ភ្នំពេញ ៖ កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍មួយបានកើតឡើង បង្កឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ដោយាមានស្ត្រីឈឺពោះសម្រាលកូនម្នាក់ ឈ្មោះ កែម ស្រីនិច អាយុ ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលនៅចំណុចខាងលើ មានស្រុកកំណើត នៅភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា កែម ស្រីនិច នាងបានរៀបការ អស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែជីវិតប្តីប្រពន្ធរបស់នាង រស់នៅមិនចុះសម្រុងនឹងគ្នាទេ។ បញ្ហានេះក៏ដោយសារតែប្ដីគិតតែពីលួចមានស្រីថ្មី ហើយនាំស្រីថ្មីនោះទៅបាត់ អស់រយៈពេលជាច្រើនខែមកហើយ ដោយទុកឱ្យនាងរស់នៅជាស្ត្រីមេម៉ាយពពោះតែម្នាក់ឯង ជាមួយមុខរបរកម្មកររោងចក្រ ស្នាក់នៅក្រោមដំបូលផ្ទះជួលទាំងជីវភាពខ្វះខាត រហូតដល់ពោះធំគ្រប់ខែ។

លុះមកដល់រសៀលថ្ងៃទី០៣ ខែធ្នូ នាងមានអាការឈឺ និងចុកសៀតពោះ ហើយដើរចូលបន្ទប់ទឹក ស្រាប់តែបែកទឹកភ្លោះ សម្រាលកូនតែម្តង។
ក្រោយពេលមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបប្រជាពលរដ្ឋរាយការណ៍ទៅអង្គភាព៧១១ ហើយពួកគាត់បានបើករថយន្ដមកដឹក និងនាំស្រ្ដីខាងលើទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។ ប៉ុន្ដែដោយសារមើលឃើញពីជីវភាពរបស់នាងខ្វះខាតខ្លាំងពេក ក្រុមការងារសង្គ្រោះ៧១១ក៏បានផ្តល់ជាអំណោយ និងថវិកាមួយចំនួនថែមទៀតដល់នាង និងទារកកម្សត់៕




