សៀមរាប៖ យោងតាមការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ថា ការិយាល័យ “ច្រកចេញចូលតែមួយ” របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ។
លោកអភិបាលស្រុកបានបន្ថែមទៀតថា រដ្ឋបាលស្រុកនឹងប្តេជ្ញាថានឹងបម្រើសេវាសាធារណៈប្រកបដោយឆន្ទៈថ្មី ដែលជៀសវាងបាននូវ៖ ការចំណាយបន្ថែមមិនចាំបាច់ ភាពស្មុគស្មាញសាំញ៊ាំមិនចាំបាច់ និងពេលវេលាយឺតយ៉ាវមិនចាំបាច់។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានផ្តល់មតិណែនាំ និងអនុសាសន៍មួយចំនួនដូចជាកាត់បន្ថយរបស់ពលរដ្ឋ និងលប់បំបាត់ប្រព័ន្ធរត់ការ ជាពិសេសនៅលើសេវាផ្ទេរកម្មសិទ្ធិដីធ្លី ព្យាយាមធ្វើឱ្យក្លាយជារដ្ឋបាលស្រុកគំរូក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ ត្រូវជម្រុញ និងតម្រង់ទិសសក្តានុពល ”កសិទេសចរណ៍” ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។ បន្ថែមការយកចិត្តទុកដាក់ជាពិសេសដល់ក្រុមបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ និង”ក្រថ្មី” ដែលបានទទួលពលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ហើយដែលទើបទទួលបានការឧបត្ថម្ភថ្មីៗពីរាជរដ្ឋាភិបាល បន្ថែមពីលើមូនិធិសមធម៌សង្គមផ្សេងៗទៀតដែលមានស្រាប់។
ខាងក្រោមនេះជាសារទាំងស្រុងលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ៖
ផ្លូវការហើយ! ការិយាល័យ«ច្រកចេញចូលតែមួយ»របស់រដ្ឋបាលស្រុកបន្ទាយស្រីត្រូវបានប្រកាស និងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ។
នៅចំពោះមុខឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកបន្ទាយស្រីបានប្តេជ្ញាថានឹងបម្រើសេវាសាធារណៈប្រកបដោយឆន្ទៈថ្មី ដែលជៀសវាងបាននូវ៖– ការចំណាយបន្ថែមមិនចាំបាច់
– ភាពស្មុគស្មាញសាំញ៊ាំមិនចាំបាច់
– ពេលវេលាយឺតយ៉ាវមិនចាំបាច់
ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់មតិណែនាំ និងអនុសាសន៍មួយចំនួនដូចជា៖
– ត្រូវកាត់បន្ថយ និងឈានទៅដល់ការលប់បំបាត់ប្រព័ន្ធ”រត់ការ” ជាពិសេសនៅលើសេវាផ្ទេរកម្មសិទ្ធិដីធ្លី
– គួរព្យាយាមអនុវត្តខ្លួនអោយក្លាយជារដ្ឋបាលស្រុកគំរូនៅលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
– ត្រូវជម្រុញ និងតម្រង់ទិសសក្តានុពល”កសិទេសចរណ៍” ដោយកេងយកផលចំនេញពីវិស័យទេសចរណ៍ដែលមានស្រាប់នៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក
– បន្ថែមការយកចិត្តទុកដាក់ជាពិសេសដល់ក្រុមបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ និង”ក្រថ្មី” ដែលបានទទួលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ហើយដែលទើបទទួលបានការឧបត្ថម្ភថ្មីៗពីរាជរដ្ឋាភិបាល បន្ថែមពីលើមូនិធិសមធម៌សង្គមផ្សេងៗទៀតដែលមានស្រាប់។






















ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan
ដកស្រង់ដោយ៖ ក្នុងស្រុក

