អ៊ីរ៉ង់បានរឹបអូសនាវាដឹកសារធាតុគីមីដែលពាក់ទង់ជាតិកូរ៉េខាងត្បូងមួយនៅឈូងសមុទ្រពែរ្ស។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បន្ទាប់ពីមូលនិធិអ៊ីរ៉ង់ត្រូវបានគេបង្កកនៅធនាគារកូរ៉េខាងត្បូង ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

កប៉ាល់នេះបានធ្វើដំណើរពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់កំពង់ផែ Fujairah ក្នុងប្រទេសអារ៉ាប់រួម។ គេហទំព័រប្រតិបត្តិការពាណិជ្ជកម្មតាមសមុទ្រអង់គ្លេសបាននិយាយដូចខាងក្រោមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

“ UKMTO ដឹងថា អន្តរកម្មមួយបានកើតឡើងនៅព្រឹកនេះនៅចន្លោះខ្សែស្រប ០៦១៥ – ០៧៣៣Z ក្នុងច្រកសមុទ្រ Straits of Hormuz រវាងនាវាជំនួញ និងអាជ្ញាធរអ៊ីរ៉ង់។ ជាផលវិបាកនៃអន្តរកម្មនេះ នាវាជំនួញមួយនេះបានធ្វើការផ្លាស់ប្តូរទិសដៅទៅខាងជើងហើយ បន្តទៅដែនទឹកអ៊ីរ៉ង់”។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានចុះផ្សាយរូបភាពបង្ហាញអំពីទូកល្បឿនលឿនរបស់ឆ្មាំសមុទ្រអីរ៉ង់ដេញតាមនាវាដឹកប្រេង HANKUK CHEMI ដែលពួកគេបានកំណត់ថាជាដឹកអេតាណុលដល់ទៅ ៧.២០០ តោន។

របាយការណ៍បាននិយាយថា សមាជិកនាវិកដែលធ្វើការក្នុងនាវានេះត្រូវបានគេឃុំឃាំង រួមមានជនជាតិកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី វៀតណាមនិងមីយ៉ាន់ម៉ា ប៉ុន្តែមិនបានបញ្ជាក់ថាមានប៉ុន្មាននាក់ទេ។ នាវាដឹកប្រេងកំពុងត្រូវបានគេឃាត់ទុកនៅឯកំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់៕

