អ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាសម្ដែងក្ដីហួសចិត្ត និង ឈឺចាប់ឥតឧបមា បន្ទាប់ពីបានឃើញវីដេអូមួយមានប្រភពមកពីប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ ដែលទាហានថៃបានបន្លឺសំឡេងសើចសប្បាយ ស្របពេលដែលពួកគេបានធ្វើសកម្មភាពផ្លោងគ្រាប់ចូលក្នុងតំបន់ប្រាសាទព្រះវិហារ បំផ្លាញប្រាសាទខ្មែរ ដែលជាមរតកបេតិកភណ្ឌពិភពលោក។

តាមរយៈវីដេអូប្រមាណជិត ៣០ វិនាទី បានបង្ហាញពីសកម្មភាពយោធាល្មោភសង្គ្រាមថៃ បានទម្លាក់គ្រាប់ផ្លោងទៅចំគោលដៅទីតាំងចំណុចប្រាសាទព្រះវិហារ ដែលជាមរតកសកលលោក UNESCO ខណៈទីតាំងបំផ្លិចបំផ្លាញ ក៏ជាទីតាំងនៃការជួសជុលប្រាសាទ ក្រោមជំនួយសហរដ្ឋអាមេរិកផងដែរ។

គូសបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏បានចេញសេចក្តីថ្លែងការណ៍ឱ្យបានដឹងថា នៅវេលាម៉ោង ៧:០០ នាទី ព្រឹក ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជាតាមំបន់មួយចំនួន រហូតបន្តមកដល់តំបន់ជុំវិញ និង ទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និង ជួសជុលគោបុរៈទី ៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី ៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។

ក្នុងករណីនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រកាសថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្តងទៀត នៅតំបន់ប្រាសាទព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និង ការជម្លៀសមន្ត្រី បុគ្គលិក ឆ្មាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាព។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និង ថៃ ដែលបានចុះហត្ថលេខាដោយនាយកដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និង ធ្វើជាសាក្សី ដោយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ
