AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣–នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំធំចុងក្រោយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវសម្រាកបីថ្ងៃដើម្បីចូលរួមអបអរ និងកម្សាន្តសប្បាយនឹង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។


តាមការគ្រោងទុក ព្រះរាជពិធីតាមបែបប្រពៃណីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៤ ដល់១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកចូលរួមឱ្យបានច្រើនកុះករ ខណៈដែលព្រះរាជពិធី នេះនឹងរៀបចំនៅកន្លែងដដែល ដូចដែលបានរៀបចំពីមុន គឺនៅតាមដងទន្លេសាបរហូតដល់ទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
នៅក្នុងឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមានសភាពអធិកអធមជាងបណ្តាឆ្នាំកន្លងមក ពីព្រោះថាឆ្នាំនេះគឺជាឆ្នាំទី១ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយពេលដែលបានផ្អាកអស់រយៈពេល៣ឆ្នាំ ដោយសារ តែការរីករាលដាលនៃមេរោគកូវីដ១៩ ជាបន្តបន្ទាប់។ ហើយចំណុចដែលនឹងញាំងឱ្យពិធីនេះ កាន់តែពិសេសទៀតនោះ គឺនេះជាពិធី ដំបូង ដែលកម្ពុជាដឹកនាំដោយអ្នកបន្តវេន គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ។ ដោយឡែកចំណុចសំខាន់មួយទៀត ដែលជាហេតុផលសមរម្យបំផុតនៅក្នុងការរៀបចំពិធីនេះផងដែរនោះគឺព្រឹត្តិការណ៍ នៃការសម្ពោធ និងការចាក់គ្រឹះរយៈពេល៣ខែដំបូង នៃរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដែលកើតពីការបោះឆ្នោតកាលពី ខែកក្កដា កន្លងទៅនេះ។
តាមការអះអាងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ឆ្នាំនេះ មានទូកចំនួន ៣៣៧ទូក និងប្រទីប ៣០ នឹងចូលរួមប្រណាំង និងបណ្តែត ក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ ដែលនេះគឺជាចំនួនច្រើនបំផុតមួយ។

ប្រភពដដែលបានឱ្យដឹងទៀតថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នាថ្ងៃទី២៦ ខែវិច្ឆិកា និងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបន្តថា ទូកដែលមកចូលរួមនៅក្នុងព្រះរាជពិធីនេះ មានទូកអុំចំនួន ១៥៨ទូក ទូកចែវបុរស ៤២ទូក ទូកចែវនារី ១ទូក ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក ហើយមានចំណុះទូកសរុបទាំងអស់ចំនួន ២០ ៤១៧ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។ ហើយសម្រាប់ប្រទីបគឺ មកពីក្រសួង និងស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន ២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប រហូតដល់មុខព្រះបរមរាជវាំង។
ក្រៅពីពិធីផ្លូវការនៅមុខព្រះបរមរាជវាំង នៅពេលព្រលប់នឹងមានការបាញ់កាំជ្រួច ការប្រគំតន្រ្តី ការរៀបចំស្តង់ពិព័រណ៍លក់ទំនិញ និងមានស្តង់អាហារ រួមទាំងកម្មវិធីជាច្រើនទៀត ដែលសុទ្ធតែផ្តល់នូវការកម្សាន្តរីករាយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមប្រុង ប្រយ័ត្នបញ្ហាមួយចំនួនផងដែរ ពីព្រោះតែយើងសប្បាយជ្រុលហើយភ្លើតភ្លើនជ្រុល យើងអាចនឹងនាំទុក្ខទោសដល់ខ្លួនយើង។

រឿងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ សូមកុំបារម្ភ ពីព្រោះអាជ្ញាធររាជធានីដែលជាម្ចាស់ផ្ទះ បានត្រៀមខ្លួនរួចរាល់អស់ហើយ ដោយនៅក្នុងនោះ សម្រាប់សមត្ថកិច្ចប៉ូលីស គឺនឹងដាក់ពង្រាយរហូតដល់ទៅ ៥០០០ នាក់ ដើម្បីធានាឱ្យប្រាកដថា ពិធីនេះនឹង ដំណើរការដោយរលូន និងប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។ ក្រៅពីសមត្ថកិច្ច ខាងក្រុមសង្រ្គោះក៏បានប្រុងប្រៀប ហើយដែរ ដោយមានការដាក់ពង្រាយបុគ្គលិកពេទ្យ ជាច្រើនកន្លែង ដូច្នេះនៅពេលមានបញ្ហានានា អំពីសុខភាព ឬ បញ្ហាសុវត្ថិភាព អ្វីមួយ សូមកុំស្លន់ស្លោរ សូមស្វែងរកអ្នកជំនាញដែលមានទីតាំងនៅកៀកបំផុតដើម្បីឆ្លើយតប។

ទោះបីជាយើងមានកងកម្លាំង អាជ្ញាធរសមត្ថកិច្ច និងមន្រ្តីសុខាភិបាលប្រចាំការចាំផ្តល់ជំនួយក៏ដោយ ក៏យើងជាពលរដ្ឋដែលជា ភ្ញៀវមករីករាយសប្បាយនឹងព្រឹត្តិការណ៍នេះ សូមកុំភ្លេចប្រុងប្រយ័ត្ន និងការពារខ្លួនយើងផងដែរ ជាពិសេសគឺបញ្ហាមួយចំនួន។
សូមប្រុងប្រយ័ត្ន និងចូលរួមយកចិត្តទុកដាក់លើការគ្រប់គ្រងកាកសំណល់របស់យើងម្នាក់ៗ តាំងពីដបទឹកសុទ្ធ កំប៉ុងកាហ្វេ កញ្ចប់ អាហារ សូមជួយម្ចាស់ការទុកដាក់ឱ្យបានត្រឹមត្រូវ ហើយក៏សូមម្ចាស់ការលើការបើកបរដើម្បីចៀងវាងគ្រោះថ្នាក់ជាយថាហេតុ ដោយសាតែចរាចរណ៍មកកាន់រាជធានីអាចនឹងមានការកកស្ទះ។
ក្រៅពីនោះ នៅពេលមកកម្សាន្តសូមកុំទទួលទានគ្រឿងស្រវឹងហួសកំណត់ ពីព្រោះតែស្រវឹង នឹងមានហានិភ័យជាច្រើនកើតមានឡើង ដូចជាអំពើហិង្សា បាត់បង់ម្ចាស់ការលើការការពារខ្លួន បើកបរបង្កគ្រោះថ្នាក់ ហើយក៏ងាយនឹងត្រូវគេបៀតបៀនលើរាងកាយដោយ ប្រការណាមួយផងដែរ។

ចំណុចមួយទៀតដែលត្រូវតែប្រុងប្រយ័ត្ន ជាពិសេសគឺក្រុមយុវវ័យ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ម្ចាស់ការការពារខ្លួននៅរាល់ សកម្មភាព ដែលអាចញាំងឱ្យយើងប្រើប្រាស់គ្រឿងញៀន។ សូមកុំចាញ់ការល្បួង ហើយជ្រុលខ្លួនសាកល្បង ពីព្រោះតែយើងសាក ដឹងតែរងទុក្ខដល់ខ្លួនឯង គ្រួសារ និងសង្គមហើយ។
បញ្ហាចាស់តែមិនទាន់អស់ឥទ្ធិពលនៃការព្រួយបារម្ភ គឺការរីករាលដាលនៃមេរោគអេដស៍ ពីព្រោះយើងអាចភ្លេចអេដស៍បាន ប៉ុន្តែ អេដស៍មិនដែលបំភ្លេចយើងទេ ហើយប្រសិនបើយើងមករីករាយ ហើយភ្លើតភ្លើនប្រឡូកប្រឡាក់នឹងការរួមភេទដោយ គ្មានសុវត្ថិភាព យើងអាចនឹងឆ្លង ហើយកាលណាឆ្លង គឺគ្មានអ្នកណារងទុក្ខក្រៅពីខ្លួនយើងនោះទេ ហើយក៏អាចនឹងនាំទុក្ខដល់គ្រួសារយើង ដែលមិនដឹងអ្វីថែមទៀតផង។
សរុបសេចក្តីមក ក្នុងអំឡុងព្រឹត្តិការណ៍បីថ្ងៃនៃការអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមទាំង អស់គ្នារីករាយប្រកបដោយការទទួលខុសត្រូវ នៅក្នុងនាមជាពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ សង្គម និងប្រទេស ហើយបន្ទាប់ ពីព្រឹត្តិការណ៍នេះបញ្ចប់ទៅ សូមខិតខំបំពេញការងារតាមភារកិច្ច និងទំនួលខុសត្រូវរៀងៗខ្លួន ដើម្បីរួមគ្នាបន្តដំណើរទៅមុខតាម គោលដៅដែលយើងបានកំណត់ ដើម្បីសង្គមយើងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងភាពសម្បូរសប្បាយ៕

