#បែកគ្នាទាំងចិត្តយើងនៅស្រឡាញ់

គ្មាននរណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនកំពុងតែស្រឡាញ់នោះទេ តែបើយើងមិនព្រមបែក ក៏ចិត្តគេមិននៅនឹងយើងដែរ ព្រោះគេបានអស់ចិត្តពីយើងហើយ បើយើងនៅឱបក្រសោបគេទុក គឺស្មើនឹងបំផ្លាញតម្រូវការ និងអនាគតរបស់គេ ហើយក៏រឹតតែធ្វើឱ្យខ្លួនឯងគ្មានក្ដីសុខ ព្រោះឱបមនុស្សដែលអស់ចិត្ត មានតែភាពក្ដៅរោលរាល វាមិនមែនជាអារម្មណ៍កក់ក្ដៅនោះឡើយ។
ការដែលព្រមដោះលែងឱ្យគេទៅ វាជាការបំពេញនូវតម្រូវការរបស់មនុស្សដែលយើងស្រឡាញ់ ដើម្បីឱ្យគេបានទៅជួបមនុស្សដែលគេស្រឡាញ់។ ដឹងទេថាអារម្មណ៍មួយហ្នឹង វាឈឺចាប់ខ្លាំងប៉ុនណា យើងមិនចង់ទេ តែយើងក៏មិនអាចឃាត់គេបានដែរ។
បែកទាំងចិត្តនៅស្រឡាញ់ ដូចកាត់បេះដូងខ្លួនឯង បំផ្លាញមនោសញ្ចេតនារបស់ខ្លួនឯងអ៊ីចឹង ចង់ប្រាប់គេថា យើងឈឺចាប់ ចង់ប្រាប់គេថា យើងមិនចង់បាត់បង់គេទេ តែហារមាត់មិនរួច ព្រោះទោះបើយើងប្រឹងហារមាត់ឃាត់គេ ក៏គេមិនអាចនៅជាមួយយើងដែរ ព្រោះគេបានសម្រេចចិត្តជ្រើសយកអ្នកថ្មីហើយ។ ចុងក្រោយ យើងបានត្រឹមតែមានឈ្មោះជាមនុស្សអតីត ជាមនុស្សធ្លាប់ស្និទ្ធិ គឺគ្រាន់តែជាមនុស្សដែលធ្លាប់ស្រឡាញ់តែប៉ុណ្ណោះ។
#ស្រឡាញ់មនុស្សដែលគេមិនបានស្រឡាញ់យើង

អារម្មណ៍ពេលខ្លះគឺ អាណិតខ្លួនឯង អាណិតដែលបានត្រឹមតែស្រឡាញ់គេតែម្ខាង អាណិតដែលខ្លួនឯងមិនមានសិទ្ធិសូម្បីតែប្រាប់គេថា យើងស្រឡាញ់គេ យើងមិនមានសិទ្ធិសូម្បីតែប្រាប់គេថា យើងនឹកគេ ព្រោះយើងត្រឹមជាមនុស្សដែលស្រឡាញ់គេតែម្ខាង មិនបានត្រូវជាអ្វីនឹងគេនោះឡើយ។
ហើយក៏មានពេលខ្លះទៀត កើតចិត្តច្រណែន អន់ចិត្ត ច្រណែននឹងមនុស្សដែលគេស្រឡាញ់ ច្រណែននឹងអ្នកដែលគេមានសិទ្ធិនៅក្បែរអ្នក ច្រណែនហេតុអ្វីម្នាក់នោះមិនមែនជាខ្ញុំ? អន់ចិត្តខ្លាំង អន់ចិត្តដែលខ្លួនឯងត្រឹមតែជាមនុស្សដែលអ្នកមើលរំលង។
ពេលខ្លះចង់ទាមទារឱ្យអ្នកបើកឱកាសឱ្យមនុស្សម្នាក់នេះ ចង់ឱ្យអ្នកផ្ដល់អារម្មណ៍មួយចំណែក ដើម្បីតបនឹងការស្រឡាញ់ដែលខ្ញុំបានផ្ដល់ឱ្យអ្នក តែវាមិនអាចទេ ព្រោះអ្នកមិនបានមកសុំ ឬបង្ខំឱ្យខ្ញុំទៅស្រឡាញ់អ្នកនោះឡើយ តើឱ្យធ្វើបែបណា? កាត់ចិត្តបែបណា?
ការស្រឡាញ់គេតែម្នាក់ឯង អារម្មណ៍ពេលខ្លះ វាពិបាកគ្រប់គ្រងណាស់ ចង់ក្បែរអ្នក ចង់មានសិទ្ធិស្រឡាញ់អ្នកឱ្យពេញលេញដូចគេម្នាក់នោះ តែមិនអាចទេ។ ចុងក្រោយ យើងបានត្រឹមតែជាមនុស្សដែលគេមើលរំលង យើងគ្រាន់តែជាមនុស្សដែលស្រឡាញ់គេតែម្នាក់ឯង គេមិនបានស្រឡាញ់យើងវិញទេ គេគ្រាន់តែធ្វើល្អនឹងយើងមួយពេល ដូចដែលគេធ្វើល្អជាមួយអ្នកផ្សេងដែរ មិនមែនគេល្អជាមួយើងតែម្នាក់ឯណា៕
អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

