ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-19 សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានករណីជាសះស្បេីយ។
បុរសជនជាតិអាមេរិក អាយុ៦៩ឆ្នាំ ស្នាក់នី Apartment មួយកន្លែងនៅរាជធានីភ្នំពេញ បានធ្វើដំណើរពីសហរដ្ឋអាមេរិក និងបន្តជើងហោះហើរនៅតៃវ៉ាន់ បានមកដល់កម្ពុជានាថ្ងៃទី ១៣ វិច្ឆិកា ២០២០។ ជាលទ្ធផលនៃការធ្វើតេស្តវត្ថុសំណាកគឺឃើញវិជ្ជមាន បច្ចុប្បន្នបុរសរូបនោះបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ – សូវៀត។
គួរបញ្ជាក់ថា អ្នកដំណើរដែលបានរួមដំណើរតាមជើងហោះហើរជាមួយនឹងអ្នកជំងឺ គឺមានចំនួន៧១នាក់ បូករួមទាំងបុរសវ័យ៦៩ឆ្នាំរូបនោះ។ បច្ចុប្បន្ននេះ អ្នកដំណើរ៧០នាក់ផ្សេងទៀតបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន៕



