គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថា ឯកឧត្តម ភីធើ ស៊ីចាតូ ដែលជារដ្ឋមន្ត្រីការបរទេស និងពាជ្ជកម្មនៃប្រទេសហុងគ្រី តាមរយៈការចូលជួបធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជាយើងកាលពីថ្ងៃទី ០៣ វិច្ឆិកា ២០២០ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងគឺ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី។
បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រីរួចមកនោះ នារសៀលថ្ងៃដដែល លោក ភីធើ ស៊ីចាតូ ក៏បានអញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃ ប៉ុន្តែជាដំណឹងអកុសលដែលពេលលោកបានទៅដល់ទីនោះ ក៏ស្រាប់តែមានការធ្វើតេស្តឃើញមានវិជ្ជមាននៃជំងឺ Covid-19 ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជន និងប្រទេសកម្ពុជាយើងទាំងមូលមានការព្រួយបារម្ភ ដោយហេតុថា មានការជួបប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងឯកឧត្តម។

យ៉ាងណាមិញ មកទល់នឹងពេលនេះប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីដែលបានពាក់ព័ន្ធ បូកសរុបអ្នកដែលបានប៉ះពាល់ទាំងឡាយ ក៏បានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយប្រមូលវត្ថុសំណាកយកទៅធ្វើតេស្ត និងឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដាន និងពិនិត្យមើលលទ្ធផល។
យ៉ាងតែគួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហានេះ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនហាក់មានការមិនពេញចិត្តនឹងឯកឧត្ត ភីធើ ស៊ីចាតូ ក៏ដូចជាមានគំនិតអវិជ្ជមានជាច្រើនចំពោះរូបលោក ទាំងដែលរូបលោកក៏ជាជនរងគ្រោះចំពោះបញ្ហានៃជំងឺ Covid-19 នេះដែរ។ ដូច្នេះមកដល់ពេលនេះ យោងតាមប្រសាសន៍របស់ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “រដ្ឋមន្ត្រីការបរទេសហុងគ្រី លោកភីតធើ ហ្សីចាតូ គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA 20% ពីកម្ពុជា និងដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា និងជាអ្នកក្រោកឡើងបន្លឺសំលេងប្រឆាំងនឹងការជ្រៀ ជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ឧប្បត្តិហេតុនៃការចម្លងកូវីដ-19 មិនអាចធ្វើឱ្យប៉ះពាល់សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដាន ដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក ភីតធើ ហ្សីចាតូ ដែលបាននាំមកនូវផលចំណេញ ដល់ទំនាក់ទំនងទ្វេភាគីនោះទេ”។



