#រៀនចេះដោយមិនដឹងខ្លួន
មនុស្សម្នាក់ៗតែងមានសមត្ថភាពរៀងៗខ្លួន។ អ្នកខ្លះមានសមត្ថភាពស្ដាប់ អ្នកខ្លះមានសមត្ថភាពនិយាយ អ្នកខ្លះមានសមត្ថភាពអាន ឯអ្នកខ្លះទៀតនោះបែរជាមានសមត្ថភាពខាងច្រៀងជាដើម។ សមត្ថភាពទាំងអស់នោះសុទ្ធតែមានធាតុសំខាន់ៗដោយឡែកពីគ្នា។ ចំពោះខ្ញុំវិញ ខ្ញុំអាចនិយាយបានថា ខ្ញុំចូលចិត្ដស្ដាប់ ចូលចិត្ដអាន ចូលចិត្ដសង្កេតមនុស្សជុំវិញខ្លួន។
នៅពេលដែលមាននរណាម្នាក់និយាយអ្វីនៅក្បែរខ្ញុំ ខ្ញុំអាចស្ដាប់បាននិងចាប់យកចំណុចសំខាន់ៗបានស្ទើរតែទាំងអស់ដោយការងាយស្រួល វាប្រៀបបានដូចគេបានបង្រៀនខ្ញុំពីជំនាញរបស់គេមកខ្ញុំយ៉ាងលម្អិតអ៊ីចឹងដែរ។ នេះប្រហែលជាខ្ញុំជាមនុស្សដែលចូលចិត្ដអានសៀវភៅចិត្ដសាស្រ្ដច្រើនក៏មិនដឹង។ នៅពេលខ្ញុំជជែកលេងជាមួយនរណាម្នាក់ ខ្ញុំចូលចិត្ដសួរ ចូលចិត្ដឆ្ងល់ ហើយក៏ចូលចិត្ដប្រើចិត្ដសាស្រ្ដជាមួយគេច្រើនដែរ។

ប្រសិនបើមានការណាត់ជួបជុំគ្នាពិភាក្សាពីអ្វីមួយជាមួយនរណាម្នាក់ អ្នកនោះនឹងអាចផ្ដល់ជាចំណេះដឹងមកឱ្យខ្ញុំដោយមិនដឹងខ្លួន ហើយខ្ញុំក៏ទទួលបានចំណេះដឹងទាំងនោះដោយមិនដឹងខ្លួនដែរ។ មែនទែនទៅ បុគ្គលដែលបានបង្ហាញនូវផ្នត់គំនិតចំណេះដឹងរបស់ខ្លួនមកខ្ញុំ គឺខ្ញុំអាចចាប់បាននិងចេះដឹងដូចបុគ្គលម្នាក់នោះបានដែរ។ ខ្ញុំក៏មិនដឹងខ្លួនដែរថា ខ្ញុំអាចធ្វើរឿងទាំងនេះបាន ហើយរឿងនេះវាអាចកើតចេញពីខ្លួនខ្ញុំបានសោះ។ នេះក៏ប្រហែលជាមកពីខ្ញុំឆ្លងកាត់នូវការទូន្មានអប់រំពីឪពុកម្ដាយខ្ញុំច្រើន ខ្ញុំអានសៀវភៅច្រើន ស្ដាប់បានច្រើន សង្កេតច្រើន និងឆ្លងកាត់នូវរឿងរ៉ាវគ្រប់រស់ជាតិជាច្រើនក៏មិនដឹងដែរ។ ខ្ញុំអាចចេះបានដូចគេ មានជំនាញដូចគេ ឬអាចចេះដឹងច្រើនជាងគេទៀតក៏មានដែរ ក្នុងរយៈពេលពិភាក្សាដ៏ខ្លីនោះ។
តាំងពីដើមមក ខ្ញុំមានញាណមួយក្នុងខ្លួន គឺឆាប់យល់ដឹងអំពីមនុស្សជុំវិញខ្លួន។ ទាំងនេះអាចកើតមានបាន ដោយសារខ្ញុំចូលចិត្ដខ្លាំងបំផុត គឺអានសៀវភៅចិត្ដសាស្ត្រច្រើនមែនទែន គឺអានប្រហែលជា៣០ប្រភេទខុសៗគ្នា។ ខ្ញុំអានសៀវភៅចិត្ដសាស្រ្ដទូទៅ សៀវភៅចិត្ដសាស្រ្ដវិញ្ញាណ សៀវភៅចិត្ដសាស្រ្ដអារម្មណ៍ សៀវភៅចិត្ដសាស្រ្ដកុមារ សៀវភៅចិត្តសាស្រ្តមនុស្សចាស់ សៀវភៅចិត្ដសាស្រ្ដផ្លូវភេទ សៀវភៅចិត្ដសាស្រ្ដអាកប្បកិរិយានិងឥរិយាបថ សៀវភៅចិត្ដសាស្រ្ដផ្នែកខាងខួរក្បាល ។ល។ ដែលទាំងនេះត្រូវបានបណ្ដុះក្នុងខួរក្បាលខ្ញុំតាំងពីតូចមកម្ល៉េះ លុះមកដល់ពេលខ្ញុំរៀនវិជ្ជាផ្នែកពេទ្យ គេក៏តម្រូវឱ្យរៀនផ្នែកចិត្ដសាស្រ្ដនេះបន្ថែមទៀត ទើបធ្វើឱ្យខ្ញុំកាន់តែជក់ចិត្តនិងរៀនសូត្របានពីចំណេះនេះកាន់តែច្បាស់ឡើងៗ។

នៅពេលដែលបានរៀនច្រើនពីផ្នែកចិត្តសាស្រ្តបែបនេះ ហើយក្នុងនាមខ្ញុំជាវេជ្ជបណ្ឌិតថែមទៀតនោះ ភាគច្រើននៅពេលមានមនុស្សណាម្នាក់ដើរចូលមកជួបខ្ញុំ គឺខ្ញុំអាចដឹងពីស្ថានភាពរបស់គេបានថា គាត់ជាមនុស្សប្រភេទណាបានជាង៧០%ទៅហើយ។ បើចំពោះអ្នកជំងឺវិញ គ្រាន់តែគាត់ដើរចូលមកដល់បន្ទប់ពិនិត្យ គឺខ្ញុំអាចប៉ាន់ស្មានថា គាត់មានបញ្ហាសុខភាពបែបណាទៅហើយ។ លើសពីនេះ ខ្ញុំតាំងពីដើមមក ខ្ញុំមានចំណូលចិត្ដគិតពីខ្លួនឯង គិតបងប្អូន គិតពីគ្រួសារ គិតពីអ្នកនៅជុំវិញ គិតពីសង្គមជាតិ ឬគិតពិភពលោក។
នៅពេលដែលខ្ញុំគិតច្រើនទៅ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាបានស្គាល់ខ្លួនឯង ដឹងខ្លួនឯងច្បាស់ បើមានអ្នកដទៃស្និទ្ធស្នាលជាមួយខ្ញុំ ក៏ខ្ញុំអាចដឹងពីគេបានច្រើនដែរ។ បន្ថែមលើសពីនេះ ខ្ញុំចូលចិត្ដអង្គុយមើលគេ សម្លឹងគេ មើលសកម្មភាពគេ មើលអាកប្បកិរិយា ស្តាប់ការនិយាយស្តីរបស់គេ បើការនិយាយស្តីនោះពាក់ព័ន្ធនឹងចំណេះដឹងឬព័ត៌មានអ្វីមួយនោះ គឺខ្ញុំឆាប់ចាប់បាននិងរៀនបានលឿនខណៈពេលនោះដែរ។ បន្ទាប់មកខ្ញុំគិតនិងព្យាយាមចងចាំនូវអ្វីដែលខ្ញុំបានដឹង បានឮនោះ ហើយបើឱ្យខ្ញុំនិយាយឡើងវិញ យ៉ាងហោចណាស់ ក៏ខ្ញុំអាចធ្វើបានពី៧០% ទៅ៨០%ដែរ ឬអាចចេះជាងគេទៀតក៏ថាបាន។

នេះក៏ប្រហែលខ្ញុំមានចំណេះដឹងទូលំទូលាយជាងអ្នកនិយាយនោះក៏មិនដឹង ឬដោយសារតែមូលហេតុខ្ញុំបានអានច្រើន យល់ច្រើន ដឹងច្រើន ហើយគួបផ្សំនឹងបទពិសោធក្នុងសង្គមយូរឆ្នាំថែមទៀត គឺកាន់តែបានជួយឱ្យខ្ញុំបានដឹងរឿងរ៉ាវច្រើនទៅៗរហូតបង្កើតបានភាពស៊ាំមួយក្នុងខួរក្បាលខ្ញុំក៏មិនដែរ។
ខ្ញុំអាចដឹងបានថា ខ្ញុំធ្លាប់មានពិសោធន៍ធ្វើការជាមួយនឹងមនុស្សជាច្រើនឆ្នាំមកហើយ មិនក្រោមជាង១ម៉ឺននាក់ទេ ហើយក៏បានសម្ភាសបុគ្គលិកក្នុងក្រុមហ៊ុនខ្ញុំមានជាងរាប់ពាន់នាក់ដែរ។ ក៏ប្រហែលតាមរយៈបែបនេះដែរ បានញ៉ាំងឱ្យខ្ញុំឆាប់ទទួលយកបាននូវចំណេះដឹង ព័ត៌មាន និងរឿងរ៉ាវនានាជាច្រើនទៀត។ ខ្ញុំអាចសន្មតបានថា ប្រការនេះអាចថាមកពីខ្ញុំមានទេពកោសល្យ ធ្លាប់មានបទពិសោធធ្វើការងារច្រើនពាក់ព័ន្ធនឹងវិស័យអប់រំ សុខាភិបាល និងអាជីវកម្ម ទើបធ្វើឱ្យខ្ញុំរៀនឆាប់ចេះ ចាប់ឆាប់បានលឿនយ៉ាងដូចនេះ៕
#ដកស្រង់ប្រសាសន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយក្រុមការងារ (MJQUP)

