កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង០៦ និង២០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តសង្គ្រោះបន្ទាន់ និងម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។
គួរបញ្ជាក់ផងដែរថា រថយន្តសង្គ្រោះបន្ទាន់ (AMBULANCE ) មួយគ្រឿងនេះ មានម៉ាក MAXUSV80 ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ គឺមានដឹកសពជនជាតិចិន១នាក់ និងសំណាកចំនួន៣កេស ទៅភ្នំពេញ ដើម្បីយកទៅធ្វើតេស្ត ពិនិត្យរកវីរុសកូវីត-១៩។
យ៉ាងណាមិញ ចំពោះសំណាកទាំង៣កេសនោះ ពុំមានការបែក ឬដាច់រហែកនោះឡើយ។ បន្ទាប់ពីកើតហេតុនេះហើយ សាកសពជនជាតិចិន និងសំណាកទាំង៣កេសនោះ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្ត មួយគ្រឿងទៀត មកដឹកបន្តឈ្ពោះទៅទីក្រុងភ្នំពេញ។
យោងតាមសេចក្ដីរាយការណ៍របស់មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុ អ្នកបើកបររថយន្តសាមុយមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ បានបើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបានបុកពីក្រោយម៉ូតូ សណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាកWAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ក្នុងទិសដៅស្របគ្នា អ្នកបើកបរម៉ូតូមានឈ្មោះ រាម ទូច ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយមក ទើបមានមន្ត្រីជំនាញចុះមកដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕







