងដែលគាត់ធ្វើខុសមកលើខ្ញុំក៏ដោយ។ ខ្ញុំធ្លាប់បានសន្យានឹងខ្លួនឯងថា ទោះជាយ៉ាងណា ក៏ខ្ញុំមិនបោះបង់ ឬទុកគាត់ចោលដែរ បើទោះជាមានពេលខ្លះ យើងឈ្លោះគ្នា គាត់តែងតែដេញខ្ញុំចេញពីជីវិតគាត់ក៏ដោយ។

ប៉ុន្តែមានពេលមួយនោះ ខ្ញុំដឹងច្បាស់ថា អារម្មណ៍ខ្ញុំខុសប្លែកខ្លាំង ចាប់តាំងពីខ្ញុំបានជួបមិត្តភក្តិម្នាក់របស់គាត់។ ថ្ងៃមួយខ្ញុំអត់ស្រួលខ្លួន ខ្ញុំបាន Call ទៅគាត់ឱ្យមកយកខ្ញុំ ប៉ុន្តែគាត់រវល់ គាត់ក៏បានឱ្យមិត្តម្នាក់នោះរបស់គាត់មកទទួលខ្ញុំ ខ្ញុំបែរជាទទួលបានអារម្មណ៍មួយគឺ កក់ក្ដៅពេលនៅក្បែរមិត្តរបស់គាត់ មនុស្សម្នាក់នោះ យកចិត្តទុកដាក់ មើលថែ បារម្ភ សួរនាំខ្ញុំគ្រប់បែបយ៉ាង យកថ្នាំឱ្យខ្ញុំញុំា ហើយឱ្យខ្ញុំសម្រាកឱ្យបានស្រួលខ្លួន។ បន្ទាប់មក មនុស្សដែលខ្ញុំស្រឡាញ់ នាងក៏បានមកដល់ តែអ្វីដែលខ្ញុំបានឮមុនដំបូងពីមាត់របស់នាងគឺ “ធំហើយនៅឱ្យពិបាកដល់គេឯងទៀត …” ខ្ញុំមានអារម្មណ៍ថា គាត់ និងមិត្តរបស់គាត់ គឺខុសគ្នាដាច់ … ប៉ុន្តែខ្ញុំក៏មិនចង់រំឭក ព្រោះខ្ញុំគិតថា ធម្មតាទេ មនុស្សដែលគេទើបតែស្គាល់យើង គេប្រាកដជាល្អជាមួយនឹងយើងបែបហ្នឹងហើយ។
ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ សង្សាររបស់ខ្ញុំ គាត់តែងតែឈ្លោះ រករឿងមិនចេះចប់ សូម្បីតែរឿងមិនគួរជារឿង ក៏អាចកើតជាបញ្ហាបានដែរ យូរៗទៅ ខ្ញុំកាន់តែមានអារម្មណ៍ថា ធុញទ្រាន់ ហត់នឿយ ទោះទ្រាំនឹងគាត់ខ្លាំងប៉ុនណា ក៏មិនអាចស៊ូបានដែរ តែខ្ញុំនៅតែមិនដែលគិតចង់ចាកចេញពីគាត់ ព្រោះខ្ញុំដឹងថា បើសិនខ្ញុំមិនទ្រាំនឹងគាត់ទេ គ្មានអ្នកណាអាចនៅក្បែរគាត់បានឡើយ។ ប៉ុន្តែដ្បិតខ្ញុំមិនចាកចេញពីគាត់ តែមិនមែនមានន័យថា ចិត្តខ្ញុំនៅស្រឡាញ់គាត់ដូចដើមឡើយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានភាពកក់ក្ដៅ ពេលដែលនៅជាមួយគាត់ ខ្ញុំគ្មានក្ដីសុខ គ្មានសុភមង្គលទេ មានតែរឿងឈឺក្បាល។ ប៉ុន្តែដោយសារតែខ្ញុំចាប់ផ្ដើមស្គាល់គ្នាជាមួយនឹងមិត្តរបស់គាត់ ខ្ញុំក៏អាចបន្លប់ចិត្ត បំភ្លេចអារម្មណ៍តានតឹងដែលគាត់ធ្វើឱ្យខ្ញុំស្មុគស្មាញ ព្រោះតែមានមនុស្សជជែកលេងជាមួយ។

#អ្នកខូចចិត្តជួបអ្នកខូចចិត្ត
វាប្រហែលអាចចាប់ផ្ដើមពីពេលនេះហើយមើលទៅ ដែលខ្ញុំច្បាស់ក្នុងចិត្តថា ខ្ញុំបានស្រឡាញ់ និងអាណិតមិត្តរបស់គាត់ជាខ្លាំង។ ព្រោះមានថ្ងៃមួយនោះ មិត្តរបស់គាត់ខូចចិត្តព្រោះរឿងសង្សារក្បត់ ចំណែកខ្ញុំក៏ខូចចិត្តព្រោះសង្សារខ្ញុំរករឿងឈ្លោះគ្នា ហើយគេក៏ត្រូវគ្រួសាររៀបចំឱ្យរៀបការជាមួយអ្នកផ្សេងទៀត ខ្ញុំរឹតតែគ្មានសង្ឃឹម ប៉ុន្តែខ្ញុំដឹងថា ខ្ញុំក៏បានអស់ចិត្តពីសង្សារខ្ញុំហើយ តែខ្ញុំបែរជាមកប្រទះមនោសញ្ចេតនាជាមួយនឹងមិត្តភក្តិរបស់គាត់ទៅវិញ។ ព្រោះតែការអាណិត បានអន្ទងចិត្តខ្ញុំឱ្យស្រឡាញ់ថ្មីដោយអចេតនា តែអ្វីដែលខ្ញុំមិនអាចហាមាត់បានគឺ ទី១ គាត់ជាមិត្តភក្តិសង្សារខ្ញុំ ទី២ គាត់មានសង្សារ មានមនុស្សដែលគាត់ស្រឡាញ់ហើយ។ ខ្ញុំក៏ដឹងថា ខ្ញុំមិនគប្បី ចំពោះទំនាក់ទំនងមួយនេះ ខ្ញុំខុសដែលមិនគួរបណ្ដោយឱ្យអារម្មណ៍មួយនេះកើតឡើងបាន។

#អារម្មណ៍ពិត ខ្ញុំដឹងថា វាជាហេតុផលមិនត្រឹមត្រូវ តែខ្ញុំនៅតែសម្រេចចិត្តបែបហ្នឹង ខ្ញុំមិនបោះបង់សង្សារចាស់ខ្ញុំចោលទេ ទោះយ៉ាងណា យើងនៅតែជាមិត្តល្អ តែខ្ញុំក៏មិនអាចបញ្ឈប់ចិត្តស្រឡាញ់មិត្តភក្តិរបស់គាត់បានដែរ ព្រោះជាមនុស្សម្នាក់ដែលផ្ដល់នូវអារម្មណ៍មួយដែលខ្ញុំមិនធ្លាប់ទទួលបាន គាត់ផ្ដល់ឱ្យនូវអារម្មណ៍គ្រប់យ៉ាងដែលខ្ញុំខ្វះខាត។
ខ្ញុំគ្មានចេតនាឈប់ស្រឡាញ់មនុស្សខ្ញុំធ្លាប់ស្រឡាញ់ទេ តែមកពីគេដែលតែងតែបង្ហាញនូវទង្វើ អាកប្បកិរិយា កាយវិការធ្វើឱ្យខ្ញុំអស់ចិត្ត ធ្វើឱ្យខ្ញុំឆ្អែតចិត្ត ហើយទ្រាំបន្តលែងបាន ខ្ញុំអាចទ្រាំធ្វើជាមិត្តល្អ តែមិនអាចបន្តការស្រឡាញ់ក្នុងនាមជាមនុស្សដែលស្រឡាញ់ដូចកាលពីមុនបានឡើយ។ ព្រោះអ្វីដែលគេបានធ្វើមកលើខ្ញុំ គឺគ្រប់គ្រាន់ហើយ វាបានបំផ្លាញនូវទំនុកចិត្ត ភាពជឿជាក់ មនុស្សសញ្ចេតនា និងអារម្មណ៍ល្អៗដែលខ្ញុំមានឱ្យគេ ដូច្នេះ វាមិនមានទៀតទេចាប់ពីពេលនេះតទៅ។
ខ្ញុំគ្មានចេតនា ស្រឡាញ់មិត្តរបស់សង្សារចាស់ខ្ញុំឡើយ ប៉ុន្តែភាពស្និទ្ធស្នាល កាយវិការយកចិត្តទុកដាក់ ចរិត បុគ្គលិកលក្ខណៈ គ្រប់យ៉ាងដែលគេមាន គឺជាអ្វីដែលខ្ញុំតែងតែប្រាថ្នាចង់បានពីមនុស្សដែលខ្ញុំស្រឡាញ់។ មនុស្សដែលខ្ញុំស្រឡាញ់ មិនដែលធ្វើសម្រាប់ខ្ញុំទេ តែមិត្តភក្តិរបស់គេ បែរជាអាចផ្ដល់ឱ្យខ្ញុំបានទៅវិញ។ ពេលខ្លះ ខ្ញុំក៏ខឹង និងបន្ទោសខ្លួនឯង ដែលមិនអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯងបាន តែមនោសញ្ចេតនា ការស្រឡាញ់ អារម្មណ៍ ចិត្ត បេះដូង គ្មានអ្វីអាចគ្រប់គ្រងបានឡើយ បើវាកើតឡើងហើយ ចង់ ឬមិនចង់ ក៏មិនអាចបង្ខំ ឬបញ្ឈប់បានដែរ មានតែបណ្ដោយតែកម្សួលមួយឆាវតែប៉ុណ្ណោះ។
#សុំទោសមនុស្សខ្ញុំស្រឡាញ់ #អរគុណមនុស្សស្រឡាញ់ខ្ញុំ
#មនុស្សចុងក្រោយ #ក្នុងស្រុករក្សាសិទ្ធិ

