ច្បាប់ទាំង6មាត្រា ធ្វើឱ្យអ្នកប្រឡូកក្នុងសង្គមបានកាន់តែប្រសើរ!
តើអ្នកហ៊ានអានដែរឬទេ?
1. មាត្រាទី1
ពេលពិភាក្សាជាមួយដៃគូ ត្រូវតែនិយាយពីអ្វីដែលដៃគូយើងមានឱ្យបានច្រើន។ កុំចូលចិត្តនិយាយពីអ្វីដែលខ្លួនឯងមានច្រើនពេក។ មានមនុស្សជាច្រើនពេលពិភាក្សាគ្នា ចូលចិត្តនិយាយតែ អីយ៉ាខ្ញុំមានអានេះខ្ញុំមានអានោះ… តាមពិតទៅគេស្តាប់ឡើងធុញទៅហើយ។ ជាពិសេសពេលជជែកជាមួយអ្នកដែលខ្លាំងជាង ត្រូវតែនិយាយឱ្យតិចស្តាប់ឱ្យច្រើន អ្វីដែលអ្នកកំពុងតែមានបន្តិចបន្តួចនេះ នៅក្នុងកែវភ្នែកអ្នកដទៃ វាគ្មានអ្វីទាំងអស់។

2.មាត្រាទី2
ពេលញុំាបាយជាមួយមនុស្សពូកែជាងអ្នក សូមកុំចាំដល់ញុំារួច ហើយអ្នករត់តុយកបុងគិតលុយមកទើបដណ្តើមគ្នាចេញ “អីយ៉ាទុកឱ្យខ្ញុំចេញៗៗៗ” វិធីនេះវាក្លែងក្លាយ សម្តែងពេកហើយ។ អ្នកខ្លាំងគេនឹងរកលេសចេញទៅក្រៅហើយចេញលុយតែម្តង។ ធ្វើបែបនេះនឹងធ្វើឱ្យដៃគូស្រួលចិត្ត មានអារម្មណ៍ល្អជាមួយអ្នក ហើយពិន្ទុរបស់អ្នកក្នុងចិត្តគាត់ក៏បានខ្ពស់ដែរ។
3. មាត្រាទី3
បើមានរឿងតិចតួច សូមកុំទៅពឹងឱ្យគេជួយ។ ប្រសិនបើអ្នកពឹងឱ្យគេជួយ ពេលបញ្ចប់រឿងគួរតែមានកាដូជាសាគុណ(អាំងប៉ាវ) ទោះបីជាគេទទួល ឬមិនទទួលក៏ដោយ អ្នកឱ្យ ឬមិនឱ្យ គឺសុទ្ធតែមានភាពខុសគ្នា។ ជាពិសេសអ្នកខ្ចីលុយគេ អ្នកត្រូវតែស្វះស្វែងសងគេឱ្យបានមុនពេលកំណត់សន្យា ហើយត្រូវឱ្យការប្រាក់ ឬឱ្យអាំងប៉ាវបន្តិចជាការអរគុណទៅគេ។
នៅលើលោកនេះគ្មាននរណាម្នាក់ដែលថាមិនចង់បានការតបស្នងនោះទេ សូម្បីតែបងប្អូនសាច់ញាតិបង្កើត រួមទាំងឪពុកម្តាយផង ចិញ្ចឹមបីបាច់អ្នកឱ្យធំដឹងក្តីក៏ចង់ឱ្យចាស់ទៅបានអ្នកមើលថែគាត់វិញដែរ។

4. មាត្រាទី4
កុំនិយាយពាក្យពិតទៅកាន់គេពេក ពីព្រោះមនុស្សធម្មតាភាគច្រើន គឺមិនអាចទទួលស្តាប់ពាក្យពិតបានឡើយ។ ឧ.ហ អ្នកជំងឺម្នាក់ត្រូវការវះកាត់ អ្នកប្រាប់គាត់ថាវាមិនអីទេ អាត្រាជោគជ័យមានរហូតដល់80%ឯណោះ គាត់នឹងមានអារម្មណ៍សប្បាយចិត្ត។ ប្រសិនបើអ្នកប្តូរមកនិយាយថា ការវះកាត់របស់អ្នក អាត្រាបរាជ័យអាចមានរហូតដល់20%។ អ្នកនិយាយបែបនេះគេស្តាប់ហើយគឺពិបាកទទួលយកណាស់ ទោះបីជាវិធីនិយាយទាំងពីរនេះមានអត្ថន័យដូចគ្នាក៏ដោយ។
ដូច្នេះហើយមនុស្សដែលអាចទទួលស្តាប់ពាក្យពិតបានទើបជាបុគ្គលខ្លាំង ពីព្រោះពួកគេគឺគិតខ្វល់ឱ្យតែគេបានលូតលាស់ចម្រើន មិនមែនខំព្យាយាមការពារមុនមាត់ខ្លួនឯងនោះឡើយ។

5. មាត្រាទី5
សូមកុំជឿពាក្យសន្យាចេញពីមាត់របស់គេឱ្យសោះ ជាពិសេសគឺពាក្យសន្យារឿងស្នេហា។
មនុស្សប្រុសចូលចិត្តនិយាយថា បងនឹងស្រឡាញ់អូនអស់មួយជីវិត តាមពិតគឺមកពីពេលនេះគេមិនទាន់រកឃើញនារីដែលល្អជាងអ្នកប៉ុណ្ណោះ។
មនុស្សស្រីមាត់និយាយថាខ្ញុំមិនខ្វល់រឿងឡានរឿងផ្ទះអីទេ ខ្ញុំស្រឡាញ់បងព្រោះតែបងមានបេះដូងស្មោះឱ្យខ្ញុំ។ នោះអាចនិយាយបានថា អ្នកមានឡានមានផ្ទះរួចហើយ បើមិនដូច្នោះ គឺនាងមិនទាន់ធំដឹងក្តី។ នៅពេលដែលនាងដឹងក្តីយល់ពីសង្គម នាងនឹងនិយាយBye Bye ហើយប្រាប់អ្នកថា ចរិតយើងមិនត្រូវគ្នាទេ បែកគ្នាទៅ! អ្នកថាមើលមិនរលាយដូចអំបិលត្រូវទឹកហើយ! ត្រូវចាំថាក្នុងលោកនេះមនុស្សដែលស្រឡាញ់អ្នកទាំងអស់ គេសុទ្ធតែសម្លឹងឃើញអ្វីពីអ្នកទាំងអស់។

6. មាត្រាទី6
រៀនរស់ដោយអាត្មានិយមបន្តិចសមល្មម ទើបអាចការពារខ្លួនមិនត្រូវបានគេធ្វើឱ្យឈឺចាប់។ អាត្មានិយម ស្តាប់ទៅវាហាក់ដូចជាន័យអាក្រក់បន្តិច ប៉ុន្តែក្នុងលោកនេះ ក្រៅពីឪពុកម្តាយ និងលុយបន្តិចបន្តួចក្នុងហោប៉ៅរបស់អ្នកដែលមិនក្បត់ និងចេញពីអ្នក គ្រប់រឿងគ្រប់មនុស្សទាំងអស់សុទ្ធតែអាចក្បត់ នឹងអ្នកបានទាំងអស់។
រៀនធ្វើមនុស្សបេះដូងដែកចុះ ទោះជាពាក្យនេះមិនពីរោះស្តាប់ ប៉ុន្តែវាជាការពិត កុំបង់មនោសញ្ចេតនាជ្រាលជ្រៅឱ្យទៅគេខ្លាំងពេក រក្សាជំហកណ្តាល មានហេតុផល រក្សាគម្លាតរវាងគ្នា និងគ្នា ឱ្យតែអ្នកជាមនុស្សអាចនាំផលប្រយោជន៍ឱ្យគេដោយខានមិនបាន ប្រាកដជាគ្មាននរណាម្នាក់ព្រោះតែចរិតគ្មានមេត្តា ពិបាកចុះសម្រុង ពិបាកនិយាយគ្នារបស់អ្នក ហើយក៏ចាកចេញពីអ្នកឡើយ ពីព្រោះមនុស្សក្នុងលោកទាំងអស់សុទ្ធតែជាក់ស្តែងណាស់!៕

ប្រភព ៖ https://www.facebook.com/watch/?v=851056272122795
បកប្រែដោយ ៖ សុខ គឹមទៀវ

