
រដូវបុណ្យភ្ជុំបិណ្ឌ
ចាប់តាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះពពួកប្រេតអាចមានឱកាសច្រើនក្នុងការស្វែងរក ចំណីអាហារ ជាងរដូវផ្សេងៗទាំងអស់។ ម្យ៉ាងវិញទៀតនៅក្នុងវស្សានរដូវ អាហាររបស់ពួកប្រេត ដូចជាភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ សម្បូរនៅក្នុងខែភ្លៀងផ្គរពព្រិច។ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈ ពេល១៥ថ្ងៃនេះ មានពពួកបេតជន (ពួកប្រេត) សាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលអត់ឃ្លានអាហារអស់រយៈ ពេលជាច្រើនខែមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងអនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិនៅ តាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារផ្សេងៗ មកឧទ្ទិសកុសលឲ្យខ្លួន។ ម្យ៉ាងវិញទៀត បើតាមសម្ដីចាស់ៗបុរាណនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ បើពពួកបេតជនទាំងអស់នោះដើរស្វែងរកញាតិចំនួន៧វត្ត នៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកយំទន្ទ្រាំជើង…

















