
ផ្នែកមួយនៃប្រវត្តិសាស្រ្តកោះតៃវ៉ាន់ ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ (ការបង្កើតរូបមន្ត ខ្លួន១ ក្បាល២)
កោះតៃវ៉ាន់ គឺជាកូនប្រទេសតូចមួយស្ថិតនៅតំបន់អាស៊ីខាងកើត ដែលមានផ្ទៃក្រឡាសរុប ៣៥ ៩៨០គីឡូម៉ែត្រការ៉េ ខណៈក្នុងឆ្នាំ២០១៨ កន្លងទៅមានប្រជាពលរដ្ឋសរុបប្រមាណជិត២៤លាននាក់។ បើសិនជាលើកឡើងអំពីកូនប្រទេសមួយនេះ អ្នកអានភាគច្រើនប្រាកដជានឹកឃើញទៅដល់វីរៈបុរស ឬជាស្ថាបនិកកូនប្រទេសមួយនេះ នោះគឺអ្នកនយោបាយចិន ចាង ខៃចៀក (Chiang Kai-Shek) ជាក់ជាមិនខាន។ ប្រទេសរហ្សនាម កូននាគ១ ក្នុងចំណោមកូននាគទាំង៤នៅអាស៊ីនេះ ក៏ជាបញ្ហាចម្បងនៃទំនាស់ខ្លាំងមួយរវាងមហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក/ចិន/សូវៀត ជាដើមផង។ ភាពស្មុគស្មាញជាច្រើនបានកើតឡើងនៅអំឡុងដើមឆ្នាំនៃសង្គ្រាមត្រជាក់ ពោលគឺក្រោយសង្គ្រាមលោកលើកទី២។ នៅក្នុងឆ្នាំ១៩៤៩ ចាង ខៃចៀក (Chiang Kai-Shek) ដែលបានចាញ់ក្រោមស្នាដៃពួកកុម្មុយនីស៍ចិន ម៉ៅ សេទុង បានរត់ភៀសខ្លួនមកបង្កើតរដ្ឋាភិបាលចិនមួយនៅលើកោះតៃវ៉ាននេះឯង ខណៈគ្រានោះមានប្រជាពលរដ្ឋរត់ភៀសខ្លួនមកតាមប្រមាណ១.២លាននាក់។…




















