យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងពីការតាមដានស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះថា អេតូ បាននឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់ភាគខាងត្បូង ប្រទេសវៀតណាម និងប្រទេសខាងកើតប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា។ ដោយឡែកនៅលើសមុទ្រខាងកើតនៃប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ។ តាមការព្យាករ ព្យុះនេះនឹងវិវត្តទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រខាងត្បូង ហើយដំណើរនៃព្យុះនេះនឹងចូលមកដល់ភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃទី១៥ វិច្ឆិកា ដោយថមថយឥទ្ធិពលជាវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅភាគឦសានប្រទេសកម្ពុជា។
ស្ថានភាពបែបនេះធ្វើឱ្យ ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
- សីតុណ្ហភាពជាអប្បបរមា មានពី ២១ – ២៣ អង្សា
- សីតុណ្ហភាពជាអតិបរមា មានពី ២៨ – ៣០ អង្សា
នៅថ្ងៃទី ១១ – ១២ វិច្ឆិកា នឹងអាចមានភ្លៀងពីកម្រិតមធ្យមទៅច្រើន។
នៅថ្ងៃទី ១៥ - ១៧ វិច្ឆិកា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម។
២. បណ្ដាលខេត្តជាប់ជួរភ្នំ ដងរែក និងឦសានខ្ពង់រាប
- សីតុណ្ហភាពជាអប្បបរមា មានពី ២០ – ២១ អង្សា
- សីតុណ្ហភាពជាអតិបរមា មានពី ២៧ – ២៩ អង្សា
នៅថ្ងៃទី ១១ – ១២ វិច្ឆិកា នឹងអាចមានភ្លៀងពីកម្រិតមធ្យមទៅច្រើន។
នៅថ្ងៃទី ១៥ - ១៧ វិច្ឆិកា នឹងមានភ្លៀងធ្លាក់ ខ្យល់ក្នុងកម្រិតមធ្យម។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពជាអប្បបរមា មានពី ២២ – ២៤ អង្សា
- សីតុណ្ហភាពជាអតិបរមា មានពី ២៨ – ៣០ អង្សា
នៅថ្ងៃទី ១១ – ១២ វិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ។
នៅថ្ងៃទី ១៥ - ១៧ វិច្ឆិកា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់បង្គួរ៕


