ខែថ្មី ចាប់ផ្ដើមជីវិតថ្មី ដំរីដ៏កម្សត់មួយក្បាល ដែលបានរស់នៅក្នុងជីវិតដ៏ឯកាអស់រយៈពេលជិត១០ឆ្នាំមកហើយនោះ ពេលនេះបានមកចាប់ផ្ដើមជីវិតជាថ្មីនៅលើទឹកដីកម្ពុជា ដោយដំរីនេះបានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។
ដំរីឯកាមួយក្បាលនេះមានឈ្មោះថា Kaavan ដែលជាដំរីត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីឈ្នះក្ដី ដែលត្រូវបានតារាចម្រៀង Pop របស់អាមេរិក បានព្យាយាមទាមទាររកយុត្តិធម៌ និងសេរីភាពឱ្យវាវិញ តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

យ៉ាងណាមិញ បន្ទាប់ពីឈ្នះក្ដី និងទទួលបានសេរីភាពមកវិញហើយនោះ តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan។
ការធ្វើដំណើររបស់ Kaavan មកកាន់ប្រទេសកម្ពុជា បានមានការរួមដំណើរពីសំណាក់អ្នកចម្រៀងប៉ុបរបស់អាមេរិកឈ្មោះថា Cher មកជាមួយ និងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីកម្ពុជា ក៏ដូចជាការចូលរួមអបអរសាទរពីប្រជាជនកម្ពុជាទាំងមូលផងដែរ។ លើសពីនេះ គ្រាន់តែមកដល់ទឹកដីកម្ពុជាភ្លាម ក៏មានពពួកដំរីស្វាគមន៍ Kaavanផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Kaavan បានស្នាក់នៅក្នុងតំបន់ជម្រកសត្វព្រៃ
គូលេនព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យដោយមានសេរីភាព៕






