
ត្រូវស្រឡាញ់របស់ដែលយើងមាន ចុះហេតុអ្វីយើងឈប់ដាំផ្កាក្ងោក?
ផ្កាក្ងោក ឬផ្កាត្រសេក ឬផ្កាក្ងោកបារាំង ត្រូវបានគេដឹងថាពេញនិយមដាំនៅតាមដងវិថីសំខាន់ៗនៅស្រុកខ្មែរយើង ជាពិសេសគឺនៅម្តុំមាត់ទន្លេ និងវិមានឯករាជ្យ ដោយផ្កានេះពេលរីកពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ពណ៌ក្រហមឆ្អិនឆ្អៅ ពេលជ្រុះសន្លឹកផ្កាពេញផ្លូវគឺរឹតតែស្រស់ស្អាតទ្វេរដង។ តែទោះជាយ៉ាងណាមកទល់សព្វថ្ងៃនេះ ផ្កាក្ងោកត្រូវបានគេកាប់ចោលអស់មួយចំនួនធំ ស្ទើរតែរកមួយដើមគ្មាន ហើយដាំជំនួសដោយដើមឈើផ្សេងៗវិញ រហូតដល់ក្មេងៗស្រករក្រោយមិនស្គាល់ថា ផ្កាក្ងោក មានរូបរាងយ៉ាងណានោះទេ តែក៏មានបណ្តាខេត្តមួយចំនួននៅរក្សាការដាំផ្កាដែលមានសម្រស់ស្រស់ស្អាតនេះដដែល ដែលរួមដូចជា ខេត្តកំពតជាប់មាត់សមុទ្រ និងខេត្តបាត់ដំបងជាដើម។ តាមរយៈ Page ហ្វេសប៊ុក អ្នកនិពន្ធវ័យក្មេង-Khmer Copywriter ក៏បានសរសេរសំណេរមួយទាក់ទងនឹងផ្កាក្ងោកខ្មែរផងដែរ ដោយមានអត្ថន័យទាំងស្រុងថា៖ « មានមិត្តភក្តិជប៉ុនម្នាក់ប្រាប់ថា គាត់ស្រឡាញ់ផ្កាចំប៉ី ដែលដាំនៅសួនក្តាន់ពីរជាងផ្កាសាគូរ៉ារបស់គាត់ទៅទៀត ព្រោះផ្កាចំប៉ីរីកគ្រប់រដូវ…

