យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញផ្សាយជាសាធារណនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះបានឱ្យដឹងថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម បានសម្ដែងការសុំទោសយ៉ាងខ្លាំងមកកាន់កម្ពុជា តាមរយៈខ្សែទូរសព្ទជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចំពោះបញ្ហាដែលលោកបានផ្ទុកនូវវិជ្ជមានជំងឺ Covid-១៩ នៅពេលដែលលោកបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជានេះ។
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុង គ្រី ឯកឧត្តម ភីធើ ស៊ីចាតូ បានធ្វើតេស្តឃើញវិជ្ជមានវីរុស កូវីដ-១៩ ពេលបានទៅដល់ទីក្រុងបាងកក ទឹកដីប្រទេសថៃកាលពីយប់ថ្ងៃអង្គារ៍ បន្ទាប់ពីបានចាកចេញពីកម្ពុជា ក្រោយបញ្ចប់ការទស្សនៈកិច្ចរបស់លោក។
បន្ទាប់ពីបានដឹងថាលោក ភីធើ ស៊ីចាតូ ផ្ទុកវិជ្ជមាន Covid-១៩ មក ប្រមុខដឹកនាំ និងមន្ត្រីដែលបានជួបប្រាស្រ័យដោយផ្ទាល់ក្នុងហេតុការណ៍បាន និងកំពុងតែដាក់ឱ្យនៅដោយឡែកនៅកន្លែងធ្វើចត្តាណីស័ក។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដាក់ឈ្មោះឱ្យថា “ព្រឹត្តិការណ៍៣វិច្ឆិកា” ព្រោះតែហេតុការណ៍ត្រូវបានរកឃើញថា មានមនុស្សប្រមាណជា ១១៦៦ នាក់ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងលោក ភីធើ ស៊ីចាតូ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលមានវត្តមានក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គឺអ្នកដែលរកឃើញមានផ្ទុកកូវីដ១៩ មានចំនួន ៣ នាក់ដែលក្នុងនោះមានឯកឧត្ដម សូស យ៉ារ៉ា លោក ស វិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាមម្នាក់ផងដែរ ដែលចេញព័ត៌មានកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ម្សិលមិញនេះ។
យ៉ាងណាមិញមកដល់ពេលនេះ គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុប ៣០០ នាក់។ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយមានសរុប ២៨៨ នាក់ ខណៈនៅអ្នកឆ្លងចំនួន ១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត៕






